ភ្នំពេញ៖ ក្រុម​ម្ចាស់​ជើងឯក​លីក​កំពូល​កម្ពុជា ព្រះខ័នរាជ​ស្វាយរៀង ​​បាន​ចាប់​ផ្តើម​ការ​ហ្វឹកហាត់​ជា​ផ្លូវ​ការ​ហើយ ដើម្បី​ត្រៀម​ប្រកួត​ជម្រុះ​វគ្គ Play-off round នៃ​​ពាន​រង្វាន់ AFC Cup 2020 ជាមួយ​ក្រុម​មក​ពី​លីក​កំពូល​ឡាវ Master7 FC នៅ​ក្នុង​ខែ​មករា ​ខាង​មុខ​នេះ ហើយ​កីឡាករ​ជើង​ចាស់​ ឈិន ឈឿន និង ទៀង ទិនី ក៏​មាន​វត្តមាន​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​នោះ​ដែរ។

លោក ជូ សារឿន គ្រូ​ជំនួយ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍ កាលពី​ល្ងាច​ថ្ងៃ​ពុធ​ថា៖​ «​យើង​បាន​ចាប់​ផ្តើម​ហ្វឹកហាត់​តាំង​ពី​ថ្ងៃ​ចន្ទ ព្រោះ​នេះ​ជា​លើក​ទី ​១ ដែល​ក្លិប​ព្រះខ័នរាជ​ស្វាយរៀង បាន​ទៅ​ចូលរួម​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFC Cup តំណាង​ឲ្យ​ប្រទេស កម្ពុជា ហេតុ​នេះ​យើង​​ត្រូវ​តែ​រៀបចំ​លក្ខណ​សម្បត្តិ​ឲ្យ​បាន​គ្រប់គ្រាន់ និង​បានល្អ​ប្រសើរ ដើម្បី​ត្រៀម​ការ​ប្រកួត​ដ៏​សំខាន់​មួយ​​នេះ»។

យ៉ាងណា​ក៏​ដោយ សម្រាប់​ការ​ហ្វឹកហាត់​របស់​ពេល ​២ ​ថ្ងៃ​មក​នេះ ​ត្រូវ​បាន​លោក ជូ សារឿន បាន​ប្រាប់​ថា នៅ​មិន​ទាន់​ឃើញ​វត្តមាន​កីឡាករ​បរទេស​មក​ហ្វឹកហាត់​ទេ ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា ឈិន ឈឿន ដែល​ក្លិប​ក្រសួង​ការពារជាតិ ទើប​តែ​បាន​ប្រកាស​ពី​ការ​ចែក​ផ្លូវ​កាល​ពី​ថ្ងៃ​ពុធ និង​ខ្សែ​ការពារ​ជើង​ចាស់ ទៀង ទិនី ដែល​បាន​បញ្ចប់​កុងត្រា​ជាមួយ​ក្លិប​វិសាខា សុទ្ធ​តែ​បាន​ចូល​រួម​ហ្វឹកហាត់​ជាមួយ​ក្លិប​ស្វាយរៀង ដើម្បី​​ត្រៀម​ការ​ប្រកួត​នេះ។

លោក សារឿន បាន​បញ្ជាក់​​ថា៖ ​«ពិត​ហើយ ឈិន ឈឿន និង ទៀង ទិនី បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្លិប​របស់​យើង​ជា​ផ្លូវ​ការ​ហើយ ហើយ​ការ​ឆាប់​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​ហ្វឹកហាត់​នេះ មិន​មែន​យើង​ត្រៀម​តែ​ការ​ប្រកួត​ជម្រុះ​ពាន AFC Cup 2020 ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ត្រៀម​ទាំង​ការ​ប្រកួត​លីក​កំពូល​កម្ពុជា និង​​​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច ហ៊ុន សែន រដូវ​កាល ឆ្នាំ ​២០២០ ផង​ដែរ»។

សម្រាប់​ការ​ទទួល​បាន​ឱកាស ទៅ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFC Cup 2020​ ​ជា​លើក​ដំបូង​នេះ ក្រុម​ស្វាយរៀង នឹង​ត្រូវ​ប្រកួត​ក្រៅ​ទឹក​ដី និង​ក្នុង​ទឹក​ដី​ជាមួយ​ក្រុម Master7 FC ​គឺ​លើក​ទី១ ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី ​២២ និង​លើក​ទី ​២ នៅ​ថ្ងៃ​ទី ​២៩ ខែ​មករា។ ចំណែក​ក្រុម​ឈ្នះ​នឹង​ត្រូវ​ឡើង​​ទៅ​លេង​​នៅ​វគ្គ​ចាប់​ពូល គឺ​ឈរ​នៅ​ពូល​​ ​G ជាមួយ​នឹង​ក្រុម​ជើងឯក​លីក​កំពូល​ហ្វីលីពីន Ceres Negros ក្រុម​ជើងឯក​លីក​កំពូល​ឥណ្ឌូនេស៊ី Bali United និង​ក្រុម​លេខ ៣ មក​ពី​លីក​កំពូល​វៀតណាម Than Quang Ninh។

ដោយ​ឡែក​​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ​១៩ ​ឆ្នាំ នឹង​ចេញ​ដំណើរ​​ទៅ​ចូលរួម​ការ​ប្រកួត​ពាន​មិត្តភាព​មាន ​៣ ​ប្រទេស​​ចូលរួម BTV International Football Tournament Cup នៅ​ប្រទេស ​វៀតណាម ថ្ងៃ​នេះ ហើយ​ការ​ប្រកួត​នេះ U19 កម្ពុជា និង​ត្រូវ​ជួប​ក្រុម​U20 វៀតណាម នៅ​ថ្ងៃ​ទី​សៅរ៍ ហើយ​ក្រុម​ម្ចាស់ផ្ទះ Becamex Binh Duong ត្រូវ​ជួប​ក្រុម ​U20 មីយ៉ាន់ម៉ា នៅ​ថ្ងៃ​អាទិត្យ។

ចំពោះ​ក្រុម​ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ទាំង​ ២ ​ក្រុម នឹង​ឡើង​ទៅ​ប្រកួត​ដណ្តើម​យក​លេខ​ ១ និង​លេខ​ ២ នៅ​ថ្ងៃ​ទី​ ១៨ ខណៈ​ក្រុម​ចាញ់ ត្រូវ​ប្រកួត​គ្នា​ដណ្តើម​យក​លេខ​ ៣ នៅ​ថ្ងៃទី​ ១៧ ខែ​ធ្នូ ហើយ​ការ​ប្រកួត​នេះ វា​បាន​ក្លាយ​ជា​ការ​ប្រកួត​ដក​ស្រង់​បទពិសោធ​មួយ​ផង​ដែរ ចំពោះ​ក្រុម​ U19 កម្ពុជា សម្រាប់​ត្រៀម​​ការ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ AFC U19 Championship 2020 នៅ​ប្រទេស ​អ៊ូសបេគីស្ថាន ក្នុង​អំឡុង​ខែ​តុលា ឆ្នាំ​ ២០២០៕