ភ្នំពេញ៖ សង្វៀនប្រដាល់ចំនួន ៣ មាន CNC បាយ័ន និងសង្វៀនថោន នឹងចាប់ដំណើរការប្រកួតប្រដាល់ឡើងវិញ នៅចុងសប្តាហ៍នេះ ប៉ុន្តែវាជាការប្រកួតបិទទ្វារ គ្មានអ្នកទស្សនា តែមានការផ្សាយផ្ទាល់ ចំណែកសង្វៀន PNN និងសង្វៀនប៉ុស្តិ៍លេខ ៥ នៅមិនទាន់បើកការប្រកួតវិញទេ ហើយសង្វៀនអាស៊ីអាគ្នេយ៍ កំពុងស្ថិតក្នុងការពិភាក្សាជាមួយម្ចាស់ឧបត្ថម្ភ ថាគួរបើកនៅពេលនេះវិញ ឬយ៉ាងណា។
យ៉ាងណាក៏ដោយ ទាំងសង្វៀន CNC បាយ័ន និងសង្វៀនថោន មានការផ្គូផ្គងតែកីឡាករខ្មែរ និងខ្មែរប៉ុណ្ណោះ គឺគ្មានការប្រកួតគូអន្តរជាតិនោះទេ ព្រោះបច្ចុប្បន្ននេះ កម្ពុជាបានសម្រេចផ្អាកការផ្តល់ទិដ្ឋាការរយៈពេល ១ ខែ សម្រាប់ភ្ញៀវបរទេស ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ប៉ុន្តែបើជនបរទេសណា មានបំណងចូលមកកម្ពុជា ពួកគេត្រូវមានលិខិតបញ្ជាក់សុខភាព និងមានបណ្ណធានារ៉ាប់រង ដែលមានទឹកប្រាក់មិនក្រោម ៥ ម៉ឺនដុល្លារឡើយ ហើយលក្ខខណ្ឌនេះ គឺខាងអ្នកនាំកីឡាករបរទេសមកប្រកួតនៅកម្ពុជា មិនអាចធ្វើបាននោះទេ។
បើទោះបីជាការប្រកួតនេះ នឹងត្រូវធ្វើឡើង ដោយគ្មានវត្តមានកីឡាករបរទេស ប៉ុន្តែលោក នាង ស៊ីវុត្ថា អ្នកគ្រប់គ្រងកីឡាប្រដាល់នៅសង្វៀនបាយ័ន បានប្រាប់កាលពីរសៀលថ្ងៃចន្ទ ម្សិលមិញថា៖ «យើងមានការប្រកួតចំនួន ៦ កម្មវិធី ក្នុង ១ សប្តាហ៍ដដែល ប៉ុន្តែនៅសប្តាហ៍នេះ យើងមានការប្រកួតតែខ្មែរ និងខ្មែរទេ»។
នៅក្នុងរយៈពេលចុងក្រោយនេះ សង្វៀនបាយ័ន ដែលមានទីតាំងនៅស្ទឹងមានជ័យនោះ មានកម្មវិធីប្រកួតច្រើនជាងគេក្នុង ១ សប្តាហ៍ៗ ដោយមានការប្រកួតពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ក្នុងនោះនៅថ្ងៃសុក្រ មាន ១ កម្មវិធី(ប្រដាល់គុនខ្មែរគូបូតា) ដោយធ្វើពីម៉ោង ៧ យប់ ដល់ម៉ោង ៩។
ចំណែកនៅថ្ងៃសៅរ៍ មានកម្មវិធីប្រកួតគុនខ្មែរមិត្តភាព និងគូម៉ារ៉ាតុងដណ្តើមប្រាក់លាន ពីម៉ោង ៣ រសៀល ដល់ម៉ោង ៥ ហើយពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៨ យប់ ថ្ងៃសៅរ៍ដដែលនេះ ជាការប្រកួតប្រដាល់របស់ភេសជ្ជៈ Wurks។ រីឯនៅថ្ងៃអាទិត្យ មានចំនួន ៣ កម្មវិធី គឺប្រដាល់គុនខ្មែរស្រាបៀរកម្ពុជា ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១០ កម្មវិធីប្រកួតភេសជ្ជៈ Boostrong ពីម៉ោង ១២ ដល់ម៉ោង ២:៣០ រសៀល និងការប្រកួតរបស់កម្មវិធីខារ៉ាបាវ ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៨ យប់។
ដោយឡែក លោក ម៉ា ស៊ីថេត អ្នកគ្រប់គ្រងកម្មវិធីកីឡាប្រដាល់ប្រចាំនៅសង្វៀន CNC បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីព្រឹកថ្ងៃចន្ទថា៖ «នៅសប្តាហ៍នេះ យើងមានការប្រកួត ៤ កម្មវិធី រវាងកីឡាករខ្មែរ និងខ្មែរ ក្នុងនោះមានកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ ការប្រកួតខារ៉ាបាវដណ្តើមប្រាក់លាន កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ និងកម្មវិធីប្រដាល់កំពូលអ្នកប្រដាល់គុនខ្មែរភេសជ្ជៈរ៉េតអាន»។
បើតាមការលម្អិតពីលោក ម៉ា ស៊ីថេត បានឲ្យដឹងថា សម្រាប់កម្មវិធី «កម្ពុជាសង្វៀនគុនខ្មែរ» ដែលធ្វើនៅថ្ងៃសៅរ៍ ពីម៉ោង ៨ ដល់ម៉ោង ១០ ព្រឹក មានការប្រកួត ៤ គូ ឯការប្រកួតគុនខ្មែរខារ៉ាបាវដណ្តើមប្រាក់លាន ដែលធ្វើនៅថ្ងៃសៅរ៍ដែរ ពីម៉ោង ២ រសៀល ដល់ម៉ោង ៤ មាន ៥ គូ ហើយការប្រកួតអ្នកតស៊ូគុនខ្មែរគោជល់ ដែលធ្វើនៅថ្ងៃសៅរ៍ ពីល្ងាចម៉ោង ៥:៥០ ដល់ម៉ោង ៨ យប់ មាន ៤ គូ ចំណែកការប្រកួតកំពូលអ្នកប្រដាល់គុនខ្មែរភេសជ្ជៈរ៉េតអាន ដែលធ្វើនៅថ្ងៃអាទិត្យ ពីព្រឹកម៉ោង ៨ ដល់ម៉ោង ១០ មាន ៥ គូ។
ទន្ទឹមជាមួយគ្នានេះ កម្មវិធីប្រកួត Mas Fight Cambodia របស់សង្វៀនថោន ក៏នឹងរៀបចំការប្រកួតឡើងវិញនៅសប្តាហ៍នេះដែរ។ លោក គឹម ស្រ៊ុនកុសល អ្នកគ្រប់គ្រងកម្មវិធី Mas Fight Cambodia បានប្រាប់ថា៖ «នៅថ្ងៃអាទិត្យនេះ យើងមានការប្រកួតចំនួន ៦គូ រវាងកីឡាករខ្មែរ និងខ្មែរ ដោយធ្វើចាប់ពីម៉ោង ៣ រសៀល ដល់ម៉ោង ៥»។
ទោះបីជាយ៉ាងណា គិតត្រឹមរសៀលម៉ោង ១ ថ្ងៃចន្ទម្សិលមិញនេះ តំណាងអ្នកគ្រប់គ្រងសង្វៀនទាំង ៣ មាន CNC បាយ័ន និងសង្វៀនថោន ដែលនឹងបើកការប្រកួតប្រដាល់វិញ នៅចុងសប្តាហ៍នេះ នៅមិនទាន់បានផ្ញើលិខិតផ្លូវការទៅកាន់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅឡើយទេ ហើយក្រសួងអប់រំ យុវជន និងកីឡា ក៏មិនទាន់បានចេញលិខិតអនុញ្ញាតឲ្យបើកការប្រកួតវិញនោះដែរ បន្ទាប់ពីសហព័ន្ធបានសម្រេចឲ្យគ្រប់សង្វៀនប្រដាល់ទាំងអស់ ត្រូវផ្អាកការប្រកួតកាលពីថ្ងៃទី ២៣ ខែមីនា។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីរសៀលម៉ោង ១ ថ្ងៃចន្ទថា៖ «ខ្ញុំគ្រាន់តែឮថា ខាងប៉ុស្តិ៍ សុំរៀបចំការប្រកួតបន្ត ប៉ុន្តែខាងប៉ុស្តិ៍នៅមិនទាន់ធ្វើលិខិតផ្លូវការមកយើងផង ហើយបើគាត់រៀបចំ ដោយគ្មានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា យើងមិនអាចរួមចំណែកទទួលខុសត្រូវបានទេ»។
លោក តែម ម៉ឺន បានបញ្ជាក់ថា៖ «សហព័ន្ធ ត្រូវការលិខិតផ្លូវការពីខាងប៉ុស្តិ៍ ដើម្បីយើងរាយការណ៍បន្ត និងសុំគោលការណ៍ទៅខាងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឲ្យលោកធ្វើការសម្រេច ថាអាចប្រកួតបានវិញ ឬយ៉ាងណា ចំណែកខាងសហព័ន្ធ គឺចាំអនុវត្តតាមការសម្រេចរបស់ក្រសួង»។
យ៉ាងណាក៏ដោយ លោក នាង ស៊ីវុត្ថា និង ម៉ា ស៊ីថេត ដែលត្រូវគ្រប់គ្រងការប្រកួតច្រើនកម្មវិធីដូចគ្នានោះ បានអះអាងថា ស្ថានីយ និងសង្វៀនរបស់លោក បានចាត់វិធានការ និងសម្អាតយ៉ាងល្អ គឺគ្រប់យ៉ាងធ្វើទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ ១៩។
ចំណែកលោក ស្រ៊ឺ ស្រេង ហៅ សំណព្វ អ្នកគ្រប់គ្រងកីឡាប្រចាំនៅស្ថានីយទូរទស្សន៍ PNN បានប្រាប់ថា៖ «ទោះបីជាខាងស្ថានីយទូរទស្សន៍ផ្សេង បានរៀបចំឲ្យមានការប្រកួតប្រដាល់ឡើងវិញ ប៉ុន្តែខាង PNN របស់យើង មិនទាន់ប្រញាប់ពេកទេ គឺយើងចាំមើលស្ថានការណ៍នៃជំងឺកូវីដ ១៩ បន្តិចទៀតសិន អ៊ីចឹងយើងអាចនឹងរៀបចំឲ្យមានការប្រកួតវិញ នៅក្រោយថ្ងៃចូលឆ្នាំខ្មែរហើយ»។
ស្រដៀងគ្នានេះ លោក អូ ឡាឡា តំណាងមកពីខាងសង្វៀនប៉ុស្តិ៍លេខ ៥ ក៏នៅហាក់ខ្លាចរអានឹងការរីករាលដាលជំងឺកូវីដ ១៩ ផងដែរ។ លោកបានប្រាប់ថា៖ «ខាងប៉ុស្តិ៍លេខ ៥ ក៏ចង់រៀបចំឲ្យមានការប្រកួត ដើម្បីបញ្ចប់ការប្រកួតពានរបស់យើងដែរ ប៉ុន្តែយើងរង់ចាំការអនុញ្ញាតពីក្រសួងអប់រំសិន ហើយតាមការលើកឡើងរបស់សម្តេច គឺកាស៊ីណូ ត្រូវបានបិទអស់ហើយ ហើយកំពុងស្នើច្បាប់ ដាក់ប្រទេស កម្ពុជា ក្នុងគ្រាអាសន្នទៀត អ៊ីចឹងខ្ញុំគិតថា ការរៀបចំឲ្យមានការប្រកួតប្រដាល់ឡើងវិញ ក្នុងអំឡុងពេលនេះ វាមិនអាចកើតឡើងបានទេ»។
ចំណែកលោក ញាណ សុធី អ្នកគ្រប់គ្រងកម្មវិធីប្រដាល់នៅសង្វៀនអាស៊ីអាគ្នេយ៍ បានប្រាប់កាលពីរសៀលថ្ងៃអង្គារថា៖ «យើងនៅមិនទាន់ច្បាស់ថា ត្រូវបើកការប្រកួតវិញ ឬយ៉ាងណានោះទេ គឺយើងកំពុងពិភាក្សាជាមួយខាងប៉ុស្តិ៍ ហើយក៏ត្រូវនិយាយជាមួយខាងអ្នកឧបត្ថម្ភផងដែរ ថាតើការដាក់ឲ្យប្រកួតរវាងកីឡាករខ្មែរ និងខ្មែរ ក្នុងស្ថានភាពបែបនេះ គាត់ព្រមទទួលយកអត់? អ៊ីចឹងយើងរង់ចាំការពិភាក្សាគ្នាសិន»៕