ភ្នំពេញៈ កីឡាករវ័យ ១៩ ឆ្នាំ សុខ លីមហេង ដែលជាស្តេចអុកចត្រង្គ នៅអង្គរសង្រ្កាន្ត ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីខ្មែរ ឆ្នាំ ២០១៨ កន្លងមកនេះ បានចាញ់ក្នុងការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯក ឆ្នាំ ២០១៨ នៅទីស្នាក់ការ NOCC កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយអតីតស្តេចអុកចំនួន ៣ នាក់ទៀត ក៏បានធ្លាក់នៅក្នុងការប្រកួតថ្នាក់ជាតិនេះដែរ។
សុខ លីមហេង ដែលបានរៀនលេងអុកតាំងពីអាយុ៦ឆ្នាំមកនោះ បានទទួលចំណាត់ថ្នាក់លេខ ១ ក្នុងការប្រកួតជម្រុះតាមពូលទាំង ៨ ដោយមានអ្នកចូលរួមសរុបចំនួន ៤៨ នាក់។ លីមហេង បានឈ្នះ ៣ ស្មើ ១ និងចាញ់ ១ ប្រកួត ដើម្បីទទួលបានលេខ ១ ប្រចាំពូល A។
ប៉ុន្តែសម្រាប់ការប្រកួតវគ្គខ្វែង ១៦ នាក់ចុងក្រោយ ចន្លោះម៉ោង ៨:៣០ ទៅម៉ោង ១០ ព្រឹកថ្ងៃព្រហស្បតិ៍នេះ សុខ លីមហេង បានចាញ់អតីតម្ចាស់ជើងឯកការប្រកួតកីឡាអុកដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន កាលពីឆ្នាំ ២០១០ ឆយ វីរ៉ា ទាំងមិនអស់ចិត្ត។ លទ្ធផលនេះបានធ្វើឲ្យ ឆយ វីរ៉ា មិនទាន់ជួបការចាញ់សោះក្នុងការប្រកួតនេះ ព្រោះក្នុងវគ្គជម្រុះតាមពូល វីរ៉ា បានឈ្នះ ២ និងស្មើ ៣ ដោយទទួលបានលេខ ២ ប្រចាំពូល H។
ចំណែកកីឡាករ ឈីវ បូរ៉ា ដែលជាអតីតស្តេចឆ្នាំ ២០១៤ ឆ្នាំ ២០១៥ និងជាជើងឯករងការប្រកួតស្តេចអុក កាលពីឆ្នាំ ២០១៨ បានធ្លាក់ចេញពីការប្រកួតថ្នាក់ជាតិនេះ នៅត្រឹមវគ្គជម្រុះតាមពូល ដោយឈ្នះ ១ ស្មើ ១ និងចាញ់ដល់ ៣ប្រកួត និងទទួលបានត្រឹមលេខ ៤ ក្នុងពូល D។
ជាមួយគ្នានេះដែរ អតីតស្តេចអុក ឆ្នាំ ២០១៧ ហេង សៅឌី ដែលឈរនៅពូល D ជាមួយ ឈីវ បូរ៉ា នោះក៏បានធ្លាក់ក្នុងវគ្គជម្រុះតាមពូលផងដែរ ដោយបានត្រឹមលេខ ៣ ខណៈការប្រកួតនេះ គេតម្រូវយកត្រឹមលេខ ១ និងលេខ ២ ឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ។ រីឯអតីតស្តេចអុក ឆ្នាំ ២០១៦ ហូយ សូណា ក៏បានធ្លាក់ក្នុងវគ្គជម្រុះតាមពូលដែរ ដោយលោកបានត្រឹមលេខ ៥ ក្នុងពូល A ដោយឈ្នះ ២ និងចាញ់ ៣ ប្រកួត។
ដោយឡែកកីឡាករចំនួន ៧ នាក់ផ្សេងទៀត រួមមាន នូ ច័ន្ទផានិត, ម៉េង សេរីសម្បត្តិ, រស់ រិទ្ធីយ៉ា, ទេស សារ៉ាវី, ឃី ចំរើន, ឃឹម ឃឹម និងកីឡាករ ប៊ូ ប៉ុណ្ណម៉ូលីកា ក៏ទទួលបានជ័យជម្នះ ក្នុងការប្រកួតវគ្គ១៦នាក់ចុងក្រោយនេះដែរ ដើម្បីឡើងទៅវគ្គ ៨ នាក់ចុងក្រោយ ជាមួយ ឆយ វីរ៉ា ហើយវគ្គនេះ នឹងត្រូវប្រកួតនៅរសៀលថ្ងៃនេះ ដើម្បីរកឈ្នះ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គ ១៦ នាក់ចុងក្រោយ កាលពីព្រឹកមិញនេះ កីឡាករលេខ ១ មកពីពូល C នូ ច័ន្ទផានិត បានឈ្នះកីឡាករលេខ ២ ពូល F រៀម វាសនា តែលេខ ២ ពូល D ម៉េង សេរីសម្បត្តិ បានឈ្នះលេខ ១ ពូល E ឈិន សំណាង ហើយលេខ ១ ពូល G រស់ រិទ្ធីយ៉ា បានឈ្នះលេខ២ពូល B ឡៅ លីម៉េន។
ចំណែកកីឡាករលេខ ១ ពូល D ទេស សារ៉ាវី បានឈ្នះលេខ ២ ពូល E ស៊ីវ ស៊ីន ស្របពេលលេខ ២ ពូល A ឃី ចំរើន បានឈ្នះលេខ ១ ពូល H ម៉ាត់ សេន ខណៈ លេខ ១ ពូល F ឃឹម ឃឹម បានឈ្នះលេខ ២ ពូល C សុខ សំបូរ ប៉ុន្តែកីឡាករលេខ ២ ពូល G ប៊ូ ប៉ុណ្ណម៉ូលីកា បានទម្លាក់លេខ ១ ពូល B លឹម ផល្លា៕