ក្រុង​ហាណូយ: គ្រាប់​បាល់ បញ្ចូល​ទី​នៅ​ដើមតង់​ទី ១ ពី​ខ្សែ​ប្រយុទ្ធ Nguyen Anh Duc បាន​ក្លាយជា​គ្រាប់​បាល់​កាត់​សេចក្តី ខណៈ​ដែល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​វៀតណាម បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ ម៉ាឡេស៊ី ក្នុង​លទ្ធផល ១-០ នា​កីឡដ្ឋាន​ជាតិ My Dinh កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​លើក​ពាន AFF Suzuki Cup ជា​លើក​ទី ២។

ក្រុម​ជម្រើសជាតិ​វៀតណាម បាន​ខ្ជះខ្ជាយ​គ្រាប់​បាល់​នាំមុខ ២ គ្រាប់ ដើម្បី​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ក្នុង​ការ​ប្រកួត​ជើង​ទី ១ ក្នុង​ទីក្រុង​គូឡាឡាំពួ កាល​ពី​ថ្ងៃ​អង្គារ សប្តាហ៍​មុន ប៉ុន្តែ Anh Duc បាន​រក្សា​ការ​មាន​ប្រៀប​របស់​ក្រុម​ខ្លួន នៅ​ពេល​ដែល​រូបគេ​បាន​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី​ពី​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់ ក្រោយ​ពី​លេង​បាន​ត្រឹម​តែ ៦ នាទី។

អ្នកចាំទី Dang Van Lam បាន​សង្គ្រោះ​បាល់ល្អៗជាច្រើន ដើម្បី​រក្សា​ការ​នាំ​មុខ​របស់​ក្រុម​ម្ចាស់​ផ្ទះ ខណៈ​ដែល​ពួកគេ​ដណ្តើម​បាន​ជ័យជម្នះ​ទាំង ២ ជើង​ក្នុង​លទ្ធផល ៣-២ និង​ឈ្នះ​ពាន​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ជា​លើក​ទី ១ បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០០៨ មក។

ក្រុម​ជម្រើសជាតិ​វៀតណាម បាន​មានប្រៀប​រួចជាស្រេច​ជាមួយនឹង​គ្រាប់​បាល់​ក្រៅ​ដី ២ គ្រាប់​ពី​ការ​ប្រកួត​ជើង​ទី ១ ហើយ​ពួកគេ​បាន​ចាប់ផ្តើម​យ៉ាង​ល្អ​ក្នុង​ទីក្រុង​ណាណូយ តាមរយៈ​ការ​រក​គ្រាប់​បាល់​នាំមុខ​មុន នៅ​ពេល​ដែល​កីឡាករ Nguyen Quang Hai បាន​បញ្ជូន​បាល់​ទៅ​ឲ្យ Anh Duc ដែល​ការ​ស៊ុត​ដោយ​ជើង​ឆ្វេង​របស់​គេ​បាន​ធ្វើ​ឲ្យ​អ្នក​ចាំទី Farizal Marlias មិន​អាច​រុញ​បាល់​ផុត​សំណាញ់​ទី​ឡើយ។

Mohamadou Sumareh ស្ទើរតែ​រកបាន​គ្រាប់​បាល់​តាម​ស្មើ​ទៅ​ហើយ​សម្រាប់​ក្រុម​ម៉ាឡេស៊ី នៅ​នាទី ទី ១១ ខណៈ​ដែល​ការ​ឆ្កឹះ​បាល់​ដោយ​ប្រើ​កែង​ជើង​របស់​គេ​បាន​រត់​ខុស​ទី​តែ​បន្តិច​ប៉ុណ្ណោះ ស្រប​ពេល​ដែល Do Hung Dung គួរ​តែ​អាច​រក​បាន​គ្រាប់​បាល់ ១ គ្រាប់​ទៀត​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​នៅ​នាទី ទី ៣៣ ក្រោយ​ពី​រូបគេ​ទទួល​បាន​បាល់​នៅ​ជ្រុង​ម្ខាង​នៃ​ប្រអប់​ទី ប៉ុន្តែ បាន​ស៊ុត​បាល់​ខុស​ទី។

អ្នកចាំទី Van Lam ត្រូវបាន​ដាក់​ឲ្យ​ចូល​លេង​នៅ​មុនពេល​បញ្ចប់​តង់​ទី ១ ដើម្បី​រុញ​បាល់​ពី​ការ​ស៊ុត​របស់​កីឡាករ Syahmi Safari ឲ្យ​ហោះ​រំលង​របារ​ទី ហើយ​រូបគេ​បាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​ម្តង​ទៀត នៅ​ដើម​តង់​ទី ២ ដើម្បី​សង្គ្រោះ​បាល់​ពី​ការ​តែត​របស់​កីឡាករ Sumareh នៅ​មុន​ពេល​សង្គ្រោះ​បាល់​ដ៏​ល្អ​មួយ​ផ្សេង​ទៀត​ដើម្បី​រារាំង​ការ​ស៊ុត​បាល់​ពិន័យ Free-kick របស់​កីឡាករ Safawi Rasid។

កីឡាករ ១០ នាក់ ក្នុងនោះ​វៀតណាម ៦ នាក់ និង​ម៉ាឡេស៊ី ៤ នាក់ បាន​រង​ពិន័យ​កាត​លឿង​សម្រាប់​ការ​ប៉ះទង្គិច​គ្នា ដែល​បាន​នាំ​ឲ្យ​ការ​ផ្តល់​កាត​ក្រហម​ដល់​កីឡាករ Shahrul Saad នៅ​ជិត​បញ្ចប់​ការ​ប្រកួត នៅ​ពេល​ដែល​រូបគេ​បាន​ទទួល​ការ​ពិន័យ​កាត​លឿង​ជា​លើក​ទី ២ របស់​គេ ក្រោយ​ពី​បាន​ប្រព្រឹត្ត​កំហុស​ទៅ​លើ​ការ​វាយ​សម្រុក​រហ័ស​របស់​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​វៀតណាម។

អ្នកចាំទី​អន្តរជាតិ​វៀតណាម​ដើមកំណើត​រុស្ស៊ី Van Lam បាន​និយាយ​បន្ទាប់​ពី​បញ្ចប់ ការ​ប្រកួត​ថា៖ «សម្រាប់​យើង ក្រោយ​ពី​រយៈពេល ១០ ឆ្នាំ យើង​ធ្វើ​បាន​ម្តង​ទៀត។ រាល់​ប្រជាជន​វៀតណាម​ទាំង​អស់ បាន រង់ចាំ​អស់​រយៈពេល ១០ ឆ្នាំ​មក​ហើយ​ហេតុ​នេះ យើង​ពិតជា​រីករាយ​ណាស់។ វា​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​អាច​ធ្វើ​បាន​ម្តង​ទៀត ក្នុង​រយៈពេល ១០ ឆ្នាំ ក្រោយ​ពី​ការ​ឈ្នះ​ពាន​ជា​លើក​ចុង​ក្រោយ។ ក្រុម​បាន​ប្រឹង​អស់​ពី​សមត្ថភាព»៕