ភ្នំពេញ៖ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជូនកីឡាករ និងកីឡាការិនីចំនួន ១៥ នាក់ (ស្រី ១ នាក់) ឲ្យចេញទៅបោះជំរំហ្វឹកហាត់នៅទីនោះ ព្រមទាំងចូលរួមប្រកួតលក្ខណៈមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីបង្កើនសមត្ថភាពត្រៀមសម្រាប់ការប្រកួតអន្តរជាតិនានា ក៏ដូចជាព្រឹត្តិការណ៍ស៊ីហ្គេមផងដែរ។
លោក ស៊្រុន លាង គ្រូបង្វឹកក្រុមជម្រើសជាតិ បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីយប់ថ្ងៃចន្ទថា៖ «យើងចេញទៅហ្វឹកហាត់នៅប្រទេស ជប៉ុន ដើម្បីត្រៀមប្រកួតជាលក្ខណៈមិត្តភាព នៅថ្ងៃទី ២២ ដល់ ២៤ ខែ កញ្ញា ឆ្នាំ ២០១៩ ដើម្បីពង្រឹងសមត្ថភាពឲ្យបានល្អ និងស្វែងរកការប្រកួត និងបទពិសោធថែមទៀត»។
តាមលោក ស៊្រុន លាង បានឲ្យដឹងថា សម្រាប់ការប្រកួតមិត្តភាពនោះ ក្រុមកម្ពុជានឹងលេងវិញ្ញាសាជាឯកត្តជន, គូ និងប្រកួតជាក្រុម ដែលលេងជាប្រភេទទូកកានូ (អុំលុតជង្គង់) ប្រភេទកាយ៉ាក់ (អុំសណ្តូកជើង) និងប្រភេទរ៉ូអ៊ីង (អុំថយក្រោយ) ដោយក្នុងនោះមានការប្រកួតវិញ្ញាសាចម្ងាយ ២០០ ម៉ែត្រ និង ៥០០ ម៉ែត្រ។
ចំណែកលោក ថូ លីដា ប្រធានក្រុមដឹកនាំ បាននិយាយថា៖ «យើងបានហ្វឹកហាត់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ជាប្រចាំរយៈពេល ៣ ខែមកហើយ ក្រោមការឧបត្ថម្ភពីលោក ជា ប៊ុនហេង ដែលធ្វើឲ្យអត្តពលិកមានកម្លាំង និងសមត្ថភាពល្អ។ ចំណែកការចេញទៅហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេសលើកនេះ នឹងធ្វើឲ្យយើងមានកម្រិតបច្ចេកទេសល្អជាងនៅក្នុងស្រុក ព្រោះទាំងសម្ភារ និងបច្ចេកទេស គ្រូបង្វឹក ព្រមទាំងពេលវេលា ក៏ដូចទីលាន គឺមានលក្ខណៈស្តង់ដាអន្តរជាតិ រីឯទីលានហ្វឹកហាត់នៅស្រុកយើង គឺតាមទន្លេ ឬបឹង មិនទាន់មានកម្រិតស្តង់ដានៅឡើយ»។
លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានឲ្យដឹងថា កម្មវិធីទៅហ្វឹកហាត់ និងបោះជំរំប្រកួតទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីងនេះ យើងទទួលបានកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធទូកកានូ កាយ៉ាក់ប្រទេស ជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
លោកបានបន្ថែមថា៖ « នៅក្នុងនោះភាគីជប៉ុនបានជួយឧបត្ថម្ភការហូបចុក ស្នាក់នៅ និងសំបុត្រយន្តហោះមួយចប់ ហើយបន្ថែមពីលើនេះសម្តេចក្រឡាហោម ស ខេង ក្នុងនាមជាប្រធានសហព័ន្ធ បានឧបត្ថម្ភថវិកាដល់អត្តពលិកក្នុងម្នាក់ៗចំនួន ២០០ ដុល្លារ និងសម្ភារមានសម្លៀកបំពាក់ខោអាវកីឡាផងដែរ»។
គួររំឭកថា ច្រើនឆ្នាំមកនេះ កីឡាទូកមិនដែលទទួលបានពានរង្វាន់ ឬជយលាភីពីលំដាប់អន្តរជាតិនោះទេ ប៉ុន្តែក្រោយមានការកំណែទម្រង់រចនាសម្ព័ន្ធសហព័ន្ធជាថ្មី កាលពីដើមឆ្នាំ ២០១៩ ដោយមានលោក ស ខេង ជាប្រធាន និងលោក ជា ប៊ុនហេង ជាអគ្គលេខាធិការនោះបានធ្វើឲ្យក្រុមកីឡាករទូករបស់សហព័ន្ធទទួលបានជយលាភី ជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់៕