ភ្នំពេញៈ សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា គ្រោង​នឹង​បញ្ជូន​អត្តពលិក​របស់​ខ្លួន ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​គឺ​រហូត​ដល់ ១៣ នាក់ ដើម្បី​ចូលរួម​ការ​ប្រកួត​ជើង​ឯក​យុវជន​ពិភពលោក លើក​ទី ៣ ឆ្នាំ ២០១៨ (3rd World Junior Soft Tennis Championship 2018) នៅ​កូរ៉េ ដោយ​រំពឹង​ថា អាច​នឹង​ធ្វើ​ឲ្យ​ពិភពលោក បាន​ស្គាល់​ពី​សមត្ថភាព​ពិត​របស់ ក្រុម សូហ្វតិន្នីស​កម្ពុជា។

ទាក់ទង​ទៅនឹង​ការប្រកួត​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង អនុប្រធាន​ទី ១ សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា បាន ថ្លែង​ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​សៅរ៍​ថា៖ «នៅ​ពេល​នេះ​ក្រុម​សូហ្វតិន្នីស​របស់​យើង បាន​បោះ​ជំហាន​ទៅ​ចូលរួម​ការ​ប្រកួត​ជើង​ឯក​យុវជន​ពិភពលោក ជា​លើក​ដំបូង ដោយ​យើង​នឹង​ដាក់​កីឡាករ ៧ នាក់ កីឡាការិនី ៦ នាក់​ឲ្យ​ចូលរួម​ប្រកួត ហើយ​រាល់​ការ​ចំណាយ​ផ្សេងៗ យើង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​សម្តេច​ក្រឡា​ហោម ស ខេង»។

លោក ជា ប៊ុនហេង បាន​បន្ថែមថា៖ «ថ្វីដ្បិតតែ ព្រឹត្តិការណ៍​នេះ យើង​ទើបតែ​នឹងចូល​រួម ប៉ុន្តែ​ក្មេងៗ​របស់​យើង បាន​បង្កើន​ម៉ោង​ហ្វឹកហាត់​ទាំង​ព្រឹក ទាំង​ល្ងាច រយៈពេល ៣ ខែ​ហើយ អ៊ីចឹង​យើង​មាន​សង្ឃឹម​ខ្លះ ក្នុង​ការ​ដណ្តើម​មេដាយ។ យើង​មិន​ទាន់​ហ៊ាន​អះអាង​ថា បាន​មេដាយ ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​យើង​នឹង​ខិតខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ឲ្យ​ពិភពលោក បាន​ស្គាល់​ពី​សមត្ថភាព​ក្រុម​សូហ្វតិន្នីស​កម្ពុជា​យើង»។

ជាមួយ​ការ​ចេញទៅ​កូរ៉េ​លើក​នេះ ក្រុម​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា នឹងចូលរួម​ការ​ប្រកួត Korea Cup 2018 មួយ​ទៀត មុន​ពេល​ពួកគេ ចូលរួម​ការ​ប្រកួត​កីឡា​សូហ្វតិន្នីស​ជើង​ឯក​យុវជន​ពិភពលោក នៅ​ចុង​ខែ​វិច្ឆិកា ខាង​មុខ​នេះ ហើយ​អត្តពលិក​វ័យ​ក្មេង​ចំនួន ៥ នាក់ ត្រូវ​បាន​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា បញ្ជូន​ឲ្យ​ទៅ​ហាត់​នៅ​កូរ៉េ​មុន ដោយ​ពួកគេ​បាន​ចាក​ចេញ​ពី​កម្ពុជា កាល​ពី​យប់​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ។

តាម​ខ្លឹមសារ ដែល​ត្រូវ​បានប្រកាស នៅក្នុង​សន្និសីទកាសែត គឺ​ក្រុម​អត្តពលិក​ទាំង ៥ នាក់ ដែល​បាន​ចេញ​ទៅ​មុន​នោះ នឹង​ត្រូវ​ហ្វឹកហាត់​រយៈពេល ១០ ថ្ងៃ នៅ​កូរ៉េ បន្ទាប់​មក​ពួកគេ​ត្រូវ​ចូល​រួម​ការ​ប្រកួត Korea Cup 2018 ហើយ​នៅ​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ពួកគេ នឹង​ត្រូវ​បន្ត​ដំណើរ​ជាមួយ​ប្រតិភូ​កីឡា​សូហ្វតិន្នីស​កម្ពុជា (ក្រុម​ទើប​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ) ដើម្បី​បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង Suncheon ជា​កន្លែង​ដែល​ពួកគេ ត្រូវ​ប្រជែង​រក​មេដាយ នៅ​ក្នុង​ការ​ប្រកួត​ជើង​ឯក​យុវជន​ពិភពលោក។

នៅក្នុង​ការប្រកួត​ជើងឯក​យុវជន ឆ្នាំ ២០១៨ នេះ គេ​បែងចែក​ការ​ប្រកួត​ជា ៣ កម្រិត​អាយុ រួម​មាន​ក្រុម​អាយុ​ក្រោម ១៥ ឆ្នាំ ក្រោម ១៨ ឆ្នាំ និង​ក្រុម​អាយុ​ក្រោម ២១ ឆ្នាំ ប៉ុន្តែ លោក ជា ប៊ុន​ហេង បាន​បញ្ជាក់​ថា៖ «ការ​ប្រកួត​នេះ មាន​ប្រទេស​ប្រហែល ២០ ចូលរួម ហើយ​នៅ​ក្នុង​ការ​ប្រកួត​ទាំង ៣ កម្រិត​នេះ ខ្ញុំ​មាន​ការ​សង្ឃឹម​ច្រើន ទៅ​លើ​ក្រុម​អាយុ ១៥ ឆ្នាំ គឺ​ខ្ញុំ​ជឿ​ថា ពួកគេ​នឹង​លេង​បាន​ល្អ ក្នុង ការ​ប្រកួត​នេះ»។

គួររំឭកថា សម្រាប់​ការចូលរួម​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជើង​ឯក​អាស៊ាន នៅ​ហ្វីលីពីន កាល​ពី​ដើម​ខែ​តុលា ក្រុម​សូហ្វតិន្នីស​កម្ពុជា ដណ្តើម​បាន​មេដាយ​មាស ២ ប្រាក់ ៤ និង​សំរឹទ្ធ ៥ ហើយ​តាមរយៈ​ជ័យជម្នះ​យ៉ាង​ធំ​នេះ បាន​ធ្វើ​ឲ្យ​សូហ្វតិន្នីស​កម្ពុជា ពេល​នេះ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ៨ ពិភពលោក ហើយ​បាន​ក្លាយជា​ក្រុម​ខ្លាំង​ទាំង ៣ នៅ​តំបន់​អាស៊ាន បន្ទាប់​ពី​ក្រុម​លេខ ១ ឥណ្ឌូនេស៊ី និង​ក្រុម​លេខ ២ ថៃ៕