ភ្នំពេញ: ជ័យជម្នះ​របស់​សុខ សា​វិ​ន លើ​កីឡាករ​ថៃ Phat Nengthong ក្នុង​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ចុង​ក្រោយ​បង្អស់​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ នៃ​សង្វៀន​អាស៊ី​អាគ្នេយ៍ អាច​ចាត់​ទុក​ថា ឈ្នះ​ទាំង​សំណាង ព្រោះ​កីឡាករ​ថៃ​មាន​ប្រៀប​ឈ្នះ​ពិន្ទុ​ដាច់​ទៅ​ហើយ មុន​នឹង​នៅ​ចុង​ទឹក​ទី ៥ បែរ​ជា​កីឡាករ​កម្ពុជា មាន​ឱកាស​ដ៏​កម្រ​ឡើង​ជង្គង់​ឲ្យ​កីឡាករ​ថៃ Phat Nengthong សន្លប់​ដ៏​មិន​គួរ​ឲ្យ​ជឿ។

លទ្ធផល​ជ័យជម្នះ​នេះ​ក្នុងចំណោម​ការប្រកួត ៤ លើក មានន័យថា សាវិន បាន​វាយ​ឲ្យ​ថៃ​សន្លប់ ៣ នាក់ ចាញ់​ពិន្ទុ​ថៃ​ម្នាក់ មាន ១០ ពិន្ទុ​ប៉ុណ្ណោះ។ បើ​ទោះបី​ឈ្នះ​ក៏ដោយ ប៉ុន្តែ កីឡាករ​សុខ សាវិន នៅ​តែ​មាន​ភាគរយ​តិច​ក្នុង​ឱកាស​ទទួល​បាន​សិទិ្ធ​ចេញ​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ជាមួយ​កីឡាករ​ថៃ ដោយ​សារ​តែ​សូត្រ ប៊ុនធី ឈ្នះ​បាន ៣ ប្រកួត មាន ៩ ពិន្ទុ និង​នៅ​សល់​ការ​ប្រកួត​ក្នុង​ដៃ ១ លើក​ទៀត។

តាម​ការ​ព្យាករ និង​បូកសរុប​លទ្ធផល​បណ្តោះអាសន្ន​ពី​គណៈកម្មការ​រៀបចំ​ប្រកួត សុខ សាវិន ត្រូវ​រង់ចាំ​លទ្ធផល​ប្រកួត​របស់​កីឡាករ​ក្នុង​ពូល​ជាមួយ​គឺ​សូត្រ ប៊ុនធី ជាមួយ​កីឡាករ​ថៃ Phat Chhayakphoum នៅ​ថ្ងៃទី ៣ ខែ​វិច្ឆិកា ឆ្នាំ ២០១៨។

លទ្ធផល​នេះ​នឹង​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ថា បើ​សូត្រ ប៊ុន​ធី ឈ្នះ​គឺ​ត្រូវ​ឡើងទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាមួយ​កីឡាករ​ថៃ ប៉ុន្តែ​បើ​សូត្រ ប៊ុនធី ចាញ់​ថៃ​គឺ​ធ្លាក់ ហើយ​ឱកាស​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​បាន​ទៅ​លើ​កីឡាករ​សុខ សាវិន វិញ។

ប៉ុន្តែ លោក​សួន ប៊ុនសូត្រ គ្រូបង្វឹក និង​ជា​ឪពុក​បង្កើត​របស់​សូត្រ ប៊ុនធី បាន​និយាយ​ថា៖ «ប៊ុនធី នឹង​ឈ្នះ​កីឡាករ​ថៃ Phat Chhayakphoum ដើម្បី​មាន​ពិន្ទុ​គ្រប់​គ្រាន់​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ពីព្រោះ​កន្លង​មក​ប៊ុន​ធី ធ្លាប់​វាយ​ឲ្យ Phat Chhayakphoum ចុះ​ចាញ់​មុន​ទឹក​ទី ៥ រួច​មក​ហើយ។ ម្យ៉ាង​វិញ​ទៀត គេ​ព្យាយាម​ហ្វឹកហាត់ និង​រក្សា​សុខភាព ព្រម​ទាំង​សម្រួច​ស្នៀត​កែង​ជង្គង់​ជាមួយ​ខ្ញុំ​រៀង​រាល់​ថ្ងៃ ខ្ញុំ​សង្ឃឹម​ឈ្នះ ៩០ ភាគរយ។

លោក​សន អេ​លី​ត គ្រូបង្វឹក​សុខ សា​វិ​ន បាន​និយាយថា៖ «ការ​ចាញ់ ១ ប្រកួត​របស់​សាវិន ធ្វើ​ឲ្យ​អស់​សង្ឃឹម​ខ្លាំង​ណាស់ ប៉ុន្តែ​គេ​ប្រឹង​អស់​ពី​សមត្ថភាព​ទៅ​ហើយ»។

លោក​សន អេ​លី​ត បាន​បន្ថែមថា «ឥឡូវនេះ យើង​រង់ចាំ​ដង្ហើម​គេ​ដក​គឺ​មានន័យ​ថា គេ​ចាញ់ ទើប​យើង​បាន​ឡើង តែ​បើ​គេ​ឈ្នះ​គឺ​យើង​ធ្លាក់​ហើយ​សមត្ថភាព​របស់​សូត្រ ប៊ុន ធី​អាច​មាន​កម្រិត​លើ​កីឡាករ​ថៃ Phat Chhayakphoum ដែរ ប្រសិន​បើ​ហ្វឹកហាត់​ពេញ​ល្អ»។

គូ​ខ្សែក្រវាត់ ១ គូ​ទៀត​ដែល ប្រកួត​បង្គ្រប់​តាម​រូបមន្ត ឃឹម បូរ៉ា មកពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយ​មានជ័យ បាន​ចាញ់​ដោយ​សន្លប់​ក្រោម​ស្នៀត​ទាត់​របស់​កីឡាករ​ថៃ Phat Thana ត្រឹម​ទឹក​ទី ២។

ការ​បរាជ័យ​របស់​បូរ៉ា ត្រូវ​បាន​អ្នក​ទស្សនា​ភាគ​ច្រើន​រិះគន់​ថា វាយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន ដោយ​អាង​តែ​ការ​ប្រកួត​បង្គ្រប់​កិច្ច ព្រោះ​លទ្ធផល​ឈ្នះ ឬ​ចាញ់ មិន​សំខាន់​ឡើយ៕