ភ្នំពេញ៖ កីឡាករជើងខ្លាំងវ័យក្មេងរបស់កម្ពុជា វ៉ាន់ វឿន បានប្តេជ្ញាថា រូបគេនឹងប្រឹងប្រែងប្រកួតឲ្យអស់ពីលទ្ធភាព ដើម្បីប្រជែងជាមួយអ្នកប្រដាល់ថៃ Payak Insee យកឱកាសឡើងទៅវគ្គបន្តក្នុងការប្រកួតដណ្តើមខ្សែក្រវាត់មាស ប្រភេទទម្ងន់ ៥៧ គីឡូក្រាម នៅលើសង្វៀន PNN នារសៀលថ្ងៃអាទិត្យនេះ។
គិតត្រឹមថ្ងៃពុធម្សិលមិញ វ៉ាន់ វឿន នៅមិនទាន់ដឹងថា អ្នកប្រដាល់ថៃ Payak Insee មានសមត្ថភាព និងល្បិចប្រកួតកម្រិតណានោះទេ ប៉ុន្តែកីឡាករដែលដណ្តើមបានមេដាយសំរឹទ្ធទាំង ២ លើកនៅស៊ីហ្គេមរូបនេះ បានបង្កើនការហ្វឹកហាត់ខ្លាំងទាំងទៅលើកម្លាំងស៊ុហ្វ និងក្បាច់សម្លាប់ ដើម្បីត្រៀមតទល់ជាមួយ Payak Insee។
សិស្សគណក្លិបឃ្លាំងមឿងកីឡា វ៉ាន់ វឿន បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃពុធថា៖ «ខ្ញុំបានដឹងត្រឹមឈ្មោះរបស់គេ ប៉ុន្តែខ្ញុំនៅមិនទាន់ដឹងថា កីឡាករថៃរូបនេះ មានសមត្ថភាពប្រកួតកម្រិតណានោះទេ។ យ៉ាងណាក៏ដោយ វាជារឿងធម្មតារបស់ខ្ញុំ គឺខ្ញុំមិនមានការបារម្ភ ចំពោះការមិនទាន់ដឹងសមត្ថភាពគូប្រកួតនោះទេ»។
បើតាមគណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា Payak Insee គឺជាកីឡាករមានបទពិសោធប្រកួតចាស់វស្សាម្នាក់របស់ថៃ ហើយរូបគេធ្លាប់បានផ្តួលកីឡាករ សៀវ ង៉ុយ ឲ្យសន្លប់ផងដែរ។ តាមពិត Payak Insee ត្រូវប្រកួតជាមួយកីឡាករ ម៉ន សាម៉េត តាំងពីការប្រកួតបើកឆាក ប៉ុន្តែត្រូវបានផ្លាស់ប្តូរវិញ ដោយសារថៃម្នាក់នេះ ត្រូវបានឆ្កែខាំ មានរបួសក្នុងពេលរត់ហ្វឹកហាត់។
ការផ្លាស់ប្តូរសមាសភាពនេះ បានធ្វើឲ្យគណៈកម្មការប្តូរ ម៉ន សាម៉េត ឲ្យជួបកីឡាករថៃ Khom Pichit ហើយបានចាញ់ដោយពិន្ទុ។ ផ្ទុយពីនេះកីឡាករកម្ពុជា លាភ រដ្ឋា និង ឃួន ឡាំងកូស៊ីន សុទ្ធបានឈ្នះថៃ ដើម្បីបានឡើងទៅប្រកួតដណ្តើមយកខ្សែក្រវាត់ប្រាក់ នៅវគ្គជម្រុះ ៨ នាក់ចុងក្រោយ ហើយអ្នកឈ្នះខ្សែក្រវាត់ប្រាក់ទាំង ៤ នាក់ ក្នុងវគ្គនោះ ទើបមានសិទ្ធិទៅប្រកួតដណ្តើមយកខ្សែក្រវាត់មាស អមដោយប្រាក់រង្វាន់ ១ ម៉ឺនដុល្លារ។
យ៉ាងណាក៏ដោយ វ៉ាន់ វឿន បានបន្ថែមថា៖ «ទោះបីជាកីឡាករថៃម្នាក់នេះ ខ្សោយ ឬខ្លាំង គឺខ្ញុំដឹងតែពីវ៉ៃឲ្យអស់ពីសមត្ថភាព ហើយសម្រាប់ការប្រកួតនេះ ខ្ញុំបានពង្រឹងការហ្វឹកហាត់ខ្លាំង ខុសពីការប្រកួតមុនៗ គឺគិតមកដល់ពេលនេះ ខ្ញុំបានបង្កើនការហ្វឹកហាត់ពេញបានជិត ២ សប្តាហ៍ហើយ»។
កីឡាកររូបនេះ បានបញ្ជាក់ថា៖ «ខ្ញុំបានបង្កើនទាំងកម្លាំងស៊ុហ្វ និងស្នៀតទាត់ ព្រោះជើងឆ្វេងរបស់ខ្ញុំ ធ្លាប់មានរបួស អ៊ីចឹងហើយខ្ញុំត្រូវបង្កើនការទាត់ជើងមួយនេះ ឲ្យមានភាពរហ័សរហួន និងទាត់ចេញមានទម្ងន់ដូចមុនវិញ។ បន្ថែមលើនេះ ខ្ញុំក៏បានពង្រឹងទៅលើវាយកែង ម៉ាត់ និងបុកជង្គង់ សម្រាប់ត្រៀមការប្រកួតនេះដែរ»។
វ៉ាន់ វឿន ពិតជាចង់ទទួលបានឱកាសឡើងទៅវគ្គ ៨ នាក់ចុងក្រោយ ដោយរូបគេបានបង្ហើបថា៖ «បើទោះបីជាការប្រកួតនេះ ទទួលបានលទ្ធផលឈ្នះ ឬចាញ់ ប៉ុន្តែខ្ញុំប្តេជ្ញាថា នឹងធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកឱកាសបានឡើងទៅវគ្គបន្ត ព្រោះខ្ញុំចង់បានឱកាសឡើងទៅដណ្តើមយកខ្សែក្រវាត់ប្រាក់ ចំណែកការបានឡើងទៅប្រកួតដណ្តើមយកខ្សែក្រវាត់មាស ឬយ៉ាងណានោះ ខ្ញុំមិនទាន់គិតនោះទេ គឺត្រូវដណ្តើមយកខ្សែក្រវាត់ប្រាក់ឲ្យបានសិន ចាំគិតបន្តទៀត»៕