ក្រុង​ប៉ារីស៖ ក្រុម​ជម្រើស​ជាតិ​ហូឡង់​ អាល្លឺម៉ង់​ និង​ក្រូអាត​ បាន​ប្រកួត​ឈ្នះ​គូ​ប្រជែង​រៀងៗ​ខ្លួន ​ដើម្បី​​មាន​ឱកាស​​ប្រកួត​នៅ​​ក្របខ័ណ្ឌ Euro 2020 កាល​ពី​ថ្ងៃ​សៅរ៍​ ខណៈ​ប្រទេស​ទាំង ​៣ ​នេះ ​បាន​កក់​កៅអី​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​នៅ​រដូវ​ក្ដៅ​ឆ្នាំ​ក្រោយ​នេះ​។​

ជម្រើស​ជាតិ​ហូឡង់​របស់​លោក Ronald Koeman ត្រូវ​ការ​ពិន្ទុ​ថែម​ទៀត​ ​ដើម្បី​មាន​ឱកាស​លេង​ក្នុង​ព្រឹត្តិការណ៍​​ធំ​នេះ​ជា​លើក​ដំបូង​របស់​ពួក​គេ​ចាប់​តាំង​ពី​បាន​លេខ​ ៣ ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ ​២០១៤ និង​ទទួល​បាន​អ្វី​ដែល​ពួក​គេ​ចង់​បាន​​ក្រោយ​ពី​​ប្រកួត​​ ០-០ ​ស្មើ​គ្នា​ជា​មួយ​ជម្រើស​ជាតិ​អៀរឡង់​ខាង​ជើង ​នៅ​កីឡដ្ឋាន​ Belfast។

ខ្សែ​ការពារ​ Van Dijk នៅ​ក្លិប​ Liverpool បាន​និយាយ​ថា៖ «​វា​មាន​ន័យ​ច្រើន​សម្រាប់​យើង​ជា​កីឡាករ​ ហើយ​សង្ឃឹម​ថា វា​មាន​ន័យ​ច្រើន​សម្រាប់​ពលរដ្ឋ​ហូឡង់​ផង​ដែរ​»។​

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ជម្រើស​ជាតិ​ហូឡង់​ឈរ​នៅ​លេខ ​២​ មាន ​១៦ ​ពិន្ទុ ​​ដែល​កំពុង​តាម​ពី​ក្រោយ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ដែល​មាន ​១៨ ​ពិន្ទុ​ និង​ឈរ​នៅ​លេខ ​១ ​នៃ​ពូល​ C ក្នុង​​ក្របខ័ណ្ឌ​ Euro 2020។​

ទន្ទឹម​នេះ​ដែរ​ ក្រុម​អាល្លឺម៉ង់​បាន​ប្រកួត​ឈ្នះ​ជម្រើស​ជាតិ​បេឡារុស​ ៤-០ កាល​ពី​ថ្ងៃ​សៅរ៍​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ឱកាស​ឡើង​ទៅ​ប្រកួត​ Euro ជា​លើក​ទី ​១៣ ​ជាប់ៗ​គ្នា​។​

គ្រាប់​បាល់​ ​៤ ​គ្រាប់​នេះ​ គឺ ​២ ​គ្រាប់ ​រក​បាន​ដោយ​កីឡាករ​ Toni Kroos ហើយ ​២ ​គ្រាប់​ទៀត ​គឺ​រក​បាន​ដោយ​កីឡាករ​ Matthias Ginter និង​កីឡាករ​ Leon Goretzka។​

កីឡាករ​ Kroos បាន​បន្ទរ​តាម​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អាល្លឺម៉ង់​លោក Joachim Loew ក្រោយ​ពី​ការ​ប្រកួត​នេះ​ថា៖ «​ជា​រួម ​គឺ​យើង​ធ្វើ​បាន​ល្អ​ប៉ុន្តែ​នៅ​ពេល​នេះ​ខ្ញុំ​មិន​ទាន់​ហ៊ាន​ថា យើង​ស្ថិត​នៅ​ក្នុង​ក្រុម​ដែល​ទទួល​បាន​ពាន​រង្វាន់​អឺរ៉ុប​នេះ​នៅ​ឡើយ​ទេ​»។​

ជ័យជម្នះ​ទៅ​លើ​ជម្រើស​ជាតិ​អៀរឡង់​ខាង​ជើង​នៅ​ទីក្រុង​ Frankfurt ​ប្រទេស ​អាល្លឺម៉ង់ ​នៅ​ថ្ងៃ​អង្គារ​នេះ​ ​នឹង​ធានា​ឲ្យ​ក្រុម​របស់​លោក Loew ជា​ក្រុម​ដែល​បាន​កក់​កៅអី​មុន​គេ​​។​

ស្រប​ពេល​នោះ​ដែរ​​ ជម្រើស​ជាតិ​ក្រូអាត​បាន​ប្រកួត​ឈ្នះ​ជម្រើស​ជាតិ​ស្លូវ៉ាគី​ ក្នុង​លទ្ធផល​ ៣-១ នៅ​ទីក្រុង​ Rijeka ប្រទេស ក្រូអាត ​ដើម្បី​ធានា​បាន​នូវ​កៅអី​​សម្រាប់​វគ្គ​បន្ត​នៅ​ក្របខ័ណ្ឌ​អឺរ៉ុប​នេះ​។​

ម្ចាស់​ជើងឯក​រង​ World Cup ​មួយ​នេះ​ត្រូវ​ការ​តែ ​១ ​ពិន្ទុ​ប៉ុណ្ណោះ ​ដើម្បី​ធានា​​បាន​នូវ​ការ​ឆ្លង​ផុត​ពី​វគ្គ​ជម្រុះ​នៅ​​ក្នុងពូល​ E​ ​នេះ​ប៉ុន្តែ​កីឡាករ​​ Robert Bozenik បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​រូប​គេ​រក​បាន ​១ ​គ្រាប់ ​នាំ​មុខ​ក្រុម​ម្ចាស់​ផ្ទះ​​ក្រូអាត​នៅ​នាទី​ទី​ ៣២​។

ទោះ​យ៉ាង​ណា​ នៅ​ក្នុង​តង់​ទី ​២​ កីឡាករ​ Nikola Vlasic រក​បាន ​១ ​គ្រាប់ ​សម្រាប់​ក្រុម​ក្រូអាត​វិញ ​ដើម្បី​លុប​ចោល​ការ​នាំ​មុខ​របស់​ក្រុម​ភ្ញៀវ​នោះ ហើយ​​កីឡាករ​ Bruno Petkovic បាន​បន្ថែម ​១ ​គ្រាប់​ទៀត ​មុន​ពេល​​កីឡាករ​ Ivan Perisic រក​បាន ​១ ​គ្រាប់​ទៀត ​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​ឈ្នះ​ក្រុម​ភ្ញៀវ​ ៣-១។​

កីឡាករ​ Petkovic បាន​និយាយ​ថា៖ «​យើង​កំពុង​ព្យាយាម​អត់​ធ្មត់​នៅ​ក្នុង​បន្ទប់​សម្រាក​នៅ​ក្នុង​តង់​ទី ​១​ ហើយ​យើង​ច្បាស់​ថា យើង​នៅ​តែ​មាន​គុណភាព​។ យើង​បាន​បន្ត​វាយ​បក​​និង​បង្កើត​ឱកាស​​រហូត​រក​បាន ​៣ ​គ្រាប់​​បែប​នេះ​»​៕ AFP/SN