ភ្នំពេញៈ អ្នកប្រដាល់ជំនាញកែងមុត និងជង្គង់ស្រួច សុខ សាវិន បានផ្តួលកីឡាករចំណូលថ្មី Supper Pek សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិដែលមិនបានត្រៀមខ្លួនជាមុនកាលពីថ្ងៃអាទិត្យព្រោះ សាវិន ត្រូវបានគណៈកម្មការរៀបចំការប្រកួតឲ្យឡើងប្រកួតជំនួស ម៉ឺន មេឃា ដែលស្រាប់តែបាត់មុខ ដោយគ្មានប្រភពណាបញ្ជាក់ពីមូលហេតុនោះ។ ចំណែកជើងខ្លាំងវ័យក្មេងជំនាន់ក្រោយ កូយ ឡាយ ក៏បានផ្តួលថៃអ្នកចំណូលថ្មី Cheng Sek ឲ្យសន្លប់ត្រឹមទឹកទី ៣ ផងដែរ។
មុនពេលប្រកួតនៅលើសង្វៀន SEATV កាលពីល្ងាចថ្ងៃអាទិត្យនោះលោកសន អេលីត ជាគ្រូបង្វឹកក៏ដូចជា សុខ សាវិន មានការព្រួយបារម្ភខ្លាំងពីការប្រកួតនេះដោយសារ សាវិន មិនបានហ្វឹកហាត់ និងត្រៀមខ្លួនជាមុននោះទេ ប៉ុន្តែនៅពេលប្រកួតជាក់ស្តែង សាវិន ទទួលបានលទ្ធផលល្អគួរឲ្យពេញចិត្តបំផុតដោយបានផ្តួល Supper Pek ដែលជាបងប្រុសរបស់ជើងខ្លាំងថៃ Supper Man ឲ្យសន្លប់ធំត្រឹមទឹកទី ២ ប៉ុណ្ណោះ។
នៅក្នុងការប្រកួតនោះ សាវិន បានជួបឧបសគ្គធំដោយស្នៀតជង្គង់របស់កីឡាករថៃបោះចេញល្អលំបាកចូលកៀក ហើយកណ្តាប់ដៃ និងស្នៀតកែងរបស់ សុខ សាវិន ក៏វាយមិនចំគោលដៅបានល្អដែរ គឺចាញ់ប្រៀបកីឡាករថៃ ទាំងកម្លាំង និងបច្ចេកទេស ប៉ុន្តែចាប់ពីពាក់កណ្តាលទឹកទី ២ ទៅ សាវិន បានប្តូរយុទ្ធសាស្ត្រចូលវាយកែង និងក្បាច់ជង្គង់បានល្អ ហើយស្នៀតទាត់ចូលកណ្តៀតក្អមធ្ងន់ៗរបស់គេធ្វើឲ្យ Supper Pek ដួលងើបលែងរួចទោះអាជ្ញាកណ្តាល ណន រិទ្ធិ បានរាប់គ្រប់ ១០ ក៏ដោយ។
ជ័យជម្នះរបស់ សាវិន លើកនេះត្រូវបានអ្នកទស្សនាមួយចំនួនធំហៅថា ជាការហេង ឬសំណាងបំផុតដែលទាត់ ១ ជើងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ព្រោះបើការប្រកួតអូសបន្លាយតទៅទៀតគឺមិនអាចមានលទ្ធភាពឈ្នះថៃបានទេ។ គ្រូប្រដាល់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានរិះគន់ថា៖ «នេះគេហៅថាឈ្នះដោយហេងបំផុត ហើយបញ្ហាផ្លាស់ប្តូរគូប្រកួតជាទម្លាប់មួយអាក្រក់ដែលមន្ត្រីបច្ចេកទេសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មើលមិនទាន់ឃើញមិនទាន់មានកំណែទម្រង់»។
ប្រភពដដែលបានបន្ថែមថា៖ «ខ្សែ អេ ភូថង ឬ កូន អេ ភូថង នេះកន្លងមកធ្វើឲ្យសហព័ន្ធបាក់មុខមាត់មិនស្ទើរទេ ពិសេសការផ្គូផ្គងសុទ្ធតែមានខ្សែ ឬមានប្រៀបលើគេបានព្រម ប៉ុន្តែ អេ ភូថង ទោះជាធ្វើអ្វីៗក៏មិនងាយនឹងខុសដែរ ហើយកីឡាករ ម៉ឺន មេឃា អវត្តមានក៏ស្ងាត់ឈឹងដែរ»។
ចំណែក កូយ ឡាយ បានផ្តួលអ្នកចំណូលថ្មីថៃ Cheng Sek ឲ្យសន្លប់ត្រឹមទឹកទី ៣ ដោយស្នៀតទាត់ និងបន្ថែមដោយកែងបុកកាណូតឲ្យសន្លប់ធំតែម្តង៕