ភ្នំពេញ៖ ​វីរកីឡាការិនី ខាន់ ចេសា (Khan Jessa) បាន​ចូលរួម​លើក​មុខ​មាត់​ឲ្យ​ប្រទេស ​​កម្ពុជា ​ជា​ថ្មី​ម្តង​ទៀត ខណៈ​កីឡាការិនី​ធំធាត់​នៅ​អាមេរិក​រូប​នេះ បាន​យក​ឈ្នះ​កីឡាការិនី​ម្ចាស់​ផ្ទះ Napolis Jenma Kaila នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ឈ្នះ​មេដាយ​មាស​ទី ​៤ ឲ្យ​កម្ពុជា ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី ​៣០ នៅ​ប្រទេស ​ហ្វីលីពីន ​នោះ ចំណែក​ក្រុម​ចំបាប់​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ ​១ ​ហើយ។

សម្រាប់​ការ​ប្រកួត​លើ​ប្រភេទ​កីឡា​ជឺជិតស៊ូ ក្នុង​ទម្ងន់​​ក្រោម ​៤៩ ​គីឡូក្រាម កាល​ពី​ថ្ងៃ​ចន្ទ​​នោះ ខាន់ ចេសា ដែល​ជា​ម្ចាស់​មេដាយ​មាស កីឡាអាស៊ី លើក​ទី ​១៨ ឆ្នាំ ​២០១៨ នៅ​ឥណ្ឌូនេស៊ី​​នោះ បាន​យក​ឈ្នះ​វៀតណាម Duong Thi Thanh Minh ដោយ​ការ​​ប្រើ​ជើង​ទាំង ​២ ក្លេ​កៀប​ក បង្ខំ​ឲ្យ​គូ​ប្រកួត​សុំ​​ចុះ​ចាញ់ នៅ​ក្នុង​នាទីទី ​៤ ក្នុង​ការ​ប្រកួត ដែល​មាន ​៥ ​នាទី ហើយ ចេសា បាន​បន្ត​ប្រើ​ក្បាច់​ក្លេ បង្ខំ​ឲ្យ​កីឡាការិនី​សិង្ហបុរី សុំ​ចុះ​ចាញ់​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ផង​ដែរ ដើម្បី​យក​ឈ្នះ​លើ​ពិន្ទុ ១០០-០ ដូច​គ្នា។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ឡើង​ទៅ​ជួប​ Napolis Jenma Kaila នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ខាន់ ចេសា បាន​ចាញ់​ប្រៀប​លើ​គូ​ប្រកួត ធ្វើ​ឲ្យ​កីឡាការិនី​ម្ចាស់​ផ្ទះ​មាន​ពិន្ទុ​នាំ​មុខ ២-០ មុន​នៅ​ក្នុង​នាទីទី ​២ ប៉ុន្តែ​ម្ចាស់​មេដាយ​មាស​ពិភព​លោក​ច្រើន​ជំនាន់​រូប​នេះ បាន​ព្យាយាម​លើក​គូ​ប្រកួត ហើយ​ឈរ​កៀប​ទៅ​លើ​គូ​​ប្រកួត​តែ​ម្តង ដើម្បី​ទទួល​បាន ​២ ពិន្ទុ​ស្មើ​វិញ។

បន្ថែម​លើ​នេះ ​សម្រាប់​ការ​ប្រកួត​នៅ​នាទីទី​ចុង​ក្រោយ ខាន់ ចេសា បាន​ប្រើ​ជើង​កៀប​ក​ទៅ​លើ​ Napolis Jenma Kaila ​រហូត​ចប់​ម៉ោង​ប្រកួត ហើយ​គណៈកម្មការ​វិនិច្ឆ័យ ​បាន​សម្រេច​ឲ្យ​វីរកីឡាការិនី​កម្ពុជា​រូប​នេះ ទទួល​បាន​ជ័យជម្នះ​តាមរយៈ​ការ​មាន​ប្រៀប​លើ​ការ​ប្រើ​ក្បាច់​ក្លេ​នេះ​តែ​ម្តង បើ​ទោះ​បី​ជា​អ្នក​ទាំង ​២ មាន ​២ ពិន្ទុ ស្មើ​គ្នា​ក៏​ដោយ។

ជាមួយ​​ការ​ឈ្នះ​បាន​មេដាយ​មាស​របស់ ខាន់ ចេសា នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា ឡើង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី ​៧ ក្នុង​ចំណោម​ប្រទេស​ទាំង ​១១ លើ​ប្រទេស ​មីយ៉ាន់ម៉ា ប្រ៊ុយណេ ឡាវ និង​ទីម័រ​ខាង​កើត ​ជា​ថ្មី​ម្តង​ទៀត​គិត​ត្រឹម​យប់​ម៉ោង ​៨ ថ្ងៃ​ចន្ទ​នោះ ដោយ​កម្ពុជា​មាន​មេ​ដាយ​សរុប​ចំនួន​៤១ ក្នុង​នោះ​មាន​មេដាយ​មាស ​៤ ប្រាក់ ​៦ និង​សំរឹទ្ធ​ចំនួន ​៣១។

ទោះយ៉ាង​ណា​​ក៏​ដោយ​ការ​ប្រកួត​​​ក្នុង​ទម្ងន់​​ក្រោម ​៦២ ​គ.ក្រ ​របស់​កីឡាករ ខូវ វីវឌ្ឍាណា ដែល​គេ​ស្គាល់​ថា ជា​គ្រូ​បង្វឹក​កីឡា​ជឺជីតស៊ូ​ប្រចាំ​នៅ​កម្ពុជា​នោះ គឺ​បាន​​ចាញ់​កីឡាករ​វៀតណាម Can Van Thang នៅ​ក្នុង​ការ​ប្រជែង​យក​មេដាយ​សំរឹទ្ធ បន្ទាប់​ពី​រូប​គេ បាន​​​ចាញ់​កីឡាករ​របស់​ហ្វីលីពីន ១០០-០ ក្នុង​វគ្គ​ជម្រុះ​លើក​ទី ​១ និង​ឈ្នះ​ម៉ាឡេស៊ី ១០០-០ ក្នុង​វគ្គ​ជម្រុះ​លើក​ទី ​២ ​នោះ។ ចំណែក​កីឡាករ ហួរ សេងហុង ដែល​ប្រកួត​ទម្ងន់​ក្រោម ​៦៩ ​គ.ក្រ បាន​ចាញ់​ហ្វីលីពីន និង​វៀតណាម ជាមួយ​ពិន្ទុ ១០០-០ ដូច​គ្នា។

ជាមួយ​គ្នា​នេះ​ក្រុម​ចំបាប់​កម្ពុជា ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​​ប្រភេទ​កីឡា​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​ប្រជែង​យក​មេដាយ​មាស​ឲ្យ​កម្ពុជា​នោះ ដណ្តើម​បាន​មេដាយ​សំរឹទ្ធ ​១ ​ហើយ ដែល​រក​បាន​ដោយ​កីឡាករ អេង ផានិត លើ​ការ​ប្រកួត​ក្រិចកូរ៉ូម៉ាំង ទម្ងន់ ​៦៣ ​គ.ក្រ។

ប៉ុន្តែ​សម្រាប់​ការ​ប្រកួត ​៤ ​វិញ្ញាសា​ទៀត បាន​ចាញ់​ទាំង​អស់ ដោយ​ក្នុង​នោះ​កីឡាការិនី ឌិត សំណាង ដែល​ប្រកួត​សេរី លើ​ទម្ងន់ ​៥០ គ.ក្រ បាន​ចាញ់​កីឡាការិនី​​ថៃ ៦-០ ចាញ់​វៀតណាម ៦-២ និង​ចាញ់​​ហ្វីលីពីន ៧-២ ក្នុង​វគ្គ​​ជម្រុះ​វិលជុំ​លើក​ទី ​៣។

ចំណែក​​ការ​ប្រកួត​ចំបាប់​ក្រិច​កូរ៉ូម៉ាំង​វិញ ​កីឡាករ​ទម្ងន់ ​៧២ ​គីឡូក្រាម កែវ សុភ័ក្រ្ត ​បាន​ចាញ់​វៀត​ណាម ៩-០ ចាញ់​ហ្វីលីពីន ៩-០ ចាញ់​ឡាវ ១០-២ ហើយ​កីឡាករ​ទម្ងន់ ​៧៧ ​គីឡូ​ក្រាម ងួន មករា ​បាន​ចាញ់​វៀតណាម ៩-០ ចាញ់​ហ្វីលីពីន ៩-១ ចាញ់​ថៃ ៨-០ ខណៈ​កីឡាករ​ទម្ងន់ ​៨៧ ​គីឡូក្រាម ហេង វុទ្ធី បាន​ចាញ់​ហ្វីលីពីន ១០-១ ចាញ់​វៀតណាម ៨-០ និង​ចាញ់ថៃ ៦-០ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ដូច​គ្នា៕​