ភ្នំពេញ: អ្នកលេងក្បាច់គុនចម្រុះ (MMA) សរ សី បានសន្យាថា រូបគេនឹងប្រើប្រាស់គ្រប់ស្នៀតទាំងអស់ នៅពេលដែលប៉ះជាមួយនឹងជើងខ្លាំងរបស់ម្ចាស់ស្រុក Phoe Thaw ក្នុងទម្ងន់ ៧០,៣ គីឡូក្រាម ក្នុងព្រឹត្តិការណ៍ ONE: QUEST FOR GOLD ដែលនឹងប្រព្រឹត្តនៅសង្វៀន Thuwunna Indoor Stadium ក្នុងទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ។
សរ សី វ័យ ៣៦ ឆ្នាំ មានបទពិសោធជាច្រើនក្នុងកីឡាប្រដាល់គុនខ្មែរ ប៉ុន្តែ ធ្លាប់ប្រកួតក្បាច់គុនចម្រុះ នៅសង្វៀនដាក់ទ្រុងត្រឹមតែ ៤ លើកគត់ ដោយឈ្នះ ៣ លើក និងស្មើ ១ លើក ក្នុងនោះរាប់បញ្ចូលទាំងការប្រកួត ១ លើករបស់កម្មវិធី ONE Championship (ONE) ផងដែរ។
ទោះបីជាយ៉ាងណា អ្នកប្រយុទ្ធមកពីខេត្តកណ្តាលរូបនេះ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ តាមរយៈបណ្តាញសង្គម Facebook ថា៖ «ខ្ញុំមិនមានអារម្មណ៍ភិតភ័យឡើយ។ ខ្ញុំត្រៀមរួចរាល់សម្រាប់ការប្រកួតនេះ»។
សរ សី ដែលបានចេញទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទនោះ បានចំណាយពេលហ្វឹកហាត់ត្រៀមលក្ខណៈសម្រាប់ការប្រកួតនេះទាំងស្នៀតក្លេ និងប្រដាល់អស់រយៈពេលជាច្រើនជាង ១ ខែ ជាមួយនឹងក្លិប Cambodian Top Team របស់លោកហ៊ុន ចាន់រាជ។
កីឡាករចាស់វស្សារូបនេះបានបញ្ជាក់ថា៖ «ខ្ញុំមិនហ៊ានមើលស្រាលទៅលើដៃគូប្រកួតរបស់ខ្ញុំឡើយ ព្រោះគេជាកីឡាករខ្លាំងម្នាក់ និងមានកម្លាំងខ្លាំង។ ប៉ុន្តែ ខ្ញុំនឹងប្រើប្រាស់គ្រប់ស្នៀតប្រកួតដើម្បីផ្តួលរូបគេ។ បើគេចង់ប្រើប្រាស់ស្នៀតក្លេ ខ្ញុំនឹងព្យាយាមរារាំង ដោយមិនបណ្តោយខ្លួនឲ្យចូលអន្ទាក់របស់គេឡើយ»។
Phoe Thaw ជាកីឡាករជើងខ្លាំងម្នាក់របស់មីយ៉ាន់ម៉ា ខណៈដែលរូបគេមានកំណត់ត្រាយ៉ាងល្អក្នុងយុទ្ធគុនចម្រុះរបស់កម្មវិធី ONE ដោយឈ្នះ ៥ លើកពីការប្រកួតទាំង ៥ លើករបស់គេក្នុងសង្វៀនដាក់ទ្រុងរបស់អង្គភាពរៀបចំក្បាច់ប្រដាល់ចម្រុះឈានមុខគេរបស់អាស៊ីមួយនេះ។
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ ក៏បានមកហ្វឹកហាត់នៅកម្ពុជាផងដែរ ជាមួយនឹងក្លិបសិល្បៈ៕