ភ្នំពេញៈ និស្សិត​ផ្នែក ​IT ហេង សៅឌី ដែល​​ជា​​ស្តេច​អុក ​ប្រចាំ​​ឆ្នាំ ​២០១៧ ​​បាន​​បាត់បង់​​ឱកាស​ទាំង​ស្រុង ក្នុងការ​ឡើង​ទៅ​​ប្រកួតការពារ​តំណែងស្តេចអុក ឆ្នាំ​ ២០១៨ នៅ​អង្គរ​សង្រ្កាន្ត ខេត្ត​សៀម​រាប ក្នុងថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ខាង​មុខ​នេះ​ហើយ បន្ទាប់​ពី​រូប​គេ បាន​ធ្លាក់​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ថ្នាក់​ជាតិ ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។

ចំណែក​អតីតស្តេច​អុក ឆ្នាំ​ ២០១៦ ហូយ សូណា ​ក៏​បាន​ធ្លាក់​ត្រឹមវគ្គ​ជម្រុះ​ផងដែរ ប៉ុន្តែជើង​ឯក​រង​ស្តេច​អុក ឆ្នាំ ​២០១៧ ប៊ិន គាសេង ​និង​អតីត​ស្តេច​អុក​២សម័យ​កាល ឈាវ បូរ៉ា សុទ្ធ​តែ​ឆ្លង​ផុតការ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូល រួមជាមួយ​អ្នក​ចំណូល​ថ្មី​ចំនួន​ ៩ ​នាក់​ទៀត។

សម្រាប់​ការ​ប្រកួត​​ថ្នាក់​ជាតិ ឆ្នាំ ​២០១៨ រវាង​ជើង​ខ្លាំង​ទាំង​ ២៤ ​នាក់ ដែល​សម្រិតសម្រាំង​មក​ពី​ ៧ មណ្ឌល​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​នោះ ហេង សៅឌី ដែល​ឈរ​នៅ​ពូល​ F បាន​ឈ្នះត្រឹម ​​១​ ប្រកួត និង​​ចាញ់ ​២ ​ប្រកួត នាំឲ្យ​រូប​គេ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ ជា​ផ្លូវការ​ហើយ ព្រោះ​ការ​ប្រកួត ដែល​ចែក​ចេញ​ជា ​៦ ​ពូល​នេះ គេ​កំណត់​យក​​​ត្រឹម​អ្នក​បាន​លេខ ​១ និងលេខ ​២ តាម​ពូល​នីមួយៗ ឡើង​ទៅ​ប្រកួតខ្វែង ​រក​អ្នក​ឈ្នះ​​ចំនួន ​៨ ​នាក់ ឡើង​ទៅ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ យក​តំណែងស្តេច​អុក ឆ្នាំ​ ២០១៨ នៅ​អង្គរសង្រ្កាន្ត ខេត្ត​សៀម​រាប។

កីឡាករ​ជម្រើសជាតិ ហេង សៅឌី បាន​ចាញ់​ការ​ប្រកួត​លើក​ទី ​១ ក្រោមស្នា​ដៃ​គូ​សត្រូវ​ចាស់ ​គឺ​ម្ចាស់​ជើង​ឯក​រង​ស្តេច​អុក ឆ្នាំ​ ២០១៧ កីឡាករ​ជើង​ចាស់ ប៊ិន គាសេង ដែល​ធ្លាប់​ចាញ់​រូប​គេ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​អង្គរសង្រ្កាន្ត។ ក្រោយមក សៅឌី បាន​បន្ត​ចាញ់ ឃុត ប្រិមប្រិយ មុន​ពេល​រូប​គេ​បាន​យក​ឈ្នះ សុខ សំបូរ ក្នុងការ​ប្រកួតបង្រ្គប់​កិច្ច លើកទី​៣ ​ចុងក្រោយ។

យ៉ាង​ណា​ក៏​ដោយ កីឡាករ ប៊ិន គាសេង ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ ប្រចាំ​ពូល​Fនេះ ដោយ​ឈ្នះ​ទាំង​៣​ប្រកួត​នោះ នៅ​តែសរសើរ​ពីភាព​រីកចម្រើន​របស់ ហេង សៅឌី ដែល​ជា​កីឡាករ​សដ្ថិត​ក្នុងក្រុម​​ជម្រើសជាតិ ជាមួយ​គ្នា។ លោក​បាន​និយាយក្រោយ​យក​ឈ្នះ ហេង សៅឌី ថា៖​«​ខ្ញុំ​មើល​ឃើញ​ថា ហេង សៅឌី មាន​ការ​រីក​ចម្រើន​ជាង​មុន ប៉ុន្តែ​ការ​ចាញ់​របស់​គាត់ ដោយ​សារ​គាត់​ភ្លាត់​ស្នៀត​ ក្នុង​ការ​ដើរ​កូន​ថយ​ក្រោយមួយ​ជើង​ ធ្វើ​ឲ្យ​ខ្ញុំ​អាច​យក​ប្រៀប​លើ​គាត់​បាន»។

កីឡាករ ហេង សៅឌី ពេល​ប្រកួត​ជាមួយ​កីឡាករ​ជើង​ចាស់ ប៊ិន គាសេង។ ស្រេង ម៉េងស្រ៊ុន

ផ្ទុយ​ពី​នេះ​អតីត​ស្តេច​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ឈាវ បូរ៉ា ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១​ប្រចាំ​ពូល​C ដោយ​ឈ្នះ​២ និង​ស្មើ​១​ប្រកួត ឯ​លេខ​២​បាន​ទៅ​កីឡាករ ធីម ឌីណា។ ចំណែក​​កីឡាករ អេង សេងហៀក ​បាន​លេខ​១​ប្រចាំ​ពូល​A លេខ​២ ស៊ីវ ស៊ីន ខណៈ​ពូល​B លេខ​១ សុខ លឹមហេង លេខ​២ កែវ វឌ្ឍនា ពូល​D លេខ​១ ប៉ោ សារិទ្ធ លេខ​ ២ មាស សុភក្តិ ពូល​ E លេខ​ ១ ប៊ូ ប៉ុណ្ណម៉ាលីកា លេខ​២ ឃឹម ឃឹម ហើយ​ពូល​F លេខ​១ ប៊ិន គាសេង និងលេខ​២ ឃុត ប្រិមប្រិយ។

ចំពោះ​ការ​ប្រកួត​វគ្គ​ខ្វែង​នៅ​រសៀល​នេះ ​កីឡាករ អេង សេងហៀក ត្រូវ​ជួប ឃុត ​ប្រិមប្រិយ ស្រប​ពេល ស៊ីវ ស៊ីន ត្រូវប្រឈម​ជាមួយ ប៊ិន គាសេង ហើយ សុខ លឹមហេង ត្រូវ​ប៉ះ ឃឹម ឃឹម។ រីឯ កែវ វឌ្ឍនា ត្រូវប្រកួត​ជាមួយ ប៊ូ ប៉ុណ្ណម៉ាលីកា ខណៈ ឈាវ បូរ៉ា ត្រូវ​ជួប មាស សុភក្តិ ហើយ ធីម ឌីណា ត្រូវ​ប៉ះ ប៉ោ សារិទ្ធ។

អ្នក​ឈ្នះ​ចំនួន ​៦ ​នាក់ ក្នុង​វគ្គ​ខ្វែង​នេះ នឹង​ទទួល​បាន​ឱកាស​ទៅ​​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ យក​តំណែង​ស្តេច​អុក ដោយ​ស្វ័យ​ប្រវត្តិ។ ចំណែក​អ្នក​ចាញ់​ទាំង​ ៦ ​នាក់ ត្រូវ​​ដាក់​ឲ្យ​ប្រកួត​វិល​ជុំ ហើយ​អ្នក​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ គឺ​អ្នក​បាន​លេខ​ ១ និងលេខ ​២ នឹង​ទទួល​បាន​ឱកាស​ទៅ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ នៅ​អង្គរសង្រ្កាន្ត​ដែរ៕

អតីតស្តេច​អ៊ុក​២សម័យ​កាល ឈាវ បូរ៉ា បាន​ឆ្លង​ផុត​ការ​ប្រកួត​ជម្រុះ​តាម​ពូល ហើយ​ត្រូវ​ប្រកួត​ខ្វែង នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ។ ស្រេង ម៉េងស្រ៊ុន

កីឡាករ​ជើង​ចាស់ ហូយ សូណា ​ដែល​ជា​ស្តេច​អុក ឆ្នាំ​២០១៦ បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ ជា​លើក​ទី​២។ ស្រេង ម៉េងស្រ៊ុន