ក្រុង​ Santiago៖ សមាគម​បាល់ទាត់​ប្រទេស ​ស៊ីលី​ ហៅ​កាត់​ ANFP បាន​និយាយ​ពី​សប្ដាហ៍​មុន​​ថា ក្រុម​ជម្រើស​ជាតិ​​ស៊ីលី​បាន​បដិសេធ​ការ​ប្រកួត​មិត្តភាព​ជាមួយ​ជម្រើស​ជាតិ​ប៉េរូ​នៅ​សប្ដាហ៍​នេះ ​​ដោយសារ​វិបត្តិ​​ជាតិ​រយៈពេល​ជា​ច្រើន​សប្ដាហ៍​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ​​។​

គ្រូ​បង្វឹក​ជម្រើស​ជាតិ​ស៊ីលី​លោក Reinaldo Rueda បាន​ប្រាប់​ឲ្យ​កូន​ក្រុម​របស់​គាត់​ត្រឡប់​ទៅ​លេង​នៅ​តាម​ក្លិប​រៀងៗ​ខ្លួន​វិញ​។​

ប្រទេស ​ស៊ីលី ​គ្រោង​នឹង​លេង​ជាមួយ​ប្រទេស ​ប៉េរូ ​ដែល​បាន​ឈ្នះ​ពួក​គេ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ Copa America នៅ​ប្រទេស ​ប្រេស៊ីល​ កាល​ពី​ខែ​កក្កដា​ ហើយ​នេះ​ជា​ការ​ប្រកួត​មិត្តភាព​មួយ​គ្រោង​នឹង​ធ្វើ​នៅ​ក្នុង​ទីក្រុង​ Lima ​ប្រទេស ​ប៉េរូ នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​​។​​

ប្រធាន​ក្រុម​ជម្រើស​ជាតិ​ស៊ីលី​ Gary Medel ដែល​បាន​លេង​ជា​ខ្សែ​ការពារ​សម្រាប់​ក្លិប​ Bologna នៅ​ប្រទេស អ៊ីតាលី ​នោះ​បាន​សរសេរ​លើ​បណ្ដាញ​ Twitter ថា៖ «​យើង​ជា​ក្រុម​បាល់​ទាត់ ​ប៉ុន្តែ​ជាង​នេះ​ទៅ​ទៀត​យើង​ក៏​ជា​ប្រជាពលរដ្ឋ​​ផង​ដែរ​»។​​

ប្រធាន​ក្រុម​រូប​នេះ​បាន​បន្ថែម​ថា៖ «​ឥឡូវ​នេះ​ប្រទេស ​ស៊ីលី ​មាន​បញ្ហា​ជា​​អាទិភាព​សំខាន់​ជាង​ការ​ប្រកួត​នៅ​ ថ្ងៃ​អង្គារ​សប្ដាហ៍​​នេះ​​ទៅ​ទៀត​»។​

សមាគម​បាល់​ទាត់​​ ANFP បាន​និយាយ​ថា ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី ​«​មាន​ការ​ប្រជុំ​ជា​ក្រុម​មួយ​» ​កាល​ពី​ថ្ងៃ​ពុធ​នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​នៃ​ប្រទេស ​ស៊ីលី ​នៅ​ជាយ​ទីក្រុង​ Santiago។​

សមាគម​ដដែល​នេះ​បាន​បន្ត​ថា ខ្លួន​បាន​បញ្ជាក់​​ជាមួយ​សមភាគី​​ប្រទេស ​ប៉េរូ ​ពី​ការ​សម្រេច​ចិត្ត​នេះ​រួច​ហើយ​។​

នៅ​ពេល​ទៅ​ដល់​ទីក្រុង​ Lima ក្រោយ​ពី​ធ្វើ​ដំណើរ​មក​ពី​ក្លិប​រៀងៗ​ខ្លួន​​ពី​សប្ដាហ៍​មុន​នោះ​​​ កីឡាករ​មួយ​ចំនួន​បាន​បង្ហាញ​ពី​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រកួត​មិត្តភាព​នេះ​។​

ខ្សែ​បម្រើ​ Charles Aranguiz ដែល​លេង​បាន ​៧៤ ​លើក ​ឲ្យ​ក្លិប​ Bayer Leverkusen នោះ​ បាន​និយាយ​ពី​ថ្ងៃ​អង្គារ​ថា៖ «​មាន​បរិយាកាស​លំបាក​ ហើយ​តាម​គំនិត​ខ្ញុំ​ យើង​មិន​គួរ​លេង​ដោយ​មិន​គោរព​ចំពោះ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ជាតិ​នោះ​ទេ​»។​

កីឡាករ​មួយ​ចំនួន​បាន​សម្ដែង​​ពី​ការ​គាំទ្រ​ចំពោះ​ចលនា​តវ៉ា​ប្រឆាំង​​នឹង​ប្រធានាធិបតី​ស៊ីលី​ លោក​ Sebastian Pinera ដែល​ធ្វើ​ឲ្យ​មាន​អំពើ​ហិង្សា​កាល​ពី​ថ្ងៃទី ​១៨ ខែ​តុលា​ ហើយ​តាំង​ពី​នោះ​មក​បាន​ធ្វើ​ឲ្យ​មនុស្ស​ចំនួន ​២១ ​នាក់​ស្លាប់។​

ក្រុម​បាតុករ​ដែល​ខឹង​សម្បា​នឹង​វិសមភាព​សេដ្ឋកិច្ច ​និង​សង្គម​​ ​កំពុង​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​ និង​ទាមទារ​ឲ្យ​លោក Pinera ចុះ​ចេញ​ពី​តំណែង​ផង​ដែរ​។​

ប្រធាន​ក្រុម​ Medel បាន​និយាយ​ថា៖ «​មាន​ការ​ប្រកួត​សំខាន់​ជាង​នេះ​មួយ​ទៀត​ដែល​ជា​ការ​ប្រកួត​ទាមទារ​​​សមភាព ​ដើម្បី​ឲ្យ​ពលរដ្ឋ​ស៊ីលី​រស់នៅ​ក្នុង​ប្រទេស​មួយ​ឲ្យ​​កាន់​តែ​មាន​ភាព​យុត្តិធម៌​ថែម​ទៀត​»។​​

ប្រធាន​ក្រុម​រូប​នេះ​បាន​បន្ថែម​ថា៖ «​យើង​គាំទ្រ​បាតុកម្ម​ប៉ុន្តែ​គ្មាន​​អំពើ​ហិង្សា​និង​គ្មាន​អ្នក​​រង​របួស​​ទាំង​ទៅ​លើ​​ក្រុម​បាតុករ ​និង​ទៅ​លើ​​កង​កម្លាំង​ប្រដាប់​អាវុធ​»។​

ក្រៅ​ពី​មាន​​អ្នក​ស្លាប់​​ហើយ​ មនុស្ស​ប្រហែល ​២ ០០០ ​នាក់​ទៀត​​បាន​រង​របួស ហើយ​​ក្នុង​នោះ​មាន​ ​២០០ ​នាក់​បាន​រង​របួស​ភ្នែក​ដោយសារ​ត្រូវ​អំបែង​គ្រាប់​ដែល​បាញ់​ដោយ​កង​កម្លាំង​សន្តិសុខ។​

ខ្សែ​បម្រើ​ជើង​ចាស់​ Arturo Vidal របស់​ក្លិប Barcelona បាន​និយាយ​ថា៖ «​ខ្ញុំ​នៅ​ជាមួយ​ប្រជាពលរដ្ឋ​ព្រោះ​ពួក​គេ​បាន​ក្រោក​ឈរ​ទាមទារ​យុត្តិធម៌ ​ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​គាំទ្រ​ពួក​គេ​ឲ្យ​បាន​ពេញ​ទំហឹង​បំផុត​»។

ប្រទេស ​ស៊ីលី ​បាន​លុប​ចោល​ការ​ប្រកួ​ត​មិត្តភាព​ម្ដង​មក​​ហើយ​ដែល​គ្រោង​នឹង​ប្រកួត​ពី​សប្ដាហ៍​មុន​ជាមួយ​ប្រទេស ​បូលីវី​ ​ដោយសារ​ប្រជាពលរដ្ឋ​​ស៊ីលី​បាន​នាំ​គ្នា​ដើរ​ជា​ក្បួត​តវ៉ា​តាម​ផ្លូវ​ប្រឆាំង​នឹង​លទ្ធផល​​បោះ​ឆ្នោត​កាល​​ពី​ថ្ងៃ​ទី ​២០​ ខែ​តុលា​៕ AFP/SN​