ភ្នំពេញ៖ ​កីឡាករ សុខ សាវិន ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សម្រេច​ការ​សងសឹក​ទៅ​លើ​ជើង​ខ្លាំង​របស់​ថៃ Link Loom សម្រាប់​ការ​ជួប​គ្នា​ជា​ថ្មី នៅ​លើ​សង្វៀន CNC ចំណែក​អ្នក​ប្រដាល់​ជួរ​មុខ​​របស់​កម្ពុជា ឡុង សុភី, យ៉េន ឌីណា, មឿន សុខហ៊ុច និង​ ឡុង ជិន ​បាន​យក​ឈ្នះ​លើ​កីឡាករ​បរទេស នៅ​លើ​សង្វៀន​មួយ​នេះ​ដូច​គ្នា ប៉ុន្តែ ធឿន ធារ៉ា បាន​បាត់បង់​​ឱកាស​ឈ្នះ​ប្រាក់​លាន ​ក្រោយ​​ចាញ់​ជើង​ខ្លាំង​​ថៃ។

តាមរយៈ​ការ​​ប្រកួត​ដណ្តើម​យក​ប្រាក់​លាន​នៅ​លើ​សង្វៀន CNC កាល​ពី​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ សុខ សាវិន មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ បាន​យក​ឈ្នះ​អ្នក​​ប្រយុទ្ធ​របស់​ថៃ Link Loom ដោយ​ពិន្ទុ ក្រោម​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​បំផុត។ ​ជ័យជម្នះ​នេះ បាន​ជួយ​ឲ្យ​រូប​គេ​អាច​លាង​ជម្នះ​ភាព​ហ្មងសៅ​នៅ​ក្នុង​ចិត្ត ចំពោះ​ការ​ចាញ់​ថៃ​ម្នាក់​នេះ​កន្លង​មក​ហើយ សាវិន ក៏​ទទួល​បាន​ប្រាក់​លាន​ចំនួន ​១ ​លាន​រៀល​ផង​ដែរ។

យ៉ាង​ណាមិញ នៅ​មុន​ការ​ទទួល​បាន​ជ័យជម្នះ​របស់ សុខ សាវិន​ នេះ លោក ស៊ន អេលីត ដែល​ជា​គ្រូ​បង្វឹក​របស់ សុខ សាវិន ​បាន​ធ្វើ​ការ​ប្រកាស​ជា​សាធារណៈ​តាម​ហ្វេសប៊ុក​របស់​ខ្លួន ​បញ្ឈរ​ជើង​កីឡាករ អេលីត សាន់ មិន​ឲ្យ​ឡើង​ប្រកួត​ចំនួន ​៣ ​ខែ ជុំវិញ​ការ​មិន​គោរព​វិន័យ និការ​ធ្វើ​ចរិត​ជា​តួឯក​របស់ អេលីត សាន់។

លោក ស៊ន អេលីត ដែល​ជា​បង​ប្រុស​បង្កើត​របស់​វីរ​កីឡាការិនី ស៊ន សៀវម៉ី បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ ​«សព្វ​ថ្ងៃ ខ្ញុំ​បាន​ដើរ​មក​​ដល់​ចំណុច​នេះ​ហើយ អ៊ីចឹង​ខ្ញុំ​ក៏​មិន​ចង់​បោះបង់ (បិទ​ក្លិប) ​នោះ​ដែរ ប៉ុន្តែ​ខ្ញុំ​ក៏​ត្រូវ​ការ​កម្លាំង​ចិត្ត​ពី​កូន​សិស្ស​​ដែរ។ បើ​យើង​ខំ​ប្រឹង​ជួយ​ពួក​គាត់​បាន​ប៉ុណ្ណឹង​ហើយ តែ​គាត់​មិន​ដែល​គិត​ពី​ទឹក​ចិត្ត​យើង​ជា​គ្រូ គាត់​មិន​ដែល​គិត​ពី​វិន័យ គិត​ពី​មុខ​មាត់ និង​កិត្តិយស​របស់​គាត់ គឺ​គាត់​បំផ្លាញ​ខ្លួន​គាត់​ចោល អាហ្នឹង​ខ្ញុំ​ជា​គ្រូ​ក៏​អស់​ទឹក​ចិត្ត​ធ្វើ​ទៅ​មុខ​ទៀត​ដែរ»។

ស៊ន អេលីត បាន​បន្ថែម​ថា៖ ​«យើង​ជួយ​លើក​ឲ្យ​គាត់​មាន​ឈ្មោះ​ល្បី​ហើយ បែរ​ជា​គាត់​ធ្វើ​ចរិត​តួឯក​និយាយ​លែង​ស្តាប់​គ្នា អ៊ីចឹង​​ខ្ញុំ​អត់​ទុក​នោះ​ទេ ដូច​ជា អេលីត សាន់ ខ្ញុំ​ឲ្យ​បញ្ឈរ​ជើង ៣ ​ខែ ហើយ​ពេល​ត្រឡប់​មក​វិញ គាត់​ខំ​​ប្រឹង​ហាត់​កែ​ខ្លួន គឺ​ខ្ញុំ​ឲ្យ​ឡើង​វ៉ៃ​វិញ ប៉ុន្តែ​បើ ​៣ ខែ​ហើយ ចរិត​នៅ​ដដែល ខ្ញុំ​ឲ្យ​ទៅ ​៣ ខែ​ទៀត»។

សុខ សាវិន បាន​ម៉ាត់ទៅ​លើ​ថៃ Link Lool ដើម្បី​សម្រេច​ការសងសឹក ចំពោះ​ការចាញ់កន្លងមក។ រូប CNC

ជាមួយ​ការ​បញ្ឈរ​ជើង​នេះ អាច​និយាយ​បាន​ថា ការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​ជាមួយ​ជើង​ខ្លាំង​ថៃ Vithak Yayuth កាល​ពី​ថ្ងៃទី ​១៨ ខែ​ មករា ឆ្នាំ ​២០២០ នៅ​លើ​សង្វៀន CNC វា​បាន​ក្លាយជា​ការ​បង្ហាញ​ខ្លួន​លើក​ចុង​​ក្រោយ​របស់ អេលីត សាន់ ខណៈ អេលីត សាន់ ក៏​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ខ្សែ​ក្រវាត់​នេះ​ដែរ ដោយ​រូប​គេ​បាន​ចាញ់ Vithak Yayuth ដោយ​ពិន្ទុ។

ផ្ទុយ​ពី​នេះ កីឡាករ​កម្ពុជា តាញ់ មករា និង បាង កាយ៉ាក ​បាន​ក្លាយជា​បេក្ខភាព​ដែល​ត្រូវ​ឡើង​ទៅ​​ប្រឈម​ជាមួយ Vithak Yayuth និង​កីឡាករ​ថៃ​ម្នាក់​ទៀត​ឈ្មោះ Phat Kreangkrai នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ព្រោះ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ តាញ់ មករា បាន​យក​ឈ្នះ​ថៃ Khun Phun Noy ដោយ​ពិន្ទុ ហើយ កាយ៉ាក បាន​ឈ្នះ​ថៃ Braphairy Phyanorn Yim ដោយ​ពិន្ទុ​ដូច​គ្នា។

ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន CNC កាល​ពី​ថ្ងៃ​សៅរ៍​នោះ​ដែរ អ្នក​លេង​ជង្គង់ ឡុង សុភី បាន​យក​ឈ្នះ​កីឡាករ​ថៃ Pu Sang Yai ដោយ​ពិន្ទុ ក្រោម​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​បំផុត។ រីឯ យ៉េន ឌីណា ក៏​បាន​យក​ឈ្នះ​ពិន្ទុ​ថៃ Korng Napha ដោយ​លំបាក​ដូច​គ្នា ប៉ុន្តែ ឡុង ជិន ​បាន​ផ្តួល​​កីឡាករ​ឥណ្ឌា Muhkerjee Anup ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣។

ចំណែក​កីឡាករ​អាង​ទៅ​លើ​កម្លាំង​ទាត់​ចេញ មឿន សុខហ៊ុច បាន​យក​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ Noeng Trakan ដោយ​ពិន្ទុ​ជា​ថ្មី​ម្តង​ទៀត ប៉ុន្តែ​អ្នក​ធ្លាប់​ល្បី​ឈ្មោះ​ខ្លាំង ធឿន ធារ៉ា ​បាន​ចាញ់​ជើង​ខ្លាំង​របស់​ថៃ Korng MoerngChang ដោយ​ពិន្ទុ​ ហើយ​តាមរយៈ​ការ​ប្រកួត​នេះ អ្នក​ទស្សនា​មួយ​ចំនួន​បាន​ធ្វើ​ការ​រិះគន់​ថា ធារ៉ា នៅ​ពេល​នេះ​មាន​សមត្ថភាព​ធ្លាក់​ចុះ​ជាង​មុន៕