ភ្នំពេញៈ កីឡាករម៉ូតូទឹក សាលី អ៊ូមើត ដែលទើបទទួលបានងារជា «វីរកីឡាករ» បន្ទាប់ពីឈ្នះបានមេដាយមាស ១ និងសំរឹទ្ធ ១ ឲ្យកម្ពុជា ក្នុងការប្រកួតកីឡាអាស៊ី លើកទី ១៨ ឆ្នាំ ២០១៨ (Asian Games) នៅប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ នឹងត្រូវធ្វើការប្រកួតប្រជែងរកមេដាយ ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក Blowsion World Final 2018 នៅសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមពីព្រឹកម៉ោង ៧ (ម៉ោងនៅកម្ពុជា) ថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃទី ១៣ ខែតុលា។
ការវិលទៅកាន់ការប្រកួតប្រជែងកម្រិតពិភពលោកជាថ្មីនៅសហរដ្ឋអាមេរិក លើកនេះ វាបានក្លាយជាការរំឭកឡើងវិញនូវអនុស្សាវរីយ៍ដ៏រំភើប ដែលរូបគេបានបង្កើតឡើងនៅទីនោះ គឺការដណ្តើមបានតំណែងជើងឯកចំនួន ៦ ដង និងលេខ ៣ ម្តង ក្នុងការប្រកួតកាលពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៣ ប៉ុន្តែការដណ្តើមបានជើងឯក ៣ ឆ្នាំជាប់ៗគ្នានោះ គឺ អ៊ូមើត លេងតំណាងឲ្យក្លិបមួយនៅថៃ មិនមែនលេងតំណាងឲ្យកម្ពុជានោះទេ។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតលើកនេះ សាលី អ៊ូមើត នឹងត្រូវប្រកួតតំណាងឲ្យក្លិប Flamingo jet ski racing team របស់កម្ពុជា ជាលើកដំបូង ដោយក្នុងនោះ អ៊ូមើត ត្រូវប្រកួតវិញ្ញាសាស្គីឈរ (Ski Modified) ទាំង ៣ កម្រិតតែម្តង ហើយនេះក៏ជាប្រភេទវិញ្ញាសា ដែលរូបគេបានឈ្នះមេដាយមាសឲ្យកម្ពុជា ជាប្រវត្តិសាស្ត្រ ក្នុងការប្រកួតកីឡាអាស៊ី លើកទី ១៨ នៅឥណ្ឌូនេស៊ី ផងដែរ។
លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបង្ហាញពីមោទនភាព ដែលបានបញ្ជូនសាលី អ៊ូមើត ទៅប្រកួតជើងឯកពិភពលោក តំណាងឲ្យកម្ពុជាជាលើកដំបូងនេះ គឺតាមរយៈក្លិប Flamingo jet ski racing team របស់ អ៊ូមើត ផ្ទាល់តែម្តង។ លោកបានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃពុធថា៖ «នេះជាលើកដំបូងដែលយើង បានបញ្ជូនវីរកីឡាករ សាលី អ៊ូមើត ទៅចូលរួមការប្រកួត ពិភពលោក ក្នុងនាមសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា»។
លោកបានបន្ថែមថា៖ «ទោះជាមានពេលវេលាខ្លីបែបណា ក៏យើងត្រូវតែរៀបចំបញ្ជូនគាត់ចូលរួមឲ្យបានដើម្បីបង្ហាញថា កម្ពុជា មានសហព័ន្ធត្រឹមត្រូវហើយ ហើយវាជាមោទនភាពដែលខ្មែរអាចចូលរួមប្រកួតកម្រិតពិភពលោកជាមួយគេបាន គឺត្រូវតែមានឈ្មោះកម្ពុជា នៅលើហ្នឹង។ ហេតុនេះយើងត្រូវស្វះស្វែងធ្វើបែបនេះ ដើម្បីឲ្យកីឡាកររបស់យើងមានឈ្មោះលេចត្រដែត នៅលើពិភពលោកបាន»។
យ៉ាងណាក៏ដោយ លោក ណុះ ស្លេះ បានចាត់ទុកការប្រកួតជើងឯកពិភពលោកនេះថា មានការពិបាកស្វែងរកមេដាយ ជាងការប្រកួតកីឡាអាស៊ី កន្លងមកនេះ។ លោកថ្លែងថា៖ «នេះជាការប្រកួតពិភពលោក ដែលមានជាង ៥០ ប្រទេសចូលរួម អ៊ីចឹងការស្វែងរកមេដាយពីការប្រកួតនេះ វាមានការពិបាកជាងការប្រកួត កីឡាអាស៊ី ព្រោះនេះជាព្រឹត្តិការណ៍ប្រជុំទៅដោយជើងខ្លាំងមកពីគ្រប់ទិសទី និង គ្រប់ទ្វីប ពិសេសទ្វីបអឺរ៉ុប និង អូស្ត្រាលី ដែលមានកម្រិតខ្លាំងមែនទែន»។
នៅពេលសួរពីទំនុកចិត្តឈ្នះមេដាយលោក ណុះ ស្លេះ បញ្ជាក់ថា៖ «សាលី អ៊ូមើត ធ្លាប់បានចូលរួមការប្រកួតជើងឯកពិភពលោក នៅអាមេរិកនេះ កាលពីឆ្នាំ ២០១១ ឆ្នាំ ២០១២ និងឆ្នាំ ២០១៣ ដោយដណ្តើមបានជើងឯកមិនដែលខានឡើយ តែការវះកាត់របួសដៃ ធ្វើឲ្យគាត់អាក់ខានចូលរួមព្រឹត្តិការណ៍នេះអស់ពេលជាច្រើនឆ្នាំ អ៊ីចឹងយើងចាំមើលទៅមើល តើការវិលត្រឡប់ទៅប្រកួតលើកនេះ គាត់មានកម្លាំងធ្វើបានល្អកម្រិតណា? ប៉ុន្តែយើងនៅតែមានសង្ឃឹមលើគាត់ ថាអាចដណ្តើមបានមេដាយឲ្យកម្ពុជា»៕