ភ្នំពេញ៖ ​វីរកីឡាការិនី ស៊ន សៀវម៉ី ​​បាន​សារភាព​ថា ខ្លួន​​មាន​ការ​ភិតភ័យ និង​ជួប​ការ​លំបាក​ក្នុង​ការ​យក​ឈ្នះ​លើ​កីឡាការិនី​ម្ចាស់​ផ្ទះ​ Alora Kirstie Elaine នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ឈ្នះ​មេដាយ​មាស​ឲ្យ​កម្ពុជា​ជា​លើក​ទី ​៣ នៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី ​៣០ ដែល​កំពុង​តែ​ដំណើរការ​នៅ​ប្រទេស​ ​ហ្វីលីពីន។

កីឡាការិនី​តេក្វាន់ដូ ស៊ន សៀវម៉ី ​បាន​និយាយ​ក្រោយ​ការ​ឈ្នះ​មេដាយ​មាស​ កាល​ពី​យប់​​ថ្ងៃ​អាទិត្យ​ថា៖​ «ខ្ញុំ​រាង​ភ័យ​ដែរ ដោយសារ​ឆ្នាំ​នេះ​ហ្វីលីពីន ជា​ម្ចាស់​ផ្ទះ ហើយ​យើង​ត្រូវ​ជួប​កីឡាការិនី​ហ្វីលីពីន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ អ៊ីចឹង​រាង​ពិបាក​បន្តិច​គ្រាន់​តែ​ថា ​មាន​កម្លាំង​ចិត្ត​គ្រប់គ្រាន់ ដ្បិត​អី​​ប្លែក​ត្រង់​ថា ខ្ញុំ​ធ្លាប់​វ៉ៃ​ជាមួយ​គាត់​តែ ​៣ ​ទឹក​ទេ ប៉ុន្តែ​លើក​នេះ ទឹក​ទី ​៣ គាត់​ស្មើ​ពិន្ទុ​ជាមួយ​ខ្ញុំ អ៊ីចឹង​យើង​ត្រូវ​ថែម​មួយ​ទឹក​ចុង​ក្រោយ»។

សម្រាប់​ការ​ប្រកួត​នៅ​លើ​ប្រភេទ​​​​ទម្ងន់​លើ ​៧៣ ​គីឡូក្រាម នៅ​ប្រទេស ​ហ្វីលីពីន កាល​ពី​ថ្ងៃ​អាទិត្យ​​នោះ ស៊ន សៀវម៉ី បាន​យក​ឈ្នះ​កីឡាការិនី​វៀតណាម Lam Thi Ha Thanh ជាមួយ​ពិន្ទុ ២៥-១ នៅ​ក្នុង​វគ្គ​ជម្រុះ ​៨ នាក់ ប៉ុន្តែ​​ការ​ឡើង​ទៅ​ជួប​កីឡាការិនី​ហ្វីលីពីន Alora Kirstie Elaine នៅ​វគ្គ​ផ្តាច់ព្រ័ត្រ គឺ​អ្នក​ទាំង ​២ បាន​ប្រកួត​គ្នា​រហូត​ដល់​ទឹក​បន្ថែម ដើម្បី​សម្រេច​ការ​ឈ្នះ​ចាញ់។

បើ​ទោះបី​ជា ស៊ន សៀវម៉ី ធ្លាប់​បាន​ឈ្នះ Alora Kirstie Elaine ទាំង ​៤ ​លើក សម្រាប់​ការ​ជួប​គ្នា​កន្លង​មក ប៉ុន្តែ​ក្នុង​ជំនួប​វគ្គ​ផ្តាច់​ព្រ័ត្រ​លើក​នេះ ស៊ន សៀវម៉ី ​បាន​ចាញ់​ប្រៀប​កីឡាការិនី​ម្ចាស់​ផ្ទះ​រូប​នេះ ជាមួយ​ពិន្ទុ ៤-៣ តែ​រក​បាន​ពិន្ទុ ២-១ វិញ នៅ​ទឹក​ទី ​២ ខណៈ​ការ​ប្រកួត​ទឹក​ទី ​៣ អ្នក​ទាំង ​២ បាន​ស្មើ​គ្នា ៤-៤។

ការ​មាន​ពិន្ទុ​ស្មើ​គ្នា ៩-៩ នេះ ក្នុង​ការ​ប្រកួត ៣ ​ទឹក​នេះ ​ធ្វើ​ឲ្យ​គណៈកម្មការ ឈាន​ដល់​ការ​ថែម​ការ​ប្រកួត​ទឹក​ទី​ ៤ (អ្នក​វ៉ៃ​ចូល​មុន​ឈ្នះ ដោយ​មិន​គិត​នាទី) ក្នុង​ការ​កាត់​សេចក្តី ហើយ​​ជា​​លទ្ធផល ស៊ន សៀវម៉ី បាន​ទាត់​ចំ​គោលដៅ​ ទៅ​លើ​កីឡាករ​ម្ចាស់​ផ្ទះ​បាន​មុន និង​ទទួល​បាន ​៣ ពិន្ទុ​បន្ថែម ដើម្បី​យក​ឈ្នះ​ជាមួយ​ពិន្ទុសរុប ១២-៩។ ជ័យជម្នះ​នេះ ​ជួយ​​ឲ្យ សៀវម៉ី បាន​រក្សា​ការ​​ឈ្នះ​មេដាយ​មាស​ជា​លើក​ទី ​៣ ​ជាប់ៗ​គ្នា ជូន​ប្រទេស​ជាតិ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​នេះ។

កីឡាការិនី​​ Tubbs Casandre Nicole (ឆ្វេង) និង ឈឿង អាលីហ្សា ពេលបំពាក់មេដាយ​​ប្រាក់។ CAMSOC

ជាមួយ​ជ័យជម្នះ​នេះ ស៊ន សៀវម៉ី បាន​សារភាព​ថា កញ្ញា​បាន​ប្រើ​ក្បាច់​ដែល​មិន​ធ្លាប់​ប្រើ​កន្លង​មក ដើម្បី​យក​ឈ្នះ Alora Kirstie Elaine។ សៀវម៉ី បាន​បញ្ជាក់​ថា៖ ​«ខ្ញុំ​ឈ្នះ​គាត់ ដោយសារ​ខ្ញុំ​ទាត់​លើក​ពី​ក្រោយ ហើយ​តាំង​ពី​មុន​មក ខ្ញុំ​មិន​ដែល​វ៉ៃ​ក្បាច់​នេះ​នោះ​ទេ ប៉ុន្តែ​ដោយសារ​ឱកាស​វា​មាន​ហើយ អ៊ីចឹង​ខ្ញុំ​ក៏​ដាច់​ចិត្ត​ប្រើ​វា​ទៅ»។

យ៉ាង​ណា​ក៏​ដោយ ម្ចាស់​មេដាយ​មាស​កីឡាស៊ី​រូប​នេះ បាន​ទទួល​ស្គាល់​ថា ការ​ឈ្នះ​មេដាយ​មាស​លើក​ទី ​៣ ​នេះ ​វា​ពិបាក​ជាង​លើក​មុនៗ។​«ជា​ទូទៅ គាត់​ចូល​ច្រើន​ជាង​ខ្ញុំ​ចូល ​ដល់​អ៊ីចឹង​យើង​ស្រួល​វ៉ៃ ប៉ុន្តែ​​ ការ​វ៉ៃ​លើក​នេះ គាត់​រាង​ប្រយ័ត្ន​ដែរ គឺ​គាត់​អត់​សូវ​ចូល​ទេ ព្រោះ​គាត់​ដឹង​ថា ជើង​មុខ​​របស់​យើង ​រាង​លឿន​ដែរ ហើយ​ការ​រង់ចាំ​ដូច​គ្នា​បែប​នេះ ​វា​ធ្វើ​ឲ្យ​យើង​ពិបាក​ស្មាន​ថា ​តើ​គាត់​ទាត់​អី និង​ចង់​ធ្វើ​អី ព្រោះ​​ពេល​គាត់​ចូល​មក​យើង​ច្រើន យើង​ដឹង​ថា យើង​ចង់​ទាត់​អី​លឿន​ជាង ព្រោះ​ខ្ញុំ​ភាគ​ច្រើន​ពូកែ​តែ​ជើង​មុខ»។

ស៊ន សៀវម៉ី បាន​បន្ថែម​ថា៖ ​«មេដាយ​មាស​នេះ ខ្ញុំ​ផ្ញើ​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ​១៦ ​លាន​នាក់ គឺ​វា​មិន​មែន​​តែ​សម្រាប់​​​ខ្ញុំ​ម្នាក់​ទេ ហើយខ្ញុំ​ជូន​មេដាយ​នេះ ជា​ពិសេស​ទៅ​ដល់​ប្រធាន​សហព័ន្ធ​​កីឡា​តេក្វាន់ដូ ឯក​ឧត្តម ហង់ជួន ណារ៉ុន ដែល​គាត់​តែងតែ​ផ្តល់​កម្លាំង​ចិត្ត លើក​ទឹក​ចិត្ត និង​ជួយ​ជំរុញ​ដល់​ក្រុម​អត្តពលិក​តេក្វាន់ដូ​ទាំង​អស់​គ្នា»។

សម្រាប់​ការ​​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​​នោះ​ដែរ កីឡាការិនី​កូន​កាត់​ខ្មែរ-អាមេរិក​ Tubbs Casandre Nicole បាន​ឈ្នះ​មេដាយ​ប្រាក់ ក្នុង​ការ​ប្រកួត​ទម្ងន់​ក្រោម ​៦២ ​គីឡូក្រាម បន្ទាប់​នាង​បាន​ចាញ់​កីឡាការិនី​វៀតណាម Pham Thi Tiem ដោយ​ពិន្ទុ ១១-៩ ឯ​កីឡាការិនី ឈឿង អាលីហ្សា ក៏​បាន​ឈ្នះ​មេដាយ​ប្រាក់​ លើ​​ទម្ងន់​ក្រោម ​៥៧ ​គីឡូក្រាម​ផង​ដែរ បន្ទាប់​ពី​កញ្ញា​បាន​ចាញ់​​ហ្វីលីពីន Lobez Pauline Louise ដោយ​ពិន្ទុ ១៧-៣ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ៕