ភ្នំពេញៈ អ្នក​ប្រដាល់​ឆ្នើម ឡុង សំណាង របស់​ក្លិប​សាល​ន្ត​កីឡា​បាន​ប្រកួត​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ Sen Khom ត្រឹម​ពិន្ទុ​ទាំង​វេទនា​ភ្នែក​នា​ជំនួប​ក្នុង​កម្មវិធី Boostrong Fighter On Fire នៅ​លើ​សង្វៀន SEATV កាល​ព្រឹក​ថ្ងៃ​អាទិត្យ ហើយ​ជាមួយ​គ្នា​នេះ​កីឡាករ​ចាស់វស្សា ឌុម កែវដប មកពី​ក្លិប​វាល​ស្បូវ​ច្បារអំពៅ​ត្រូវ​បាន​កីឡាករ​ជើង​ថ្មី ឡុង ណងសៅ វ៉ៃ​ឲ្យ​អាជ្ញាកណ្តាល​រាប់​ដល់​ទៅ​ ៣ ​លើក​មុន​នឹង​ចាញ់​ដោយ​ពិន្ទុ​យ៉ាង​គ្រាំគ្រា​ខ្លួន​។

ឡុង សំណាង ដែល​ធ្លាប់​សាង​ភាពល្បីល្បាញ​ខ្លាំង និង​យក​ឈ្នះ​កីឡាករ​ថៃ​យ៉ាង​ច្រើន​នោះ​គឺ​ការប្រកួត​មួយ​រយៈ​ចុងក្រោយ​នេះ​ហាក់​មិន​សូវ​បាន​ល្អ​ដូច​មុនៗ​ហើយ​ការ​ឈ្នះ​ថៃ Sen Khom លើក​នេះ​ដូចជា​វេទនា​ភ្នែក​ខ្លាំងណាស់ ទោះបី​ជា​រូបគេ​បាន​ខិតខំ​ប្រឹង​បញ្ចេញ​ក្បាច់​អស់​ពី​សមត្ថភាព​ក៏ដោយ​។

ក្នុង​ការប្រកួត​ ៥ ​ទឹក​ពេញ ឡុង សំណាង មាន​ប្រៀប​បន្តិចបន្តួច​ក្នុង​ទឹក​ទី​ ១ និង​ទឹក​ទី​ ២ ​ប៉ុណ្ណោះ ចំណែក​នៅ​ ៣ ​ទឹក​ចុងក្រោយ​កីឡាករ​ថៃ​វាយ​ចេញ​បាន​ល្អ​ជាង និង​មាន​ចំនួន​ច្រើន​ជាង​ទាំង​ក្បាច់​ទាត់ និង​ជង្គង់ ហើយ​ក្បាច់​ទាំង​នេះ​បាន​ធ្វើឲ្យ ឡុង សំណាង អស់​ថាមពល និង​ដួល​ញឹកញាប់​ផង​ដែរ ព្រមទាំង​ខ្សោយកម្លាំង​។ ទោះ​ជា​យ៉ាងណា​លទ្ធផល​ផ្លូវការ​ពី​សំណាក់​ចៅក្រម​ទាំង​ ៥ ដែល​ផ្តល់​ពិន្ទុ​បាន​ប្រគល់​ជ័យជម្នះ​ទៅ​ឲ្យ ឡុង សំណាង ឈ្នះ​កីឡាករ​ថៃ​ក្នុង​លទ្ធផល​ពិន្ទុ​ ៣ ​ទល់​ ២ ដែល​ធ្វើឲ្យ​មហាជន​អ្នក​ទស្សនា​មួយ​ចំនួន​ធំ​បាន​ហៅ​ការសម្រេច​ក្តី​ជ័យជម្នះ​នេះ​មិន​យុត្តិធម៌​។

តាម​ការកំណត់​សម្គាល់​នៅក្នុង​ ៣ ​ប្រកួត​ចុងក្រោយ​នេះ ឡុង សំណាង គឺ​ប្រកួត​មាន​លក្ខណៈ​ធ្លាក់​ចុះ​ជាង​លើក​មុនៗ ខណៈ​ដែល​ជ័យជម្នះ​លើក​នេះ​ទំនង​ជា​យឹតយោង​ច្រើន​ជាង រីឯ​ ២ ​ប្រកួត​ទៀត ឡុង សំណាង បាន​សន្លប់​ដោយ​ក្បាច់​ជង្គង់​របស់​កីឡាករ​ថៃ​ឈ្មោះ Chhouk Chhai ក្នុង​ទឹក​ទី​ ២ នៅ​សង្វៀន​ CNC បន្ទាប់មក​គេ​បាន​ឈ្នះ​ថៃ Pektang Kiatpontip នៅ​សង្វៀន PNN កាលពី​ថ្ងៃ​អាទិត្យ​ទី​ ១២ ខែ​ឧសភា​សប្តាហ៍​មុន​។

ទោះ​យ៉ាងណា​ជុំវិញ​ការទទួល​បាន​ជ័យជម្នះ​ទាំង​មិន​ទំនង​លើក​នេះ​លោក រាជ សុផែន ប្រធាន​បច្ចេកទេស​បាន​ពន្យល់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​កីឡាករ Sen Khom វាយ​ចេញ​ច្រើន ប៉ុន្តែ​ស្រាលៗ​មិន​ចំ​គោលដៅ​ពេញ​នោះ​ទេ ឯ ឡុង សំណាង ទោះបី​វាយ​ចេញ​មួយៗ​គឺ​ចំ​គោលដៅ​ល្អ និង​ធ្ងន់​ដែល​បច្ចេកទេស​ឲ្យ​ពិន្ទុ​ពេញ​ល្អ​មាន​ប្រៀប​ជាង​»​។

លោក រាជ សុផែន បាន​បន្ថែម​ថា​៖ «​ចៅក្រម​ផ្តល់​ពិន្ទុ​ឲ្យ ឡុង សំណាង ទទួល​បាន​លទ្ធផល​ឈ្នះ​នេះ​គឺ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ការរិះគន់​របស់​បងប្អូន​អ្នក​ទស្សនា​គេច​មិន​ផុត​នោះ​ទេ​ព្រោះ​ទោះបី​ខាង​ភាគី​កីឡាករ​ថៃ Sen Khom ឈ្នះ​ក៏​នៅតែ​មាន​អ្នក​តវ៉ា ឬ​រិះគន់​ដូច​តែ​គ្នា​អីចឹង​»​។

ចំណែក​គូ​ប្រដាល់​ប្រកួត​ជក់​ចិត្ត​មួយគូ​ទៀត កីឡាករ​ចាស់វស្សា ឌុម កែវដប បាន​ចាញ់​កីឡាករ​ជើង​ខ្លាំង​ជំនាន់​ក្រោយ​ឡុង ណងសៅ របស់​ក្លិប​សាលវ័ន្ត ដោយ​ឈឺ​ខ្លួន​មិន​តិច​ទេ​។ ក្នុង​ការប្រកួត​ចំនួន​ ២ ​ទឹក​ដំបូង ក្បាច់​ជង្គង់​របស់ ឡុង ណងសៅ បោះ​ចូល​ពោះ និង​ទ្រូង​របស់ កែវដប ពេញៗ​បណ្តាល​ឲ្យ​អាជ្ញាកណ្តាល​រាប់​ដល់​ ៨ ​ចំនួន​ដល់​ទៅ​ ៣ ​លើក​។

ទោះ​ជា​យ៉ាងណា​ចាប់ពី​ទឹក​ទី​ ៣ ​ទៅ ឌុម កែវដប បាន​ប្តូរ​យុទ្ធសាស្ត្រ​មក​វាយ​ប្រើ​កណ្តាប់ដៃ​វិញ​ម្តង ហើយ​មាន​ប្រសិទ្ធភាព​ល្អ​ដែល​អាច​បន្ត​ការប្រកួត​ឈាន​ចូល​ដល់​ទឹក​ទី​ ៥ ប៉ុន្តែ​អ្វីៗ​មិន​អាច​ស្តារ​ដើម​បាន​ទេ ព្រោះ​ចាញ់​គេ​ដាច់​រាប់​ចំនួន​ ៣ ​លើក​ក្នុង​រយៈពេល​ ២ ​ទឹក​ដំបូង​ធ្វើឲ្យ ឌុម កែវដប ចាញ់​យ៉ាង​គ្រាំគ្រា​ខ្លួន​៕