ភ្នំពេញៈ កីឡាករកម្ពុជា សូត្រ ប៊ុនធី របស់ក្លិបបក្សីស្លាបដែក ដែលឡើងទម្ងន់មកដល់ ៦៣,៥ គីឡូក្រាមនោះ ពិតជាប្រកួតបានល្អ ដោយវ៉ៃដៃគូជើងចាស់របស់ថៃ Kong Kangvan ឲ្យអាជ្ញាកណ្តាលរាប់ចំនួន ៤ លើក និងឈានទៅបញ្ឈប់ក្នុងទឹកទី៤ តែម្តង សម្រាប់ការជួបគ្នា នៅលើសង្វៀន SEATV កាលពីព្រឹកថ្ងៃអាទិត្យ។
ការដំឡើងទម្ងន់មកជួបថៃនេះ ត្រូវបានគេគិតថា សូត្រ ប៊ុនធី ទំនងដូចជាលំបាកឈ្នះ ប៉ុន្តែពេលប្រកួតជាក់ស្តែង ប៊ុនធី វ៉ៃចេញល្អ និងមានប្រៀបដាច់ នៅក្នុងចុងទឹកទី៣ និងទឹកទី៤។ ទោះបីជាយ៉ាងណាជំនួបប្រកួតលើកនេះ គឺមានលក្ខណៈតឹងតែង ព្រោះមុននឹង សូត្រ ប៊ុនធី ផ្តួលឲ្យសន្លប់បាននោះ គឺ ប៊ុនធី ទទួលរងនូវក្បាច់ជង្គង់ធ្ងន់ៗពីកីឡាករថៃនេះ សឹងតែសន្លប់ផងដែរ។
ចំណុចដែល សូត្រ ប៊ុនធី យកឈ្នះបាន គឺវ៉ៃសន្ធាប់បង្ខំឲ្យថៃ Kangvan ដួលដេកវង្វេងដោយស្នៀតកែង ក្នុងទឹកទី៣ ត្រូវអាជ្ញាកណ្តាលរាប់ ១ លើក ហើយការបន្ថែមដោយការធាក់ចូលមុខយ៉ាងធ្ងន់ខ្ទាតដល់កៀនរេញនាំឲ្យអាជ្ញាកណ្តាលរាប់ជាលើកទី២។
ទោះបីជាយ៉ាងណា ឈានចូលទឹកទី៤ Kangvan ខំវាយសម្រុកដោយក្បាច់ជង្គង់ ធ្វើឲ្យ ប៊ុនធី ធ្លាក់ក្នុងសភាពយ៉ាប់ម្តងៗផងដែរ ប៉ុន្តែស្នៀតកែងរបស់ ប៊ុនធី នៅតែវាយចេញបកទៅវិញ ក្នុងប្រសិទ្ធភាពខ្ពស់ គឺបង្ខំឲ្យ Kangvan សន្លប់ធំបន្ទាប់ពីអាជ្ញាកណ្តាលរាប់ជាលើកទី៣ និងបញ្ឈប់ចំពោះការដួល ជាលើកទី៤ នោះ។
លោក សួន ប៊ុនសូត្រ ដែលជាគ្រូបង្វឹក និងជាឪពុកបង្កើត ដែលកំពុងឈរឲ្យទឹកបាននិយាយទាំងអំនួតថា៖ «ប៊ុនធី ពេលឡើងទម្ងន់មកវ៉ៃ ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាមនេះ ពិបាករកគូប្រៀបណាស់ ព្រោះទម្ងន់ពិតរបស់វា មិនសម្រក គឺកម្លាំងពេញតែម្តង។ លោកបន្តថា៖ «អាធី អាចនឹងចូលរួមប្រកួត នៅក្នុងទម្ងន់នេះ ក្នុងការដណ្តើមយកខ្សែក្រវាត់ណាមួយជាមួយកីឡាករថៃ ឬកីឡាករបរទេស គឺមានសង្ឃឹមឈ្នះខ្ពស់»។
ក្រោយពេលប្រកួត សូត្រ ប៊ុនធី បាននិយាយថា៖ «បានវ៉ៃក្នុងទម្ងន់នេះ គឺធានាកម្លាំងវ៉ៃល្អព្រោះមិនសម្រកទម្ងន់ នាំឲ្យខ្សោយកម្លាំងនោះទេ។ បើមានសង្វៀនណា តម្រូវឲ្យវ៉ៃពានរង្វាន់ទម្ងន់ ៦៣,៥ គីឡូក្រាម គឺធានាវ៉ៃឲ្យបានល្អ និងដណ្តើមយកខ្សែក្រវាត់ឲ្យបាន»។
ចំណែកលោក ថាញ់ វ៉ាឡេក គ្រូបង្វឹកកីឡាករថៃ និយាយថា៖ «Kangvan សមត្ថភាពល្អជង្គង់ល្អ និងស៊ូល្អ តែចាញ់ត្រឹមស្នៀតកែងប៉ុណ្ណោះ។ ប្រសិនបើបិទស្នៀតកែងបាន ប៊ុនធី អាចនឹងសន្លប់ដូចគ្នា ដោយស្នៀតជង្គង់របស់ Kangvan។ ហេតុនេះខ្ញុំចង់ឲ្យមានការប្រកួតសងសឹកនៅលើកក្រោយ»៕