ភ្នំពេញ: កីឡាករប្រដាល់គុនខ្មែរទើបតែរះ សុខ ធី នៅតែបន្តជួបការខកចិត្តក្នុងការប្រកួតសងសឹករបស់គេជាមួយនឹងកីឡាករជើងចាស់ថៃ Lerdsila Phuket Top Team ក្នុងកម្មវិធី ONE Super Series Muay Thai នៃព្រឹត្តិការណ៍ ONE: Warrior''s Dream ក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍។
កីឡាករកម្ពុជាវ័យ ២០ ឆ្នាំរូបនេះ បានធ្វើដំណើរទៅកាន់ សង្វៀន Stadium Istora ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដោយសម្លឹងរកការសងសឹករបស់គេលើកីឡាករថៃ Lerdsila ក្នុងការជួបគ្នាជាលើកទី ២ របស់ពួកគេ ក្រោយពីការចាញ់ដោយពិន្ទុមិនឯកច្ឆន្ទទាំងចម្រូងចម្រាសកាលពីខែមិថុនា កន្លងទៅ។
ក្នុងពេលជួបគ្នាជាលើកទី ១ កីឡាករសុខ ធី បានគ្រប់គ្រងលើគូប្រកួតរបស់ខ្លួនក្នុងការប្រកួត ២ ទឹកចុងក្រោយ ប៉ុន្តែ ត្រូវបានប្រកាសឲ្យចាញ់ដ៏ចម្រូងចម្រាស មុននឹងនាយកប្រតិបត្តិបានផ្តល់ប្រាក់លួងចិត្ត ៥០០០ ដុល្លារអាមេរិក បន្ថែមទៅលើតម្លៃខ្លួនរបស់កីឡាករកម្ពុជារូបនេះ ក្រោយពីមានការតវ៉ាផ្សេងៗ។
ទោះបីជាយ៉ាងណា Lerdsila វ័យ ៣៧ ឆ្នាំ នៅតែអាចរក្សាកំណត់ត្រាឈ្នះរបស់ខ្លួន ក្រោយពីបានបញ្ចប់ការសង្ស័យផ្សេងៗតាមរយៈការយកឈ្នះលើកីឡាករសុខ ធី ដោយពិន្ទុជាឯកច្ឆន្ទ បន្ទាប់ពីបានគ្រប់គ្រងលើដៃគូ ក្នុងការប្រកួតប្រភេទទម្ងន់ ៦១,២ គីឡូក្រាមទាំង ៣ ទឹក។
ក្នុងកម្មវិធីប្រកួតដែលត្រូវបានរៀបចំឡើងដោយអង្គភាព ONE Championship (ONE) នៅថ្ងៃដដែលនោះ កីឡាករ Zebaztian Kadestam បានសម្រេចក្តីសុបិនរបស់គេតាមរយៈការក្លាយជាម្ចាស់ខ្សែក្រវាត់យុទ្ធគុនចម្រុះ (MMA) ពិភពលោក តាមរយៈការយកឈ្នះលើកីឡាករអាមេរិក Tyler McGuire ដើម្បីឈ្នះខ្សែក្រវាត់ពិភពលោកក្នុងទម្ងន់ ៨៣,៩ គីឡូក្រាមពីស្ថាប័ន ONE។
Kadestam បានធ្វើការគ្រប់គ្រងទៅលើ McGuire តាមរយៈការប្រើប្រាស់ស្នៀតទាត់ខ្ពស់ និងស្នៀតដាល់ដោយកណ្តាប់ដៃស្តាំជាបន្តបន្ទាប់យ៉ាងល្អរបស់គេ។ បើទោះបី McGuire បានបង្ហាញពីភាពរឹងមាំតាមរយៈការព្យាយាមប្រើប្រាស់ស្នៀត តេក្វាន់ដូរបស់គេក្នុងការប្រកួតនេះក៏ដោយ ប៉ុន្តែ Kadestam បានបង្ហាញពីស្នៀតការពារក្បាច់ក្លេយ៉ាងល្អ។
នៅជិតបញ្ចប់ការប្រកួតនៃទឹកទី ៥ Kadestam បានបញ្ចេញកណ្តាប់ដៃស្តាំដ៏មានថាមពលរបស់គេដើម្បីវាយឲ្យ McGuire សន្លប់ និងឈ្នះខ្សែក្រវាត់ពិភពលោកតែម្តង។
ដោយឡែក ក្នុងការប្រកួតគូឯករង ម្ចាស់ខ្សែក្រវាត់ប្រដាល់សេរី Nieky “The Natural” Holzken បានបង្ហាញពីភាពខ្លាំងរបស់គេក្នុងកម្មវិធីប្រកួត ONE Super Series តាមរយៈការយកឈ្នះដោយការវាយឲ្យកីឡាករប្រេស៊ីល Cosmo “Good Boy” Alexandre សន្លប់។
កីឡាករសញ្ជាតិហូឡង់រូបនេះ បានដាក់សម្ពាធទៅលើ Alexandre ជាមួយនឹងស្នៀតទាត់ និងកណ្តាប់ដៃយ៉ាងសន្ធាប់ ដើម្បីយកឈ្នះតាមរយៈការវាយសន្លប់ក្នុងទឹកទី ១ តែម្តង៕