ភ្នំពេញៈ អ្នកលេងអុកអន្តរជាតិ និងអុកចិន ហេង ចំណាន ដែលជាបេក្ខជនឆ្នើមរបស់កម្ពុជា បានចូលទៅសុំទិដ្ឋាការនៅស្ថានទូតចិនប្រចាំកម្ពុជា កាលពីព្រឹកម្សិលមិញ ដើម្បីទៅចូលរួមក្នុងការប្រកួតកីឡាអុកចិនកម្រិតពិភពលោក នៅក្រុងឆឹងតួ ខេត្តស៊ីឈុនប្រទេសចិន នាខែកញ្ញា ឆ្នាំ ២០១៨ ខាងមុខនេះ។
លោក ហេង ចំណាន បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីព្រឹកម្សិលមិញថា៖ «សហព័ន្ធកីឡាអុកអន្តរជាតិកម្ពុជា បានឲ្យខ្ញុំចេញទៅប្រកួត តាមការអញ្ជើញរបស់ចិន ក្នុងកម្មវិធីពីថ្ងៃ ៨ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៨ ហើយលោកឧកញ៉ា លី ហួត ជាប្រធានសហព័ន្ធ ឲ្យខ្ញុំ បានត្រៀមខ្លួនហ្វឹកហាត់បន្ថែម ដើម្បីទៅចូលរួមប្រកួតនេះ ដែលមានជើងខ្លាំង មកពីប្រទេសនានាគ្រប់ទ្វីប នៅលើពិភពលោក ចូលរួម»។
គួររំឭកថា ហេង ចំណាន ធ្លាប់បានចូលរួមការប្រកួតកីឡាអុកចិនជើងឯកពិភពលោកនេះ ម្តងហើយ កាលពីឆ្នាំ ២០១៧ ហើយនៅការប្រកួតលើវិញ្ញាសាឯកត្តជន និងវិញ្ញាសាចាប់គូប្រកួតជាក្រុមជាមួយប្រទេសដទៃ គឺ ២ ទល់នឹង ២ នោះ ចំណាន បានលេខ ៤ ក្នុងចំណោមអត្តពលិកមកពីជាង ២០ ប្រទេស ក្នុងនោះរូបគេបានឈ្នះកីឡាករអាល្លឺម៉ង់ ឈ្នះម៉ាឡេស៊ី ឈ្នះថៃ ប៉ុន្តែចាញ់កីឡាករជប៉ុន។
ចំណែកការត្រៀមទៅប្រកួតលើកនេះ ហេង ចំណាន បានស្នើសុំឲ្យក្រសួងអប់រំ យុវជន និងកីឡា មេត្តាជួយចេញលិខិតឧទ្ទេសនាមដល់រូបគេ ដើម្បីអាចទទួលបានរង្វាន់ពីអន្តរក្រសួង ពេលរូបគេឈ្នះបានមេដាយពីព្រឹត្តិការណ៍នេះ ព្រោះការចេញទៅប្រកួតមុនៗ តំណាងឲ្យជាតិទាំងមូល ចំណាន ទទួលបានលទ្ធផលល្អ ប៉ុន្តែការចំណាយគ្រប់យ៉ាង ជាថវិកាផ្ទាល់ខ្លួនរបស់លោក លី ហួត ម្នាក់គត់។
លោកឧកញ៉ា លី ហួត ប្រធានសហព័ន្ធកីឡាអុកអន្តរជាតិកម្ពុជា បានថ្លែងថាកីឡាអុកនៅលើពិភពលោក គេបែងចែកជា ៣ ប្រភេទ គឺអុកចត្រង្គ អុកចិន និងអុកអន្តរជាតិហើយសហព័ន្ធយើង គ្រប់គ្រងតែកីឡាអុកអន្តរជាតិ និងអុកចិនទេ ដោយយើងជាសមាជិកពេញសិទ្ធិច្រើនឆ្នាំមកហើយ។ ចំណែកកីឡាអុកចត្រង្គ មានសហព័ន្ធដាច់ដោយឡែកមួយទៀត។
លោក លី ហួត បានឲ្យដឹងថា កម្ពុជាយើង ធ្លាប់ធ្វើម្ចាស់ផ្ទះកម្រិតអាស៊ាន កាលឆ្នាំ ២០១៧ ដោយកាលនោះកីឡាករ ហេង ចំណាន ដណ្តើមបានលេខ ១ ហើយការប្រកួតនៅថៃ កាលពីខែមេសា ឆ្នាំ ២០១៨ ហេង ចំណាន បានលេខ ៣ ផងដែរ។
លោកបានបន្តថា៖ «ខ្ញុំរំពឹងខ្ពស់ចំពោះសមត្ថភាពកីឡាករ ហេង ចំណាន របស់កម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអុកចិនកម្រិតពិភពលោក នាខែកញ្ញា ខាងមុខនេះ ព្រោះ ហេង ចំណាន ជាបេក្ខជនឆ្នើមម្នាក់ ដែលប្រទេសមួយចំនួនក្នុងអាស៊ីចាត់ទុកថា ជាជើងខ្លាំង ១ រូប»។
បើតាមព័ត៌មានដែល ហេង ចំណាន ទទួលបានពីម្ចាស់ផ្ទះ គឺគិតមកដល់ពេលនេះមានប្រទេសមួយចំនួនបានចុះឈ្មោះចូលរួមរួចហើយ ក្នុងនោះមាន ចិន វៀតណាម ម៉ាឡេស៊ី ហូឡង់ អាល្លឺម៉ង់ កម្ពុជា ម៉ាកាវ មីយ៉ាន់ម៉ា ហ្វាំងឡង់ អាមេរិក ឥណ្ឌូនេស៊ី អូស្ត្រាលី បារាំង រុស្ស៊ី និងហ្វីលីពីន ជាដើម។
ហេង ចំណាន បានបន្ថែមថា៖ «ខ្ញុំបានដាក់គោលដៅថា នឹងយកឈ្នះក្នុងរង្វង់ពីលេខ ១ ដល់លេខ ៣ ប៉ុណ្ណោះ ប៉ុន្តែសមត្ថភាពរបស់យើង វាហេងស៊យមួយទៀត គឺចាប់ឆ្នោតជួបដៃគូ»។
គួរបញ្ជាក់ថា ហេង ចំណាន កើតក្នុងឆ្នាំ ១៩៨៧ នៅរាជធានីភ្នំពេញ បច្ចុប្បន្ន ជាមន្ត្រីរាជការនៅអាជ្ញាធរទន្លេសាប ផ្នែកស្រាវជ្រាវ ជំនាញភាសាចិន និងអង់គ្លេស។
ចំណាន ចេះលេងអុកនៅឆ្នាំ ២០០២ ហើយនៅឆ្នាំ ២០០៨ មានភាពល្បីល្បាញត្រូវបានលោក លី ហួត ហៅមកចូលជាកីឡាករជម្រើសជាតិ និងបានអញ្ជើញគ្រូជំនាញកីឡាអុកពីចិន និងរុស្សីមកបង្វឹក ហើយបានចេញប្រកួតក្នុងក្របខ័ណ្ឌសហព័ន្ធលក្ខណៈឯកជនប៉ុណ្ណោះ ដោយទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់៕