ភ្នំពេញៈ អ្នក​ប្រដាល់​គុន​ខ្មែរ ដែល​ជាប់​ជម្រើសជាតិ​ចំនួន ២ ឆ្នាំ និង​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម ឆ្នាំ ២០១៧ នៅ​ម៉ាឡេស៊ី វ៉ាន់ វឿន បាន​កសាង​ជីវភាព​តាមរយៈ ការ​ឡើង​ប្រដាល់​យក​ប្រាក់ ដើម្បី​ទ្រទ្រង់​ជីវភាព និង​គ្រប់គ្រង​ចិញ្ចឹម​ប្អូន​ប្រុស​ស្រី ៥ នាក់ ដែល​កំពុង​រៀន​នៅ​ឡើយ ខណៈ​ដែល​ឪពុក​ម្តាយ​បាន​ស្លាប់​ចោល​តាំង​ពី​ឆ្នាំ ២០០៩ មក​ម្ល៉េះ។

បើទោះជា វ៉ាន់ វឿន មាន​វ័យ​ត្រឹម ២២ ឆ្នាំ តែ​រូបគេ​បាន​ហែល​ឆ្លង​ការលំបាក និង​ភាព​ឈឺ​ចាប់ ជា​ច្រើន ព្រោះ​រូបគេ​បាន​ដើរតួ​ជា​អាណា​ព្យាបាល ដែល​ត្រូវ​រក​ប្រាក់ មក​ចិញ្ចឹម​ប្អូនៗ​ទាំង ៥ នាក់​អស់​រយៈពេល​ជិត ១០ ឆ្នាំ​ហើយ ប៉ុន្តែ​តាមរយៈ​ការ​យក​កម្លាំង​ញើស​ឈាម​ទៅ​ប្តូរ​យក​ប្រាក់​នៅ​លើ​សង្វៀន​នោះ បាន​ធ្វើ វ៉ាន់ វឿន មាន​ឈ្មោះ​បោះ​សំឡេង និង​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ ស៊ីហ្គេម កាល​ពី​ឆ្នាំ ២០១៧ ធ្វើ​ឲ្យ​រូបគេ​ទទួល​បាន​ប្រាក់​រង្វាន់​ពី​រាជរដ្ឋាភិបាល សម្រាប់​ទ្រទ្រង់​ជីវភាព​ចិញ្ចឹម​ប្អូន បាន​ចូល​រៀន​ផង​ដែរ។

កីឡាករ​មាន​កម្ពស់ ១,៧០ ម៉ែត្រ និង​ទម្ងន់ ៥៧ គីឡូក្រាម វ៉ាន់ វឿន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ឪពុក​ម្តាយ​របស់​ខ្ញុំ គាត់​បាន​ស្លាប់​តាំង​ពី​ពួក​ខ្ញុំ​នៅ​តូចៗ គឺ​ក្នុង​ឆ្នាំ ២០០៩ នៅ​ឯ​ស្រុក​កំណើត ឃុំ​តាលាស់ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ប៉ុន្តែ​បច្ចុប្បន្ន ពួក​ខ្ញុំ​ទាំង​អស់​គ្នា បាន​មក​ស្នាក់​នៅ​ជាមួយ​ពូ ហើយ​ប្រាក់​ចំណូល​របស់​ខ្ញុំ​បាន​ពី​ការ​ឡើង​ប្រដាល់​សុទ្ធសាធ»។

វ៉ាន់ វឿន បន្តថា៖ «ខ្ញុំ​មាន​បងប្អូន​ទាំងអស់ ៧ នាក់ ហើយ​ខ្ញុំ​ជា​កូន​ទី ២ ខណៈ​បង​ប្រុស​ខ្ញុំ វ៉ាន់ វីន មាន​ប្រពន្ធ ចេញ​ពី​បន្ទុក​ហើយ រីឯ​ប្អួន​ប្រុស​ទី ៣ វ៉ាត់ វុធ ប្អូន​ទី ៤ វ៉ាន់ វីដ បាន​ហាត់​ប្រដាល់​ផង និង​រៀន​ផង​ដូចគ្នា ប៉ុន្តែ​ប្អូន​ស្រី ៣ នាក់​ទៀត​មាន វ៉ាន់ សុខ​ឃឿន,វ៉ាន់ សាវ៉ុន និង​វ៉ាន់ ចំរើន នៅ​តូច​ទេ»។

និយាយ​ពី​ប្រាក់ចំណូល​វិញ សិស្សគណ​ក្លិប​ឃ្លាំងមឿង​ខេត្តពោធិ៍សាត់ វ៉ាន់ វឿន ទទួល​បាន​ប្រាក់​ពី​ការ​ប្រមូល​ផ្តុំ​ក្រុម​ជម្រើស​ជាតិ​ក្នុង ១ ខែ ១,៨ លាន​រៀល និង​ប្រាក់​បន្ថែម​ពី​ការ​ឡើង​ប្រកួត​តាម​សង្វៀន​ប្រដាល់​ឯក​ជន​មួយ​ចំនួន ដោយ​ប្រកួត​ជាមួយ​កីឡាករ​បរទេស ១ ​លើកៗ យ៉ាង​តិច​បាន ៣០០ ទៅ ៥០០ ដុល្លារ។

វ៉ាន់ វឿន បាន​ប្រាប់​បន្ថែមថា៖ «ក្រៅពី​ឯកោ ដែល​ឪពុកម្តាយ​ស្លាប់ចោល ខ្ញុំបាទ​មាន​ការ​ព្រួយ​បារម្ភ​ផ្នែក​សុខភាព ព្រោះ​ក្រោយ​ពេល​ប្រកួត​ម្តងៗ ខ្ញុំ​ឈឺ​គ្រាំគ្រា​ខ្លួន មាន​របួស តែ​មិន​ហ៊ាន​ប្រាប់​អ្នក​ដទៃ ខ្លាច​ខក​ខាន​មិន​បាន​ឡើង ប្រកួត​ទៀត ហើយ​បើ​ឡើង​ប្រកួត​មិន​បាន​ល្អ ឬ​ចាញ់​នោះ គឺ​ទទួល​រង​ការ​រិះគន់​ពី​មហាជន»។ «ប៉ុន្តែ​មុខរបរ​ប្រដាល់​នេះ​ហើយ ជួយ​ឲ្យ​ខ្ញុំ​អាច​រ៉ាប់រង​ជួយ​ប្អូនៗ​ទាំង ៥ នាក់​របស់​ខ្ញុំ បាន​ចូល​រៀន និង​មាន​ជីវភាព​ហូបចុក​ប្រចាំ​ថ្ងៃ​នឹង​គេ ព្រោះ​ម្ចាស់​ស្ថានីយ​ទូរទស្សន៍ និង​អ៊ំៗ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ មាន​ការ​អាណិត​អាសូរ​ដល់​ខ្ញុំ ដោយ​ជួយ​ឲ្យ​ខ្ញុំ​បាន​ឡើង​ប្រកួត​មួយ​ខែ ២ ទៅ ៣ លើក»។

វ៉ាន់ វឿន បាន​បញ្ជាក់ថា៖ «សព្វថ្ងៃ ខ្ញុំ​ប្រឹង​ហាត់​ខ្លាំង គោរព​វិន័យ​ល្អ ដោយ​សង្ឃឹម​ថា អាច​បន្ត​ជាប់​ជម្រើស​ជាតិ​គុន​ខ្មែរ​ឆ្នាំ ២០១៩ ប៉ុន្តែ​នៅ​ចំពោះ​មុខ ខ្ញុំ​កំពុង​ប្រកួត​វគ្គ​ជម្រុះ​កំពូល​ជើង​ឯក Tv5 Boxing Knockout នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ៥។ ខ្ញុំ​បាន​ឈ្នះ ភួង ពិសិដ្ឋ ក្នុង​វគ្គ​ជម្រុះ​ទី ១ ប៉ុន្តែ​នៅ​ថ្ងៃ​ទី ២២ ខែធ្នូ ខ្ញុំ​ត្រូវ​ប៉ះ​ជើង​ខ្លាំង ម៉ន រដ្ឋា ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី ២ ខណៈ​ពេល​នេះ ខ្ញុំ​មាន​បញ្ហា​ឈឺ​ជើង​ឆ្វេង មិន​ទាន់​បាត់​ទេ»។

លោកស្រី ម៉ែន សុខា ដែល​ទទួល​រាប់​រង​គ្រប់គ្រង​ក្លិប​ឃ្លាំងមឿង​ខេត្តពោធិ៍សាត់ ជំនួស​លោក សុខ វិជ័យ ដែល​មាន​ជំងឺ បាន​ប្រាប់​ថា៖ «វ៉ាន់ វឿន ខំ​ហ្វឹក​ហាត់ និង​ប្រកួត​បាន​ល្អ ហើយ​គេ​ជា​ក្មេង​មាន​ចរិត​ស្លូត​បូត គោរព​វិន័យ​ល្អ និង​មើល​ថែទាំ​ប្អូនៗ បាន​ល្អ​ណាស់ មិន​ដើរ​ផ្តេស​ផ្តាស ដូច​កីឡាករ​មួយ​ចំនួន​ទេ គឺ​គេ​ជា​កីឡាករ​គំរូ​ល្អ​ម្នាក់ ដូច្នេះ​សូម​សប្បុរស​ជន​មេត្តា​ជួយ​ដល់​រូបគេ​ផង»៕