ភ្នំពេញ: វ៉េង សុភ័ក្ត្រ មកពីក្លិបទ័ពឆត្រយោង ៩១១ បានប្រឹងប្រែងអស់លទ្ធភាព ប៉ុន្តែ នៅតែមិនអាចយកឈ្នះលើជើងខ្លាំងរបស់ថៃ Kolap Dam បានឡើយ ក្នុងការប្រកួតគុនខ្មែរវគ្គសន្សំពិន្ទុខ្សែក្រវាត់ Barrley Black ទម្ងន់ ៦៥ គីឡូក្រាមសប្តាហ៍ទី ៦ ជុំទី ៣ កាលពីថ្ងៃអាទិត្យ។
ការប្រឹងប្រែងប្រកួតរបស់ វ៉េង សុភ័ក្ត្រ ត្រឹមតែអាចដណ្តើមបានលទ្ធផលចាញ់ ២ ទល់នឹង ៣ ពីសំណាក់ចៅក្រមទាំង ៥ ប៉ុណ្ណោះ ហើយតាមមតិអ្នកទស្សនាភាគច្រើនលាន់មាត់ថា វ៉េង សុភ័ក្ត្រ វាយបានល្អ ប៉ុន្តែ ចាញ់ប្រៀបតិចតួចផ្នែកក្បាច់ចាប់ឱបឡើងជង្គង់ ក្រៅពីនេះកណ្តាប់ដៃមានប្រៀបវិញផងដែរ។ ការបរាជ័យរបស់ វ៉េង សុភ័ក្ត្រ ជុំទី ៣ នេះ បានរុញឲ្យមិត្តរួមជាតិក្នុងពូល A គឺកីឡាករផាន់ គ្រាន់ កាន់តែមានឱកាសមានពិន្ទុដាច់នៅលើកំពូលតារាង និងមិនបារម្ភថា មានគូប្រជែងណាតាមទាន់នៅលើតារាងពូលបាននោះឡើយ។
ចំណែកគូខ្សែក្រវាត់មួយគូទៀត ឌុម កែវដា មកពីក្លិបមកុដរាជសីហ៍នៃក្រសួងមហាផ្ទៃ បានអវត្តមានដោយបញ្ហាសុខភាព និងត្រូវបានជំនួសដោយកីឡាករសេង ស្រឿន ជាមួយ Louk Ton ដើម្បីប្រកួតបង្គ្រប់កិច្ច។ ទោះជាការប្រកួតគ្រាន់តែមិត្តភាពមែន ប៉ុន្តែកីឡាករថៃ Louk Ton ទទួលបាន ៣ ពិន្ទុជាស្វ័យប្រវត្តិទោះជាចាញ់សេង ស្រឿន ក៏ដោយ។
សេង ស្រឿន បានឡើងប្រកួតជំនួសឌុម កែវដា ហេតុនេះ ការឈ្នះរបស់គេ ឬចាញ់របស់គេ មិនទទួលបានពិន្ទុឡើយ ប៉ុន្តែ តម្លៃខ្លួនប្រកួតរបស់គេខ្ពស់ និងទទួលបានលទ្ធផលល្អគួរឲ្យកោតសរសើរពីមហាជន។
សេង ស្រឿន បានប្រើស្នៀតទាត់សន្ធាប់លាយជាមួយស្នៀតកណ្តាប់ដៃបង្ខំឲ្យកីឡាករថៃ Louk Ton ត្រូវអាជ្ញាកណ្តាលឡុង ស៊ីលីន រាប់នៅទឹកទី ៥ មុននឹងឈានទៅបញ្ឈប់ការប្រកួតតែម្តងដោយឃើញស្ថានភាពមិនអាចតស៊ូបានបន្តទៀត។
បើទោះបី Louk Ton ទទួលបរាជ័យក៏ដោយ ប៉ុន្តែ រូបគេនៅតែទទួលបានក្នុងនាមជាអ្នកឈ្នះបាន ៣ ពិន្ទុដោយសារដៃគូឌុម កែវដា អវត្តមានក្នុងអំឡុងជម្រុះដណ្តើមខ្សែក្រវាត់។
ការប្រកួតវគ្គជម្រុះដណ្តើមខ្សែក្រវាត់ Barrley Black ទម្ងន់ ៦៥ គីឡូក្រាមគិតត្រឹមសប្តាហ៍ទី ៦ ជុំទី ៣ នេះត្រូវបានគេរកឃើញកីឡាករដែលមានសិទ្ធិឡើងទៅកក់ការប្រកួតកៅអីវគ្គផ្តាច់ព្រ័ត្របាត់ទៅហើយនៅពូល A របស់កម្ពុជា មានផាន់ គ្រាន់ នៅលើកំពូលតារាង ដែលមិនទាន់ស្គាល់ពាក្យចាញ់មួយប្រកួតនៅឡើយ។
ក្នុងចំណោមកីឡាករក្នុងពូល A ចំនួន ៤ នាក់ដែលរូបមន្តប្រកួតតម្រូវយកតែម្នាក់នោះ ផាន់ គ្រាន់ កំពុងមានពិន្ទុនាំមុខ ដែលតាមពីក្រោយដោយមាស ច័ន្ទ មាន និងវ៉េង សុភ័ក្ត្រ ហើយកីឡាករឌុម កែវដា ឈរនៅបាតតារាង ក្រោយពីបរាជ័យទាំង ៣ ប្រកួត។
តាមកម្មវិធីប្រកួត មាស ច័ន្ទមាន នឹងត្រូវប្រកួតជាមួយជើងខ្លាំង Loom Leng នៅថ្ងៃទី ២៥ ខែមិនា ឆ្នាំ ២០១៨ ខាងមុខ ដែលអ្នកទស្សនាហ៊ានទស្សន៍ទាយថា មិនអាចឈ្នះកីឡាករថៃរូបនេះ បានឡើយ ខណៈប្រវត្តិប្រកួតធ្លាប់ចាញ់ពិន្ទុ និងចាញ់សន្លប់ ៣ លើកកន្លងមកហើយ។
ហេតុនេះ មានន័យថា ផាន់ គ្រាន់ ជាកីឡាករត្រូវបានរំពឹងទុកថា នឹងឈានទៅវគ្គផ្តាច់ព្រ័ត្រពីពូលរបស់កម្ពុជា ដោយសារតែគូប្រកួតហាក់មិនអាចមានឱកាសតាមទាន់ឡើយ។ ផ្ទុយទៅវិញសម្រាប់កីឡាករនៅពូល B ថៃមិនទាន់អាចកំណត់បេក្ខភាពមួយណាបានឡើងទៅកក់កៅអីផ្តាច់ព្រ័ត្រនៅឡើយទេ ដោយមានកីឡាករជើងខ្លាំង Loom Leng និង Kolap Dam កំពុងប្រទាញប្រទង់ដណ្តើមចំណាត់ថ្នាក់គ្នាក្នុងពូល។
ប៉ុន្តែ តាមគម្រោងកម្មវិធីប្រកួត Kolap Dam នឹងត្រូវប៉ះជាមួយនឹង ឌុម កែវដា ហើយ Loom Leng នឹងត្រូវប៉ះជាមួយវ៉េង សុភ័ក្ត្រ ដើម្បីដណ្តើមយក ៣ ពិន្ទុ និងកំណត់វាសនារបស់កីឡាករថៃទាំង ២៕