ភ្នំពេញៈ ក្រុម​អត្ត​ព​លិ​ក​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​បង្កើត​នូវ​កំណត់ត្រា​ដ៏​ថ្មី​សន្លាង​មួយ​ទៀត គឺ​ការ​ឈ្នះ​មេដាយ​មាស​រហូត​ដល់ ១១ រួម​ជាមួយ​មេដាយ​ប្រាក់ ១១ និង​សំរឹទ្ធ ១៤ ពី​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ជើង​ឯក​អាស៊ី លើក​ទី ៤ ឆ្នាំ ២០១៨ (The 4th AVF ASIAN Vovinam Cahmpionship 2018) នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​បញ្ចប់ កាល​ពី​យប់​ថ្ងៃ​ចន្ទ។

ការ​ឈ្នះ​បាន​មេដាយ​សរុប​ចំនួន ៣៦ សម្រាប់​ការចូលរួម​ការប្រកួត​ជើងឯក​អាស៊ី ជា​លើក​ដំបូង​នេះ បាន​ក្លាយជា​លទ្ធផល​ដ៏​ល្អ​បំផុត បន្ថែម​ទៅ​លើ​ការ​ឈ្នះ​បាន​មេដាយ មាស ៤ ប្រាក់ ៩ និង​សំរឹទ្ធ ៩ ពី​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ជើង​ឯក​ពិភពលោក​នៅ​ប្រទេស​ឥណ្ឌា កាល​ពី ឆ្នាំ ២០១៧ ហើយ​ប្រតិភូ​កីឡា​វ៉ូវីណាម​កម្ពុជា នឹង​នាំយក​មេដាយ​យ៉ាង​ច្រើន​នេះ មក​ដល់​មាតុ​ប្រទេស​វិញ នៅ​ព្រឹក​ម៉ោង ១០ ថ្ងៃ​ព្រហស្បតិ៍ ខាង​មុខ​នេះ។

លោក អ៊ូ រតនា អនុប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​ការ​ប្រកួត​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ តាម​តេឡេក្រាម ពី​ឥណ្ឌូនេស៊ី មក​ថា៖ «ជ័យ​ជម្នះ​ដែល​យើង​ទទួល​បាន​នេះ វា​ជា​មោទនភាព​យ៉ាង​ខ្លាំង​ក្លា បន្ទាប់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុញ្ញាត​ឲ្យ​សហព័ន្ធ​យើង មាន​គ្រូ​ជាប់​កិច្ចសន្យា ជា​ម្ចាស់​ក្បាច់​គុន​មក​បង្ហាត់ ធ្វើ​ឲ្យ​ក្រុម​អត្តពលិក​កម្ពុជា​យើង ពេល​នេះ​មាន​សមត្ថភាព​ខុស​ប្លែក​ពី​មុន។ កាល​ពី ៤ ឆ្នាំមុន យើង​លេង​តែ​ដដែល​នូវ​វិញ្ញាសា​ប្រហែល ១០ ប៉ុន្តែ​ពេល​នេះ​យើង​លេង​បាន​ច្រើន​វិញ្ញាសា គឺ​យើង​អត់​ខ្លាច​ទេ»។

គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ជើងឯក​អាស៊ី​នេះ ក្រុម​អត្ត​ព​លិ​ក វ៉ូ​វី​ណា​ម​កម្ពុជា ទាំង ២០ នាក់ បាន​ចូលរួម​ប្រកួត​គ្រប់​វិញ្ញាសា​ទាំង ៣៧ (ប្រយុទ្ធ ១៣ វិញ្ញាសា) ហើយ​ការ​ឈ្នះ​បាន​មេដាយ​មាស ១១ ប្រាក់ ១១ និង​សំរឹទ្ធ ១៤ នេះ បាន​ជួយ​ឲ្យ​កម្ពុជា ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ២ បន្ទាប់​ពី​វៀតណាម ជា​ម្ចាស់​ក្បាច់​គុន ហើយ​មីយ៉ាន់ម៉ា ឈរ​នៅ​លេខ ៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​សរុប​ចំនួន ១៧ ក្នុង​ទ្វីប​អាស៊ី។

ជាមួយ​ជ័យជម្នះ​យ៉ាង​ធំធេង ដែល​ទទួលបាន​ពី​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើង​ឯក​អាស៊ី ឆ្នាំ ២០១៨ នៅ​ឥណ្ឌូនេស៊ី​នេះ បាន​ក្លាយជា​ចំណុច​វិជ្ជមាន​យ៉ាង​ល្អ សម្រាប់​កម្ពុជា ក្នុង​ការ​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០១៩ ព្រោះ​ម្ចាស់​ផ្ទះ​ហ្វីលីពីន បាន​ឯកភាព និង​សម្រេច​ដាក់​បញ្ចូល​ឲ្យ​មាន​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​ប្រភេទ​កីឡា​មួយ​នេះ បាន​អវត្តមាន​ពី​ការ​ប្រកួត​ស៊ីហ្គេម កាល​ពី​ឆ្នាំ ២០១៥ និង​ឆ្នាំ ២០១៧។

ទាក់ទង​ទៅនឹង​រឿងនេះ លោក អ៊ូ រតនា បាន​បន្តថា៖ «ផ្អែកទៅលើ​លទ្ធផល​នេះ យើង​ពិត​ជា​មាន​មោទនភាព​ខ្លាំង សម្រាប់​ប្រទេស​ជាតិ​របស់​យើង ដោយសារ​យើង​អាច​បង្ហាញ​មុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ​បាន ដែល​បញ្ជាក់​ថា យើង​អាច​ធ្វើ​បាន ចំណែក​ការ​ប្រកួត​ស៊ីហ្គេម នៅ​ហ្វីលីពីន ឆ្នាំ ២០១៩ គឺ​វ៉ូវីណាម​កម្ពុជា​យើង នឹង​ខិតខំ​បង្កើន​អត្តពលិក​ល្អៗ​បន្ថែម​ទៀត ដើម្បី​ចូលរួម​ប្រជែង​រក​មេដាយ​ជូន​ជាតិ»។

គួរ​បញ្ជាក់ថា មេដាយមាស​ទាំង ១១ ដែល​កម្ពុជា ដណ្តើមបាន​ពី​ការប្រកួត​ជើងឯក​អាស៊ី​នេះ មាន​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់ ៥៤ គីឡូក្រាម របស់​កីឡាករ ទិន ឌិន ប្រកួត​ទម្ងន់ ៤៨ គ.ក្រ​របស់​កីឡាការិនី ហ៊ឹម ដាណេ ប្រកួត​ទម្ងន់ ៥៤ គ.ក្រ​របស់​កីឡាការិនី អេ ព្រីយ៉ានុត​ភូថង ប្រកួត​ទម្ងន់ ៥៧ គ.ក្រ​របស់​កីឡាករ ប៉ិច ជំនោរ រួម​ទាំង​ការ​ប្រកួត​វិញ្ញាសា​សម្តែង​មេគុន​បុរស​របស់​កីឡាករ លី បូរ៉ាមី សម្តែង​ជា​ក្រុម​បុរស ៦ នាក់ សម្តែង​នារី​ម្នាក់​បុរស ៣ នាក់ ក្រុម​ដាវ​បុរស ៤ នាក់ ក្រុម​ដាវ​នារី ៤ នាក់ ក្រុម​នារី ៣ នាក់​បុរស ៣ នាក់ និង​សម្តែង​កាំបិត​ធំ​បុរស ២ នាក់ ហើយ​ក្នុង​នោះ​មាន​អត្តពលិក​មួយ​ចំនួន បាន​ឈ្នះ​មេដាយ​មាស លើស​ពី ២ អម​ដោយ​មេដាយ​ប្រាក់ និង​សំរឹទ្ធ មួយ​ចំនួន​ទៀត៕