ភ្នំពេញ: កីឡាករ​ប្រដាល់​គុន​ខ្មែរ​ទើបតែ​រះ សុខ ធី ពោរ​ពេញ​ដោយ​ការ​ជឿ​ជាក់​ថា អាច​ជម្រះ​មន្ទិល​សង្ស័យ​ផ្សេងៗ​នៅ​ពេល​ដែល​រូបគេ​ធ្វើ​ដំណើរ​ទៅ​សង​សឹក​ជាមួយនឹង​កីឡាករ​ជើង​ចាស់​របស់​ថៃ Lerdsila Phuket Top Team ក្នុង​ការ​ប្រកួត Super Series Muay Thai នៃ​ព្រឹត្តិការណ៍ ONE: Warrior''s Dream ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ។

កីឡាករ​វ័យ ២០ ឆ្នាំ​រូបនេះ នឹងធ្វើ​ដំណើរ​ទៅកាន់​សង្វៀន Stadium Istora របស់​កម្មវិធី ONE Championship (ONE) នៅ​ថ្ងៃ​សៅរ៍ ទី ១៧ ខែ​វិច្ឆិកា ដោយ​ការ​ស្រេក​ឃ្លាន​ក្នុង​ការ​បញ្ចប់​នូវ​ភាព​មិន​ច្បាស់​លាស់​ផ្សេងៗ ក្រោយ​ពី​រូបគេ​បាន​ចាញ់​ដោយ​ពិន្ទុ​ទាំង​ចម្រូង​ចម្រាស នៅ​ពេល​ដែល​កីឡាករ​ទាំង ២ បាន​ជួប​គ្នា​ជា​លើក​ទី ១ ក្នុង​ព្រឹត្តិការណ៍ ONE: PINNACLE OF POWER ក្នុង​ទីក្រុង​ម៉ាកាវ កាល​ខែ​មិថុនា។

ក្នុងការ​ប្រកួត​ដែលមាន ៣ ទឹក​ពី​លើក​មុន សុខ ធី ហាក់​បានបង្ហាញ​ពី​ការ​មានប្រៀប​របស់​ខ្លួន​ក្នុង​ការ​ប្រកួត ២ ទឹក​ចុង​ក្រោយ ខណៈ​ដែល​ការ​ប្រកួត​នៅ​ទឹក​ទី ១ ហាក់​ដូចជា​ចាញ់​ប្រៀប​កីឡាករ​ថៃ​បន្តិច។ ក្រោយ​ពី​ប្រយុទ្ធ​គ្នា​យ៉ាង​ជក់​ចិត្ត​រវាង​កីឡាករ​ទាំង ២ Lerdsila បាន​ទទួល​ជ័យជម្នះ​ដោយ​ពិន្ទុ មិន​ឯកច្ឆន្ទ ពី​សំណាក់​ចៅ​ក្រម​ទាំង ៣។

ទោះបីជា​យ៉ាងណា ក្រោយពី​មានការ​តវ៉ាផ្សេងៗឲ្យ​មានការ​ត្រួតពិនិត្យ​លើ​ការផ្តល់​ពិន្ទុ​ជាថ្មី ប្រធាន​អង្គភាព ONE បាន​សម្រេច​ចិត្ត​ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត ៥០០០ ដុល្លារ​អាមេរិក​បន្ថែម​ទៅ​លើ​តម្លៃ​ខ្លួន​ដល់ សុខ ធី ចំពោះ​ការ​កាត់​សេចក្តី​ដ៏​ចម្រូង​ចម្រាស​នោះ។

ហេតុនេះ​កីឡាករ​ទាំង ២ នឹងត្រូវ​ជួប​ប្រកួត​សងសឹក​ម្តងទៀត​ក្នុង​ទម្ងន់ ៦១,២ ក្នុង​ការ​ប្រកួត​ប្រដាល់​សេរី ខណៈ​ដែល​លោក​ហ៊ុន ចាន់​រាជ គ្រូបង្វឹក​របស់​ក្លិប Cambodia Top Team និង​ជា​អ្នក​រួម​ដំណើរ​ជាមួយ​សុខ ធី និង​លោក​សាន សៅ​យ៉ាន់ ដែល​ជា​គ្រូបង្វឹក​ផ្ទាល់ ជឿ​ជាក់​ថា កីឡាករ​រូប​នេះ​មាន​ប្រៀប​ច្រើន​ក្នុង​ការ​ស្តារ​មុខមាត់​របស់​ខ្លួន​ត្រឡប់​មក​វិញ។ គ្រូបង្វឹក​វ័យ ៣១ ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ មុន​ពេល​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ម្សិលមិញ​ថា៖ «ខ្ញុំ​គិត​ថា សុខ ធី មាន​សង្ឃឹម​ច្រើន ព្រោះ​កម្លាំង​ស៊ុហ្វ​របស់​គេ ខ្លាំង​ជាង ហើយ​រូបគេ​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​គេ​រួច​ជា​ស្រេច​កាល​ពី​ការ​ជួប​គ្នា​លើក​មុន»។

លោក​ហ៊ុន ចាន់​រាជ បាន​បន្ថែមទៀតថា ៖ «Lerdsila ជា​កីឡាករ​ខ្លាំង​ម្នាក់ ប៉ុន្តែ រូបគេ​ក៏មាន​វ័យ​ចាស់​បន្តិច​ហើយ ហេតុ​នេះ​កម្លាំង​អាច​នឹង​ចាញ់​សុខ ធី។ ជាមួយ​គ្នា​នេះ សុខ ធី ក៏បាន​ហ្វឹក​ហាត់​ត្រៀម​លក្ខណៈ​យ៉ាង​ល្អ​ផង​ដែរ ជា​ពិសេស​ការ​ហ្វឹក​ហាត់​ទៅ​លើ​ការ​រក្សា​កម្លាំង​ក្នុង​ការ​ប្រកួត»។

Lerdsila វ័យ ៣៧ ឆ្នាំ គឺជា​កីឡាករ​ជើងចាស់ និង​ពោរ​ពេញ​ដោយ​បទពិសោធ​ម្នាក់​របស់​ថៃ ដោយ​រូប​គេ​បាន​ឆ្លង​កាត់​ការ​ប្រកួត​មួយ​ថៃ​ច្រើន​ជាង ២០០ លើក ខណៈ​ដែល​រូបគេ​មាន​កំណត់ត្រា​ឈ្នះ​ដល់​ទៅ ១៨៧ លើក ចាញ់ ៣១ លើក និង​ស្មើ ៥ លើក។

យ៉ាងណាក៏ដោយ សុខ ធី ដែល​បាន​ឆ្លងកាត់​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​ច្រើន​ជាង ១០០ លើក និង​ចាប់​ផ្តើម​ប្រកួត​ប្រដាល់​តាំង​ពី​វ័យ ៩ ឆ្នាំ​នោះ បាន​បញ្ជាក់​ថា រូបគេ​នឹង​ប្រើប្រាស់​ការ​មាន​ប្រៀប​ទៅ​លើ​កម្លាំង​ដើម្បី​យក​ឈ្នះ​លើ​កីឡាករ​ថៃ។

កីឡាករ​មកពី​ខេត្ត​បន្ទាយមានជ័យ​រូបនេះ បានបញ្ជាក់ថា៖ «ខ្ញុំ​មានការ​ជឿ​ជាក់​ខ្ពស់ ព្រោះ​ខ្ញុំ​បាន​ហ្វឹក​ហាត់​ត្រៀម​លក្ខណៈ​បាន​ល្អ។ ក្រោយ​ពី​ការ​ជួប​កីឡាករ​ថៃ​កាល​ពី​មុន ខ្ញុំ​ដឹង​ថា ខ្ញុំ​មាន​ប្រៀប​ផ្នែក​កម្លាំង ដោយ​កីឡាករ​ថៃ​ឆាប់​អស់​កម្លាំង»។

ទោះបីជា​យ៉ាងណា សុខ ធី មិន​ហ៊ាន​មើលស្រាល​ទៅលើ​ដៃគូ​របស់ខ្លួន​ឡើយ តាមរយៈ​ការ​ប្រាប់​ថា៖ «ខ្ញុំ​មិន​ហ៊ាន​ព្យាករ​ថា នឹង​ផ្តួល​កីឡាករ​ថៃ​ក្នុង​ទឹក​ណាមួយ​ឡើយ ប៉ុន្តែ ខ្ញុំ​នឹង​ព្យាយាម​ដណ្តើម​យក​ឈ្នះ​ដោយ​ពិន្ទុ»៕