ភ្នំពេញ: អ្នក​ប្រដាល់​ចាស់វស្សា​ម៉ាជ សុខ​រ៉ា មកពី​តាព្រហ្ម​មានជ័យ​នឹង​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាមួយ​កីឡាករ​ថៃ Keng Kat ក្នុង​វគ្គ​ដណ្ដើម​ខ្សែក្រវាត់​ភេសជ្ជៈ​វើក​ទម្ងន់ ៦៧ គីឡូក្រាម នៃ​សង្វៀន​អាស៊ី​អាគ្នេយ៍​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ។

ការប្រកួត​នេះ ត្រូវបាន​គេ​សម្លឹង​ឃើញថា គឺជា​ការងារ​ប្រកួត​ដ៏​លំបាក​មួយ​សម្រាប់​កីឡាករ​កម្ពុជា ដោយ​សារ​តែ​កីឡាករ​ថៃ Keng Kat មាន​សមត្ថភាព​ល្អ​ជាង និង​មាន​ក្បាច់​វាយ​ជង្គង់​ច្បាស់​ជាង។

ជាមួយគ្នានេះ ការឈាន​ចូលដល់​វគ្គ​ផ្តាច់ព្រ័ត្រ​របស់​ម៉ាជ សុខ​រ៉ា បានកើត​ឡើង​ទាំង​ការ​មាន​សំណាង​ច្រើន​ជាង​សមត្ថភាព ពីព្រោះ​ឆ្លង​កាត់​ការ​វគ្គ​ជម្រុះ ៤ លើក ឈ្នះ ២ លើក និង​ចាញ់ ២ លើក មាន​តែ ៨ ពិន្ទុ​ស្មើ​ជាមួយ​ពុទ្ធ ឆាយ​រិទ្ធី និង​រឿង សារ័ត្ន ប៉ុន្តែ​មាន​អាទិភាព​ដោយ​សារ​បាន​ឈ្នះ​ដោយ​ការ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​លឿន​ជាង​គេ​ក្នុង​ការ​ឈ្នះ​ទាំង ២ លើក។

អ្នកទស្សនា​ភាគច្រើន​បាន​ចាត់ទុកថា ម៉ាជ សុខ​រ៉ា ថា​ជា​កីឡា​ករហេង និង​មាន​សំណាង​ជាង​គេ​ដែល​ឡើង​មក​ដល់​វគ្គ​ចុង​ក្រោយ ដើម្បី​មាន​ឱកាស​ដណ្តើម​ទឹក​ប្រាក់​ចំនួន ៥ ពាន់​ដុល្លារ ហើយ​ទោះបី​ជា​បរាជ័យ ក៏​នៅ​តែ​ទទួល​បាន​ទឹកប្រាក់​ចំនួន ៣០០០ ដុល្លារ​ដែរ។

កំណត់ត្រា​ប្រកួត​ក្នុងអំឡុង​វគ្គ​ជម្រុះ​នេះ ម៉ាជ សុខ​រ៉ា បាន​ឡើងទៅ​វគ្គ​បន្ត ដោយសារ​តែ​កីឡាករ​រឿង សារ័ត្ន បាន​ភ្លាត់​ស្នៀត​ចាញ់​ពិន្ទុ​កីឡាករ​ថៃ Keng Kat។ ចំណែក​កីឡាករ​ថៃ KengKat បាន​ឆ្លង​វគ្គ​ជម្រុះ​ចំនួន ៤ លើក ឈ្នះ​ទាំង ៤ លើក មាន ១២ ពិន្ទុ និង​ធ្លាប់​ឈ្នះ​កីឡាករ​ម៉ាជ សុខរ៉ា ផង​ដែរ។ កីឡាករ​ថៃ Keng Kat មាន​ប្រៀប​ជាង ដោយ​សារ​តែ​រូប​គេ​មាន​បទពិសោធ​ប្រកួត​ច្រើន​ជាង​ដល់​ទៅ ៤៣ លើក។

កីឡាករ​ថៃ​រូបនេះ ប្រកួត​បាន​ចំនួន ១០៧ លើក ឈ្នះ ៩៤ លើក ចាញ់ ១២ និង​ស្មើ ១ លើក ប៉ុន្តែ កីឡាករ​ទាំង ២ មាន​កម្ពស់ ១,៧០ ម៉ែត្រ​ដូចគ្នា។

ចំណែក​ម៉ាជ សុខ​រ៉ា មាន​ប្រវ​ត្តិ​ប្រកួត​បាន​ចំនួន ៦៤ លើក ឈ្នះ ៥៤ លើក ចាញ់ ៩ លើក និង​ស្មើ ១ លើក។ លោក​ថាញ់ វ៉ាឡេក គ្រូបង្វឹក​កីឡាករ​ថៃ បាន​និយាយ​ថា៖ «សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ Keng Kat ហ្វឹក​ហាត់​ត្រៀម​បាន​ល្អ ហើយ​បើ​និយាយ​ពី​សមត្ថភាព​បច្ចេកទេស​វិញ រូបគេ​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​យក​ឈ្នះ»។

លោក​ថា​ញ់ វ៉ា​ឡេ​ក បាន​បន្ថែមថា៖ «ប្រសិនបើ​គ្មាន​បញ្ហា​បែក​ឈាម ឬ​គ្រូពេទ្យ​បញ្ឈប់ ឬ​ករណី​ចៃដន្យ​ណាមួយ​ទេ សម្រាប់​ខ្ញុំ​ជា​គ្រូបង្វឹក មាន​ទំនុក​ចិត្ត​ឈ្នះ​ដល់ ៩០ ភាគរយ ពីព្រោះ Ken gKat ល្អ​ទាត់ ល្អ​ឱប​ឡើង​ក្បាច់​ជង្គង់ និង​មាន​ស្នៀត​វាយ​ចំ​គោល​ដៅ​ល្អ។ ទោះ​ជា​យ៉ាង​ណា យើង​ក៏​មិន​អាច​សង្ឃឹម​ឈ្នះ ១០០ ភាគរយ​បាន​ដែរ ព្រោះ សុខរ៉ា នឹង​វាយ​សម្រុក​គ្មាន​ស្ទាប​ស្ទង់​ទេ ហើយ​ការ​ចូល​សម្រុក​គ្មាន​ញញើត​បែប​នេះ​ធ្វើ​ឲ្យ​យើង​អាច​ចាញ់​ដោយ​ភ្លាត់​ស្នៀត​ប៉ុណ្ណោះ»។

លោក​ញាន សុធី នាយក​គ្រប់គ្រង​ការប្រកួត​ប្រចាំ​សង្វៀន​អាស៊ីអាគ្នេយ៍ បាន​និយាយ​ថា៖ «ការ​ប្រកួត​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​គឺ​មិន​អាច​វាយ​តម្លៃ​មុន​បាន​ទេ ពីព្រោះ​ម្នាក់ៗ​សុទ្ធ​តែ​ប្រឹង​អស់​ពី​សមត្ថភាព​រៀងៗ​ខ្លួន ក្នុង​នោះ​ល្បិច​នៃ​ការ​ប្រកួត​សុទ្ធ​តែ​លាក់​រៀងៗ​ខ្លួន និង​មាន​យុទ្ធសាស្ត្រ​អាថ៌កំបាំង ដើម្បី​ប្រជែង​យក​ឈ្នះ​ដូចគ្នា»។

លោក​បាន​បន្តថា៖ «អ្វីៗអាច​ប្រែប្រួល​ទៅតាម​លក្ខណៈ​ជាក់ស្តែង​ដូចជា​ពីដំបូង​យើង​វាយ​តម្លៃ​ថា សុខរ៉ា មិន​អាច​មាន​លទ្ធភាព​ឡើង​មក​ដល់​វគ្គ​នេះ​ទេ ប៉ុន្តែ អ្នក​មាន​សមត្ថភាព​ខ្លាំង​បែរ​ជា​ធ្លាក់​ទៅ​វិញ៕