ភ្នំពេញ៖ ​ក្រុម​ខ្លាំង​ទាំង ​៦ ដែល​មាន​មូលដ្ឋាន​រឹងមាំ​ជាង​គេ​នៅ​លីកកំពូល​កម្ពុជា ​រួម​មាន​ព្រះខ័នរាជ​ស្វាយរៀង ណាហ្គាវើល បឹងកេត ក្រសួងការពារជាតិ និង​ភ្នំពេញ​ក្រោន នឹង​ត្រូវ​វិល​មក​ជួប​គ្នា នៅ​ចុង​សប្តាហ៍​នេះ ហើយ​វា​ក៏​ជា​ជំនួប ដែល​​ស្វាយរៀង​សម្លឹង​រក​ការ​ឈ្នះ​ពាន នៅ​មុន​បិទ​រដូវកាល ឆ្នាំ ​២០១៩ នេះ​ផង​ដែរ។

ការ​ប្រកួត​​ប្រចាំ​សប្តាហ៍​ទី ​២២ ​នេះ ស្វាយរៀង និង​ត្រូវ​ជួប​ក្រុម​ម្ចាស់​ផ្ទះ​វិសាខា ហើយ​ការ​វិល​មក​ជួប​គ្នា​រវាង​ក្រុម​ទាំង ​២ ​នេះ វា​បាន​ក្លាយជា​ការ​ប្រកួត​ដ៏​សំខាន់ ដើម្បី​បញ្ជាក់​ថា តើ​ក្រុម​ស្វាយរៀង ​អាច​បន្ត​ឈ្នះ​លើ​វិសាខា ដើម្បី​ឈ្នះ​ពាន មុន​បិទ​រដូវកាល ឬ​ក៏​វិសាខា ជា​អ្នក​ឈ្នះ ដើម្បី​បន្ត​ក្តី​សង្ឃឹម​ក្នុង​ការ​ប្រជែង​យក​លេខ ​១ ពី​ស្វាយរៀង នៅ​សប្តាហ៍​បន្ទាប់។

ក្រុម​ស្វាយរៀង ធ្លាប់​បាន​ឈ្នះ វិសាខា ៥-៣ កាល​ជើង​ទី ​១ ប៉ុន្តែ​លោក Conor Nestor គ្រូ​បង្វឹក​ក្រុម​ស្វាយរៀង បាន​ទទួល​ស្គាល់​ថា ការ​ជួប​ក្រុម​វិសាខា លើក​នេះ ក្រុម​របស់​លោក​មាន​បញ្ហា​ប្រឈម​ច្រើន​ទាក់ទង​ទៅ​នឹង​បញ្ហា​របួស​កីឡាករ និង​ការ​ធ្វើ​ការងារ​ធ្ងន់​ពេក​នៅ​លើ​ទីលាន ដោយសារ​តែ ស្វាយរៀង ទើប​តែ​ប្រកួត​វគ្គ ១/២ ​ផ្តាច់​ព្រ័ត្រ​ពាន​សម្តេច ហ៊ុន សែន ជាមួយ​ភ្នំពេញ​ក្រោន​កាល​ពី​យប់​​ម្សិលមិញ។

ចំណែក​ក្រុម​វិសាខា ក៏​កំពុង​តែ​មាន​បញ្ហា​លើ​ការ​ប្រមូល​អារម្មណ៍​​ផង​ដែរ ព្រោះ​ការ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត ១/២ ផ្តាច់​ព្រ័ត្រ​ពាន​សម្តេច ហ៊ុន សែន ដោយ​ចាញ់​បឹងកេត ៤-០ នោះ វា​ពិត​ជា​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​អារម្មណ៍​ខ្លាំង​ដល់​សមាជិក​វិសាខា។ ទោះ​យ៉ាង​ណា ពិត​ជា​ត្រូវ​ការ ​៣ ពិន្ទុ ជា​ចាំបាច់ ព្រោះ​ការ​បរាជ័យ​នឹង​ធ្វើ​ឲ្យ​ពួក​គេ លែង​មាន​ឱកាស​ប្រជែង​យក​លេខ ​១ ​ទៀត​ហើយ ដោយសារ​ពេល​នេះ វិសាខា មាន ៥០ ​ពិន្ទុ គឺ​តិច​ជាង ក្រុម​ស្វាយរៀង ៨ ពិន្ទុ​ទៅ​ហើយ។

យ៉ាង​ណា​មិញ ​ក្រុម​កំពុង​ឈរ​នៅ​លេខ ​៣ មាន ​៤៧ ​ពិន្ទុ ណាហ្គាវើល នឹង​ត្រូវ​សងសឹក​ក្រុម​បឹងកេត ដែល​ពួក​គេ​ធ្លាប់​ចាញ់ ២-០ កាល​ពី​ជើង​ទី ​១ ហើយ​ក្រុម​ទាំង ​២ ​នេះ មាន​មហិច្ឆតា​ចង់​ឈ្នះ​បាន ​៣ ពិន្ទុ​បន្ថែម​ដូច​គ្នា។

ណាហ្គាវើល ត្រូវ​ការ​ឈ្នះ ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​បំណង គឺ​ការ​ឡើង​ទៅ​ឈរ​នៅ​លេខ ​២ ឯ​បឹងកេត ត្រូវការ ៣ ពិន្ទុ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​តំបន់ Top4 វិញ ដូច្នេះ​ជំនួប​នេះ​នឹង​មាន​ភាព​តានតឹង​ខ្លាំង។

ជាមួយ​គ្នា​នេះ ក្រុម​ក្រសួង​ការពារជាតិ (ទ័ព) នឹង​ត្រូវ​ប្រើ​កីឡដ្ឋាន​របស់​ខ្លួន ដើម្បី​សង​សឹក​ក្រុម​ភ្នំពេញ​ក្រោន​វិញ។ ក្រុម​​កំពុង​ឈរ​នៅ​លេខ ​៧ មាន​ ៣៥ ពិន្ទុ ទ័ព​បាន​ចាញ់​ក្រុម​ឈរ​នៅ​លេខ ​៦ មាន ៣៨ ពិន្ទុ ភ្នំពេញ​ក្រោន ៣-១ កាល​ពី​ជើង​ទី ​១ ហើយ​​ភ្នំពេញ​ក្រោន​ក៏​ជា​អ្នក​ទម្លាក់​ពួក​គេ​ចេញ​ពី​​ពាន​សម្តេច ហ៊ុន សែន ត្រឹម​វគ្គ ​៨ ​ក្រុម​ផង​ដែរ អ៊ីចឹង​ការ​ជួប​គ្នា​លើក​នេះ វា​ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​ទ័ព ក្នុង​ការ​ជម្រះ​បញ្ជី​ចាស់ ខណៈ​ភ្នំពេញក្រោន ក៏​កំពុង​ថម​ថយ​កម្លាំង​ផង​ដែរ ដោយសារ​ពួក​គេ​ទើប​តែ​ប្រកួត​ជាមួយ​ក្រុម​ស្វាយរៀង​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍៕

​កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-ខេត្ត​កំពង់ចាម v ប៉ូលិស កីឡដ្ឋានស្តាតចាស់ ៣:៣០

-អគ្គិសនី​កម្ពុជា v គិរីវង់ កីឡដ្ឋានអគ្គិសនីកម្ពុជា ៣:៣០

-អង្គរថាយហ្គឺរ v សូលទីឡូអង្គរ កីឡដ្ឋាន​សៀមរាប ៣:៣០

​៤ ​ប្រកួត នៅ​ថ្ងៃ​អាទិត្យ

-U18 យុវជន​បាទី v អាស៊ីអឺរ៉ុប កីឡដ្ឋាន​សាលាបាល់ទាត់ ជាតិបាទី ៣:៣០

-បឹងកេត v ណាហ្គាវើល កីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ៣:៣០

-វិសាខា v ស្វាយរៀង កីឡដ្ឋាន វិសាខា ៦:០០

-ទ័ព v ភ្នំពេញ​ក្រោន កីឡដ្ឋានស្តាតចាស់ ៦:០០