ភ្នំពេញៈ ក្រុម​កំពុងមាន​ពិន្ទុ​នាំមុខ​ដាច់​នៅ​លីក​កំពូល​កម្ពុជា ឆ្នាំ​ ២០១៩ ព្រះខ័នរាជ​ស្វាយរៀង​បាន​ចាត់ទុក​ការវិល​មក​ជួប​ក្រុម​បឹងកេត​ក្នុង​ការប្រកួត​ជើង​ទី​ ២ ​នេះ​ជា​ចំណុច​កាត់សេចក្តី ថា​តើ​ពួកគេ​នឹងត្រូវ​បាន​លើក​ពាន ឬ​ក៏​ត្រូវ​ថមថយ​ភាគរយ​មួយកម្រិត ចំណែក​ក្រុម​លេខ​ ២ ណាហ្គាវើល​ក៏​ត្រូវ​ប្រឈម​ការប្រកួត​ដែល​មាន​ភាពតានតឹង​ផងដែរ​។

ការឈ្នះ​ ១៦ និង​ស្មើ​ ៤ មាន​ ៥២ ​ពិន្ទុ​ដាច់​ឆ្ងាយ​ពី​គេ​បាន​ធ្វើ​ឲ្យ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​មាន​ភាគរយ​ស្ទើរតែ​ ៧០ ​ភាគរយ​ទៅហើយ​សម្រាប់​ការ​ឆ្ពោះ​ទៅ​រក​ការឈ្នះ​ពាន​នៅ​រដូវកាល​នេះ ហើយ​ការជួប​ក្រុម​បឹងកេត​ដែល​ពួកគេ​ធ្លាប់​បាន​ស្មើ ២-២ ក្នុង​ទឹកដី​កាលពី​ជើង​ទី​ ១ លើក​នេះ​ក្រុម​ស្វាយរៀង​បាន​ប្តេជ្ញា​រួមគ្នា​ស្វែងរក​ជ័យជម្នះ ដើម្បី​ធ្វើឲ្យ​ឱកាស​លើក​ពាន​របស់​គេ​កើន​ដល់​ ៩៩ ​ភាគរយ​។

លោក ជូ សារឿន គ្រូ​ជំនួយ​ក្រុម​ស្វាយរៀង​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា​៖ «​ការជួប​ក្រុម​បឹងកេត​លើក​នេះ​វា​ប្រៀប​ដូចជា​ការប្រកួត​សេចក្តី​អ៊ីចឹង​ដែរ ព្រោះ​បើ​យើង​ឈ្នះ យើង​នឹង​មាន​ឱកាស​លើក​ពាន​រហូត​ដល់​ ៩៩ ​ភាគរយ​គឺ​យើង​លែង​សូវ​បារម្ភ​ចំពោះ​ការ​ទៅ​ជួប​ក្រុម​វិសាខា ណាហ្គាវើល និង​ក្រសួង​ការពារ​ជាតិ​ទៀត​ហើយ​ដោយសារ​យើង​មាន​ពិន្ទុ​ដាច់​ពី​គេ ហើយ​បើ​យើង​ឈ្នះ​ ១​ ​ទៀត​ក្នុង​ចំណោម​ ៣ ​ក្រុម​ខាងលើ​នេះ​យើង​ដឹង​តែ​លើក​ពាន​ ១០០ ​ភាគរយ​តែម្តង​គឺ​គ្មាន​ក្រុម​ណា​តាម​យើង​ទាន់​ទៀត​ទេ​»​។

យ៉ាងណា​ក៏ដោយ​លោក ជូ សារឿន បាន​សម្តែង​ការបារម្ភ​ផង​ដែរ​សម្រាប់​ការធ្វើ​ដំណើរ​មក​ជួប​ក្រុម​បឹងកេត​នៅ​ថ្ងៃ​សៅរ៍​នេះ​។ លោក​និយាយ​ថា​៖ «​យើង​ក៏មាន​ការបារម្ភ​ទៅ​លើ​ទីលាន​របស់​បឹងកេត​ផងដែរ ហើយ​ម្យ៉ាង​ទៀត​បឹងកេត​ក៏​ជា​ក្រុម​ខ្លាំង និង​ធ្លាប់​ឈ្នះ​ពាន ខណៈ​ពេលនេះ​ពួកគាត់​មាន​កីឡាករ​ល្អៗ​ច្រើន ឯ ចាន់ វឌ្ឍនាកា ក៏​វិល​មក​ជួយ​ក្រុម​នេះ​វិញ​ផងដែរ អ៊ីចឹង​ជំនួប​លើក​នេះ​នឹង​ក្លាយ​ជា​ការប្រកួត​ដ៏អស្ចារ្យ​ដែល​យើង​ត្រូវ​ប្តេជ្ញា​ប្រឹងប្រែង​ទាំងអស់​គ្នា ដើម្បី​ស្វែងរក​ជ័យជម្នះ​»​។

ចំណែក​លោក ហៅ សុជាតិ គ្រូបង្វឹក​ក្រុម​បឹងកេត​មិន​អាច​ទាក់ទង​សម្ភាស​បាន​ឡើង​កាលពី​ម្សិលមិញ ប៉ុន្តែ​លោក​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ថា៖ «​ក្រុម​បឹងកេត​ពេល​នេះ​មាន​ទម្រង់​លេង​ល្អប្រសើរ​ជាង​ជើង​ទី​ ១ ហើយ​បឹងកេត​នៅតែ​រក្សា​ក្តីសង្ឃឹម​ក្នុង​ការប្រជែង​ជាមួយ​ក្រុម​ស្វាយរៀង បើ​ទោះបី​ជា​បឹងកេត​នៅ​សល់​ភាគរយ​តិចតួច​ក៏ដោយ​»​។

ដោយឡែក​ក្រុម​ណាហ្គាវើល​ដែល​កំពុង​ឈរ​នៅ​លេខ​ ២ មាន​ ៤៤ ​ពិន្ទុ​ក៏​ប្រឈម​ការលំបាក​ក្នុង​ការស្វែងរក​ ៣ ​ពិន្ទុ​បន្ថែម​ផងដែរ​។ ទោះបី​ជា ណាហ្គាវើល ធ្លាប់​ឈ្នះ​ក្រុម​ឈរ​នៅ​លេខ​ ៥ អង្គរថាយហ្គឺរ ៤-០ កាល​ជើង​ទី​ ១ ប៉ុន្តែ​ការ​ទៅលេង​នៅ​ទីលាន​ដ៏ស្មុគស្មាញ​របស់​អង្គរថាយហ្គឺរ វា​នឹង​ធ្វើឲ្យ​មាន​ការប៉ះពាល់​ដល់​ទម្រង់​លេង​របស់​ណាហ្គាវើល​ជា​មិនខាន​។

ចំណែក​ក្រុម​ឈរ​នៅ​លេខ​ ៦ ភ្នំពេញ​ក្រោន និង​ក្រុម​ទ័ព​ដែល​មាន​ ៣៥ ​ពិន្ទុ​ដូចគ្នា​នោះ​នឹង​ត្រូវ​ប្រើ​កីឡដ្ឋាន​ផ្ទាល់​ខ្លួន ដើម្បី​សងសឹក​ចំពោះ​ការចាញ់​កាលពី​ជើង​ទី​ ១ ដោយ​ក្នុងនោះ​ទ័ព​ត្រូវ​ជម្រះបញ្ជី​ជាមួយ​ក្រុម​គិរីវង់​ដែល​ពួកគេ​ធ្លាប់​ចាញ់ ៤-១ ហើយ​ភ្នំពេញ​ក្រោន​ត្រូវ​ប៉ះ​សូលទីឡូអង្គរ​ដែល​ពួកគេ​បាន​ចាញ់ ១-០​។ ផ្ទុយ​ពីនេះ​ក្រុម​លេខ​ ៣ មាន​ ៤៤ ​ពិន្ទុ វិសាខា​គឺ​មាន​ភាគរយ​ខ្ពស់បំផុត​ក្នុង​ការបន្ត​ឈ្នះ​ក្រុម​យុវជន​បាទី​អាយុ​ក្រោម​ ១៨ ​ឆ្នាំ​ដែល​ពួកគេ​ធ្លាប់​បាន​ឈ្នះ ៥-១ កាល​ជើង​ទី​ ១៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-​យុវជន​បាទី​.១៨ ​ឆ្នាំ v វិសាខា កីឡដ្ឋាន​សាលា​បាល់ទាត់​ជាតិ​បាទី ៣:៣០

-​បឹងកេត v ស្វាយរៀង កីឡ.ខេមបូឌាអ៊ែរវ៉េ ៣:៣០

-​ទ័ព v គិរីវង់ កីឡដ្ឋាន​ស្តាតចាស់ ៦:០០

-​ភ្នំពេញ​ក្រោន v សូលទីឡូអង្គរ កីឡ.RSN ៦:០០

៣ ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ

-​ខេត្ត​កំពង់ចាម v អាស៊ី​អឺរ៉ុប​នៅ​ស្តាតចាស់ ៣:៣០

-​អគ្គិសនី​កម្ពុជា v ប៉ូលិស កីឡ.អគ្គិសនី​កម្ពុជា ៣:៣០

-​អង្គរថាយហ្គឺរ v ណាហ្គាវើល កីឡដ្ឋាន​ខេត្ត​សៀមរាប​ម៉ោង ៣:៣០