ភ្នំពេញ៖ ក្រុមម្ចាស់ជើងឯកលីកកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀងមិនអាចទប់ទល់ជាមួយជើងខ្លាំងនៅលីកកំពូលហ្វីលីពីន Ceres-Negros FC បាននោះទេ គឺពួកគេបានចាញ់ ៤-០ នៅក្នុងការប្រកួតជម្រុះបើកឆាកប្រចាំពូល G នៃពានរង្វាន់ AFC Cup 2020។
តាមរយៈការប្រកួតនៅពហុកីឡដ្ឋាន Rizal Memorial កាលពីយប់ថ្ងៃអង្គារនោះ ក្រុមស្វាយរៀង បានព្យាយាមវាយលុកទៅលើម្ចាស់ផ្ទះ Ceres-Negros ផងដែរ ប៉ុន្តែពួកគេមិនអាចរកបានគ្រាប់បាល់ទៅតាមមហិច្ឆតានោះទេ គឺសូម្បីតែឱកាសមាសក្នុងការទទួលបានបាល់ពិន័យ ១១ ម៉ែត្រ ក៏ពួកគេធ្វើមិនបានដែរ ខណៈកីឡាករ Thaigo Santos ស៊ុតមិនបានសម្រេចនៅនាទីទី ២២ នោះ គឺក្នុងចន្លោះពេលដែល Bienvenid Maranon រកបាន ២ គ្រាប់ នៅនាទីទី ៥៥ និងទី ៧០ និងគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Takashi Odawara នៅនាទីទី ១២ និងខ្សែការពារពាក់លេខ ៣ Joshua Grommen នៅនាទីទី ១៤។
ជាមួយគ្នានេះ លទ្ធផលនេះបានធ្វើឲ្យក្រុមស្វាយរៀង ធ្លាក់ទៅឈរនៅកំពូលតារាងប្រចាំពូល G នេះ ជាបណ្តោះអាសន្ន។ ចំណែកក្រុមឈរនៅពូលជាមួយគ្នា គឺ Bali United របស់ឥណ្ឌូនេស៊ី បានយកឈ្នះក្រុមលីកកំពូលវៀតណាម Than Quang Ninh ៤-១ ដើម្បីឈរនៅលេខ ២ ដោយមាន ៣ ពិន្ទុ ស្មើជាមួយ Ceres-Negros។
ដោយឡែកក្រុមចំនួន ៦ សុទ្ធតែទទួលបានជ័យជម្នះនៅក្នុងការប្រកួតជម្រុះថ្នាក់ខេត្តពានរង្វាន់សម្តេចហ៊ុនសែន លើកទី ១៤ ឆ្នាំ ២០២០ កាលពីថ្ងៃអង្គារ និងថ្ងៃពុធ ដោយក្នុងនោះក្រុមខេត្តកំពង់ឆ្នាំង បានឈ្នះក្រុមខេត្តបាត់ដំបង ៤-១ ដើម្បីឈរនៅលេខ ១ ប្រចាំពូលប្រចាំពូល A ស្របពេលក្រុមខេត្តពោធិ៍សាត់ បានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តបន្ទាយមានជ័យ ៣-២ ឈរនៅលេខ ២ មាន ៤ ពិន្ទុដែរ។
ចំណែកក្រុមខេត្តត្បូងឃ្មុំ បានត្រឹមស្មើ ០-០ ជាមួយខេត្តព្រែវែង ប៉ុន្តែពួកគេនៅតែអាចបន្តឈរនៅលេខ ១ ប្រចាំពូល C ដោយមាន ៤ ពិន្ទុ។ រីឯក្រុមខេត្តព្រះវិហារបានចាញ់ក្រុមភ្ញៀវ ខេត្តសៀមរាប ២-១ ធ្វើខេត្តសៀមរាបបន្តឈរនៅកំពូលតារាងប្រចាំពូល B ដដែលមាន ៦ ពិន្ទុពេញ។
ផ្ទុយពីនេះខេត្តកំពង់ស្ពឺបានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តតាកែវ ២-១ ដើម្បីឈរនៅលេខ ១ ពូល D មាន ៤ ពិន្ទុ ខណៈខេត្តកែប បានបន្តយកឈ្នះខេត្តកោះកុង ៤-២ ស្របពេលក្រុមខេត្តកំពត បានឈ្នះក្រុមខេត្តព្រះសីហនុ ២-១៕