ភ្នំពេញៈ ប្រដាល់​គុន​ខ្មែរ​ព្រឹត្តិការណ៍​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់​ ៦០ ​គីឡូក្រាម​លើស​ង្វៀន​អាស៊ីអាគ្នេយ៍​នា​រសៀល​ថ្ងៃ​សៅរ៍​ទី​ ២៥ ខែ​ឧសភា ឆ្នាំ​ ២០១៩ ​នេះ​ដល់​ជុំ​ទី​ ២ ​វគ្គ​ជម្រុះ​ជាមួយ​កីឡាករ​ថៃ​គឺ​ដល់​វេន​អ្នក​ប្រដាល់​កម្ពុជា វៀត ប៊ុនឌឿន មកពី​សមាគម​ប្រដាល់​ក្រសួង​ការពារជាតិ និង​ សុខ សាវិន មកពី​ក្លិបឆ្មា ស សែនសុខ ប៉ះ​ជាមួយ​ថៃ​ដើម្បី​ដណ្តើម​ ៣ ​ពិន្ទុ​បន្ថែម​ទៀត ខណៈ​ជុំ​ទី​ ១ ពួកគេ​ទាំង​ ២ ​បាន​ឈ្នះ​បាន​ ៣ ​ពិន្ទុ​ក្នុង​ដៃ​រួចហើយ​។

នៅ​សប្តាហ៍​នេះ​កីឡាករ សុខ សាវិន ​ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ ខាន់ ទេព (Khan Thep) ដែល​កាលពី​ប្រកួត​លើក​ទី​ ១ ​កីឡាករ​ថៃ​រូបនេះ​ចាញ់​ពិន្ទុ​កីឡាករ ប៊ុនឌឿន ខណៈ​កីឡាករ​ សុខ សាវិន បាន​យក​ឈ្នះ​អ្នក​ប្រដាល់​ថៃ ភុត ភេតណយ​ (PhutPhatnoy) ​នៅ​ទឹក​ទី​ ២​។

កីឡាករ សុខ សាវិន ទោះបី​ល្អ​ជង្គង់​ និង​កែង​ល្អ​ និង​សមត្ថភាព​ខ្លាំង​ក៏ដោយ​ប៉ុន្តែ​កន្លងមក​មិន​ធ្លាប់​ឈ្នះ​បាន​ខ្សែក្រវាត់​ម្តង​ណា​ទេ​ដោយ​អ្នក​ខ្លះ​បាន​ហៅ សាវិន ថា​មិន​ទាន់​មាន​សំណាង ខណៈ​កីឡាករ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន​ ១០៥​ ដង​ឈ្នះ​ ៧២ ​ដង​ចាញ់​ ២៧ ​ដង​ និង​ស្មើ​ពិន្ទុ​ ៦ ​ដង ចំណែក​ដៃគូ​ក្នុង​សប្តាហ៍​នេះ​គឺ​អ្នក​ប្រដាល់​ថៃ ខាន់ ទេព មាន​ប្រវត្តិ​ប្រកួត​ចំនួន​ ៦៥ ​ដង ឈ្នះ​ ៥៤ ​ដង ចាញ់​ ១១ ​ដង​។

លោក ស៊ន អេលីត ជា​គ្រូបង្វឹក​និយាយ​ថា​៖ «​តាមរយៈ​ការខិតខំ​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព សុខ សាវិន​មាន​ទំនុកចិត្ត​ខ្ពស់​ណាស់​ក្នុង​ការយក​ឈ្នះ​ថៃ​នៅ​ជុំ​ទី​ ២ ​នេះ ហើយ​ខ្ញុំ​សង្ឃឹម​ជឿជាក់​ថា សុខ សាវិន អាច​នឹង​ផ្តួល​ ខាន់ ទេព មិន​ឲ្យ​ឈាន​ចូល​ដល់​ទឹក​ទី​ ៥ ​នោះ​ឡើយ​ពីព្រោះ​ក្បាច់​ជង្គង់ និង​កែង​ព្រម​ទាំង​ទឹកចិត្ត​ប្រកួត​គឺ​មុត​ស្រួច​ខ្លាំង​ដែល​អាច​ផ្តួល​បាន​»​។

លោក យ៉ត ដែល​ជា​អ្នក​ឲ្យ​ទឹក​កីឡាករ​ថៃ​បាន​និយាយ​ថា​៖ «Khan Thep ​មាន​បញ្ហា​ចាញ់​ប្រៀប​ផ្នែក​កែង​ប៉ុណ្ណោះ​ ប៉ុន្តែ​បើ​ការប្រកួត​ឈាន​ចូល​ ឬ​អូសបន្លាយ​ដល់​ចំនួន​ ៥ ​ទឹក​ពេញ​មិន​បែក​នោះ KhanThep ក៍​សង្ឃឹម​ឈ្នះ​ខ្ពស់​ផង​ដែរ​»​។

ចំណែក​កីឡាករ ប៊ុនឌឿន វិញ​គឺ​ត្រូវ​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ថៃ ភុត ភេតណយ​ (Phut Phatnoy) ​ដែល​មាន​មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន​ ៦៨ ​ដង ឈ្នះ​ ៥៩ ​ដង ចាញ់​ ៨ ​ដង និង​ស្មើ​ពិន្ទុ ១ ដង ខណៈ​កីឡាករ ប៊ុនឌឿន ធ្លាប់​ឈ្នះ ភេតណយ នេះ​ម្តង​ជាមួយ​ប្រវត្តិ​ប្រកួត​ចំនួន​ ៨០ ​ដង​ឈ្នះ​ ៦៤ ​ដង​ក្នុង​នោះ​ចាញ់​ ១៤ ​ដង និង​ស្មើ​ពិន្ទុ​ ២ ​ដង​។

ក្នុង​ការប្រកួត​លើក​ទី​ ២ ​នេះ​កីឡាករ​ វៀត ប៊ុនឌឿន និយាយ​ថា​សង្ឃឹម​ឈ្នះ​ដើម្បី​ទទួល​បាន​ ៣ ​ពិន្ទុ​បន្ថែម​ទៀត​មិន​ខាន ហើយ​តាម​ការអះអាង​របស់​អ្នក​ប្រដាល់​កម្ពុជា​ទាំង​ ២ ​រូប​នេះ​គឺ​ពួកគាត់​សុទ្ធ​តែ​មាន​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការតាំង​ចិត្ត​យក​ឈ្នះ​ថៃ​ដូចគ្នា ខណៈ​សមត្ថភាព​កីឡាករ​ថៃ​ទាំង​ ២ ​នាក់​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​ភាគរយ​តិច​ក្នុង​ការយក​ឈ្នះ​លើ​កីឡាករ​កម្ពុជា​។

នៅក្នុង​រូបមន្ត​ប្រកួត​វគ្គ​ជម្រុះ​ដែល​មាន​កីឡាករ​កម្ពុជា​ចំនួន​ ៤ ​នាក់​ និង​ថៃ​ចំនួន​ ៤ ​នាក់​នោះ​ម្នាក់ៗ​ត្រូវ​ឆ្លងកាត់​ ៤ ​ប្រកួត​ដើម្បី​សន្សំ​ពិន្ទុ ហើយ​បន្ទាប់មក​បូក​សរុប​ពិន្ទុ​ជ្រើស​យក​អ្នក​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ចំនួន​ ២ ​នាក់​ក្នុង​ ១ ​ពូល​ទៅ​ប្រកួត​ក្នុង​វគ្គ​ខ្វែង​គឺ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដើម្បី​ជ្រើស​យក​អ្នក​ឈ្នះ​ចំនួន​ ២ ​នាក់​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​តែម្តង​ដោយ​មិន​គិត​ថា ជា​កីឡាករ​ខ្មែរ​ ឬ​ថៃ​នោះ​ទេ​ដើម្បី​ដណ្តើម​យក​ខ្សែក្រវាត់​៕