ភ្នំពេញៈ កីឡាករវ័យក្មេង វ៉ាន់ វឿន ត្រូវថៃ La Farn ទាត់ចូលកញ្ចឹងកបណ្តាលឲ្យដួលវង្វេងវង្វាន់ សន្លប់ត្រឹមទឹកទី ៤ ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅលើសង្វៀន SEATV កាលយប់ថ្ងៃអាទិត្យ។ រីឯ ឡុង សុភី ក៏ត្រូវបានថៃ Pha Khav វ៉ៃឲ្យអាជ្ញាកណ្តាលរាប់ក្នុងទឹកទី ២ ផងដែរ ប៉ុន្តែ សុភី បានតស៊ូយ៉ាងស្វិតស្វាញទាំងលំបាកខ្លួនរហូតយកប្រៀបបានវិញ។
លទ្ធផលបរាជ័យរបស់ វ៉ាន់ វឿន ដោយសន្លប់បែបនេះគឺជាការចាញ់ដោយកម្រណាស់ព្រោះក្នុងរយៈពេលជាង ២ ឆ្នាំមកនេះ វ៉ាន់ វឿន ប្រឹងហ្វឹកហាត់ និងប្រកួតទទួលបានលទ្ធផលល្អជានិច្ច គួរឲ្យមោទនភាព និងបានជាប់ក្នុងក្រុមជម្រើសជាតិប្រដាល់គុនខ្មែរប្រចាំឆ្នាំ ២០១៩ នេះម្តងទៀត។
នៅក្នុងអំឡុងការប្រកួត ៤ ទឹកនេះ វ៉ាន់ វឿន បានជួបឧបសគ្គធំដោយសារថៃរូបនេះមានជំនាញកែង និងទាត់ឆ្ងាយបានល្អ ហើយចំណុចខ្សោយរបស់ វ៉ាន់ វឿន មិនអាចវាយចេញស្នៀតកែងបានល្អ និងគ្មានឱកាសឱបឡើងជង្គង់បាន ស្របពេលថៃអ្នកចំណូលថ្មី La Farn រូបនេះមានបច្ចេកទេស និងសមត្ថភាពប្រកួតល្អផងដែរ។
ទោះបីជាយ៉ាងណា វ៉ាន់ វឿន បានចាត់ទុកការចាញ់នេះថាបានកើតឡើងដោយការភ្លាត់ស្នៀត។ វ៉ាន់ វឿន បាននិយាយក្រោយការសន្លប់ថា៖ «កីឡាករថៃនោះខ្លាំងគួរសម ប៉ុន្តែខ្ញុំទទួលរងការទាត់របស់វាចូលប្រដាប់ការពារពងខ្ញុំ បណ្តាលឲ្យខ្ញុំធ្លាក់កម្លាំងមួយកម្រិតតាំងពីក្នុងទឹកទី ២ មកម្ល៉េះ»។
ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ឆ្នាំ ២០១៧ រូបនេះបានបន្ថែមថា៖ «ការចាញ់របស់ខ្ញុំមិនមែនមានលេសជាហេតុផលនោះទេ គឺខ្ញុំភ្លាត់ស្នៀតត្រូវវាទាត់ចូលកញ្ចឹងកបណ្តាលឲ្យខ្ញុំវង្វេងវិលងើបមិនរួចនៅទឹកទី ៤ ហើយអាជ្ញាកណ្តាលបានបញ្ឈប់ការប្រកួតតែម្តង។ ហេតុនេះខ្ញុំចង់សងសឹកម្តងទៀត ព្រោះការចាញ់លើកនេះគឺខ្ញុំភ្លាត់ស្នៀត ហើយបើមានឱកាសបានប្រកួតម្តងទៀតមែន ខ្ញុំសប្បាយចិត្តដោយសារយើងដឹងពីរបៀបទប់ស្នៀតទាត់របស់គេ អ៊ីចឹងយើងនឹងអាចឈ្នះ»។
ចំណែកកីឡាករ ឡុង សុភី ដែលទទួលបានលទ្ធផលឈ្នះកីឡាករថៃ Pha Khav គឺក្នុងលក្ខណៈតឹងតែង និងវេទនាឈឺខ្លួនមិនតិចទេ។ ជំនួបប្រកួត ៥ ទឹកពេញ ឡុង សុភី វាយចេញបានច្រើនក្នុងលក្ខណៈរប៉េះរប៉ោះមិនចំគោលដៅល្អចាប់ពីទឹកទី ៣ ដល់ទឹកទី ៥ គឺមានប្រៀបជាងកីឡាករថៃ។
ចំណែកកីឡាករថៃ Pha Khav មានប្រៀបចំនួន ២ ទឹកដំបូង ពិសេសក្នុងទឹកទី ២ ដោយកណ្តាប់ដៃរបស់គេធ្វើឲ្យ ឡុង សុភី វង្វេងវង្វាន់ និងអាជ្ញាកណ្តាល ម៉ាក់ សាមឿន រាប់ចំនួន ៨ ទើបបន្តការប្រកួតបានយ៉ាងល្អវិញ។ ការប្រឹងប្រែងរបស់ ឡុង សុភី ក្រោយការរាប់នោះធ្វើឲ្យរូបគេមានពិន្ទុនាំមុខ Pha Khav ជាហេតុនាំឲ្យទទួលបានលទ្ធផលឈ្នះទាំងប្រផិតប្រផើយ និងឈឺខ្លួន។
ក្រោយពេលប្រកួតឈ្នះ ឡុង សុភី បាននិយាយថា៖ «ឈ្នះថៃនេះលំបាកណាស់ ព្រោះពិបាកចូលកៀក ដោយសារស្នៀតទាត់ និងកណ្តាប់ដៃរបស់គេវ៉ៃចេញបានល្អ និងធ្ងន់ដែលជាឧបសគ្គចូលឱបឡើងជង្គង់»។ សុភី បន្ថែមថា៖ «Pha Khav នេះមិនលំបាកទេ តែការជួបគ្នាលើកដំបូងបែបនេះ ខ្ញុំមិនស្គាល់ពីស្នៀត ឬការប្រកួតរបស់គេ។ ហេតុនេះបើមានការសងសឹកលើកក្រោយ ខ្ញុំនៅតែធានាយកឈ្នះបាន ព្រោះចំណុចខ្លាំងរបស់គេគឺទាត់ឆ្ងាយ»៕