ភ្នំពេញៈ កីឡាការិនីស្នូកឃ័រ និងប៊ីយ៉ាដ៏ឆ្នើមនៃក្រុមជម្រើសជាតិកម្ពុជា ស្រួង ភាវី បានរកនូវជ័យជម្នះដ៏ធំមួយទៀតឲ្យកម្ពុជា គឺការទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងការប្រកួតកម្រិតអាស៊ីនៃព្រឹត្តិការណ៍ The 1st Asian Championship Ladies 3-Cushion 2018 នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ការដណ្ដើមបានតំណែងជើងឯកនេះត្រូវបាន ស្រួង ភាវី ចាត់-ទុកថា ជាជយលាភីថ្មីមួយទៀតនៅចុងឆ្នាំ ២០១៨ គឺបន្ថែមទៅលើការឈ្នះបានមេដាយសំរឹទ្ធ ក្នុងការប្រកួតជើងឯកពិភពលោកនៅតួកគី កន្លងមកនេះ មុនពេលអ្នកស្រី ត្រូវវិលមកកាន់មាតុប្រទេសវិញ ដើម្បីរៀបចំបង្កើតក្លិបស្នូកឃ័រសម្រាប់បណ្តុះបណ្តាលក្មេងៗ នៅកម្ពុជាមួយចំនួន តាមគម្រោងដែលបានត្រៀមយូរមកហើយ។
ស្រួង ភាវី បានប្រាប់ភ្នំពេញប៉ុស្តិ៍ តាមហ្វេសប៊ុក កាលពីថ្ងៃអង្គារថា៖ «នេះជាលើកដំបូងហើយ ដែលសហព័ន្ធកីឡាស្នូកឃ័រ និងប៊ីយ៉ាអាស៊ី មានទីស្នាក់ការនៅកូរ៉េខាងត្បូង បានរៀបចំការប្រកួតជើងឯកអាស៊ីផ្នែកនារីនេះឡើង ដោយមានជើងខ្លាំងចំនួន ១៦ នាក់ចូលរួម ក្នុងនោះមានមកពីជប៉ុន ៦ នាក់ កូរ៉េ ៩ នាក់ និងកម្ពុជា ១ នាក់ គឺខ្ញុំនេះឯង ហើយដណ្តើមបានចំណាត់ថ្នាក់លេខ ១ តែម្តង»។
ឆ្លងកាត់ការប្រកួតចំនួន ៦ លើក ស្រួង ភាវី បានឈ្នះទាំងអស់ ហើយនៅវគ្គផ្តាច់ព្រ័ត្រ អ្នកស្រី បានយកឈ្នះកីឡាការិនីរបស់ម្ចាស់ផ្ទះកូរ៉េ ក្នុងលទ្ធផល ៣០-២២ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ ១។ ជាមួយគ្នានេះ ភាវី បានអះអាងថា នៅកូរ៉េខាងត្បូង មានក្រុមហ៊ុនជាច្រើនគាំទ្រចំពោះសមត្ថភាពលេងស្នូកឃ័ររបស់ខ្លួន ហើយមានក្រុមហ៊ុន និងសប្បុរសជនមួយចំនួន បានសន្យាសហការជួយអ្នកស្រីក្នុងការបង្កើតក្លិប ដើម្បីបណ្តុះបណ្តាលកូនខ្មែរ ដែលក្រីក្រ និងគ្មានលទ្ធភាពលេងកីឡាស្នូកឃ័រ និងប៊ីយ៉ា។
កីឡាការិនី មានដើមកំណើតនៅខេត្តត្បូងឃ្មុំ ស្រួង ភាវី បានបានបន្ថែមថា៖ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលបានប្រកួតឈ្នះក្នុងនាមជាកីឡាការិនីតំណាងឲ្យកម្ពុជា អ៊ីចឹងជ័យជម្នះនេះ គឺដើម្បីខ្លួនឯង គ្រួសារ និងប្រទេសជាតិយើង»។
ក្រោយទទួលបានជោគជ័យ ចុងឆ្នាំនេះ ស្រួង ភាវី ចង់សម្រេចបំណងរបស់ខ្លួនមួយទៀត គឺការវិលមកកម្ពុជា នាខែធ្នូ ខាងមុខនេះ ដើម្បីសហការជាមួយសប្បុរសជននៅកូរ៉េ បង្កើតក្លិបស្នូកឃ័រ និងប៊ីយ៉ា ជួយបណ្តុះបណ្តាលឲ្យក្មេងៗ នៅកម្ពុជាបានហ្វឹកហាត់។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយកបេសកកម្មកីឡាស៊ីហ្គេម បានប្រាប់ថា៖ «ការប្រកួតស៊ីហ្គេម លើកទី ៣០ នៅហ្វីលីពីន ឆ្នាំ ២០១៩ គឺកីឡាស្នូកឃ័រ យើងសង្ឃឹមលើកីឡាការិនី ស្រួង ភាវី ថានឹងឈានទៅរកមេដាយមាសជូនជាតិ»។
លោកបន្ថែមថា៖ «កីឡាស្នូកឃ័រ និងប៊ីយ៉ានេះ កម្ពុជាយើងកំពុងតែមានសក្តានុពល ខ្លាំងផ្នែកនារី។ ហេតុនេះយើងកំពុងតែសហការជាមួយសហព័ន្ធ ដើម្បីជំរុញឲ្យមានការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ ដើម្បីរកកីឡាករលំដាប់ខ្លាំងផ្នែកបុរស ត្រៀមការប្រកួតអន្តរជាតិ ផងដែរ»៕