ភ្នំពេញ៖ ​កីឡាករ​ជើង​ខ្លាំង ឡៅ ចិត្ត្រា ​បាន​ទម្លាយ​ថា ការ​ឈ្នះ​ខ្សែ​ក្រវាត់​មាស អម​ជាមួយ​ប្រាក់​រង្វាន់ ​១ ម៉ឺន​ដុល្លារ ពី​ព្រឹត្តិការណ៍​អធិរាជ​គុន​ខ្មែរ ISI Palm នៅ​លើ​សង្វៀន PNN កាល​ពី​ថ្ងៃ​អាទិត្យ វា​ជា​ជោគជ័យ​មួយ​ផ្នែក​ទៀត​ នៅ​ក្នុង​អាជីព​របស់​គេ ដែល​ធ្វើ​ឲ្យ​រូប​គេ​​កាន់​តែ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ខំ​ប្រឹងប្រែង​បន្ថែម ដើម្បី​ឈាន​ទៅ​សម្រេច​​គោល​ចំណង​ធំ​របស់​គេ នៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម។

សិស្ស​គណ​របស់​ក្លិប​កងពល​តូច​ពិសសេស​ឆត្រ​យោង ​៩១១ ឡៅ ចិត្ត្រា ដែល​ធ្លាប់​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ពី ការ​ប្រកួត​ស៊ីហ្គេម កាល​ពី​ឆ្នាំ ​២០១៧ ​នោះ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ក្រោយ​ការ​ប្រកួត​ថា៖ ​«​ការ​ឈ្នះ​បាន​ខ្សែ​ក្រវាត់​មាស​ នៅ​ពេល​នេះ វា​​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេច​ជោគជ័យ​ក្នុង​អាជីព​​​របស់​ខ្ញុំ​បាន ​៦៥ ​ភាគរយ​ហើយ គឺ​ខ្ញុំ​​ត្រូវ​ខំ​ប្រឹង​បន្ត​ទៀត ដើម្បី​ឈាន​ទៅ​សម្រេច​គោល​បំណង​របស់​ខ្ញុំ​ធំ គឺ​ការ​ឈ្នះ​មេដាយ​មាស នៅ​ស៊ីហ្គេម»។

ឡៅ ចិត្ត្រា ដែល​ជា​បេក្ខភាព​ម្នាក់​ត្រូវ​​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស ​ហ្វីលីពីន ចុង​ឆ្នាំ ​២០១៩ នេះ បាន​បន្ថែម​ថា៖ ​«កាល​ពី​ទៅ​ស៊ីហ្គេម​លើក​មុន ខ្ញុំ​បាន​ត្រឹម​មេដាយ​សំរឹទ្ធ តែ​លើក​នេះ ខ្ញុំ​ត្រូវ​ខំ​ប្រឹង​ធ្វើ​ម៉េច​ឲ្យ​បាន​មេដាយ​ល្អ​ជាង​មុន អ៊ីចឹង​ខ្ញុំ​នឹង​យក​ការ​ប្រឹងប្រែង​ហ្វឹកហាត់ ក្នុង​ការ​ប្រកួត​ខ្សែ​ក្រវាត់​នេះ ​ទៅ​ប្រកួត​នៅ​ស៊ីហ្គេម ដើម្បី​សម្រេច​បំណង​ធំ​របស់​ខ្ញុំ»។

សម្រាប់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដណ្តើម​​​ខ្សែ​ក្រវាត់​មាស ក្នុង​ទម្ងន់ ​៦០ ​គីឡូក្រាម នៅ​លើ​សង្វៀន PNN កាល​ពី​ថ្ងៃ​អាទិត្យ​នោះ ឡៅ ចិត្ត្រា​ បាន​ប្រើ​ពេល​​ ​៣ នាទី និង ​៤០ ​វិនាទី ក្នុង​ការ​ផ្តួល​អ្នក​ល្បី​ស្រករ​ក្រោយ លន បញ្ញា ឲ្យ​សន្លប់ ហើយ​ស្ថិតិ​នេះ​បាន​ធ្វើ​ឲ្យ ចិត្ត្រា ក្លាយ​ជា​កីឡាករ​ដែល​មាន​កំណត់ត្រា​ល្អ​បំផុត គឺ​ការ​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​ក្រោម​ទឹក​ទី ​២ ទាំង ​៤ ​ប្រកួត ដើម្បី​ឈ្នះ​បាន​ខ្សែ​ក្រវាត់​មាស និង​​ប្រាក់​រង្វាន់ ​១ ម៉ឺន​ដុល្លារ លើក​នេះ។

ឡៅ ចិត្ត្រា បាន​ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់មាស និង​​ប្រាក់រង្វាន់ ១ ម៉ឺន​ដុល្លារ។ រូប ឈន ណន

អ្នក​ទស្សនា​ផ្ទាល់ ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង នៅ​ពេល​ឃើញ ឡៅ ចិត្ត្រា បាន​​វាយ​ប្រហារ​ទៅ​លើ លន បញ្ញា ដោយ​គ្មាន​ត្រា​ប្រណី​នោះ គឺ​រូប​គេ​បាន​វាយ​សម្រុក​ភ្លាមៗ ហើយ​ទម្ងន់​នៃ​ការ​វាយ​ចេញ​ដោយ​ការ​ម៉ាត់ ទាត់ បុក​ជង្គង់ ពិសេស​កែង​ពិឃាត​របស់​គេ ​​បាន​បណ្តាល​ឲ្យ លន បញ្ញា ដួល​ទាំង​វង្វេង និង​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់​​នៅ​ចុង​ទឹក​ទី ​១។

ឈាន​ចូល​ទឹក​ទី ​២ លន បញ្ញា ​បាន​បើក​ការ​វាយ​លុក​ភ្លាមៗ ក្នុង​បំណង​ស្តារ​ដើម​មក​វិញ ប៉ុន្តែ​ត្រូវ​បាន ឡៅ ចិត្ត្រា ម៉ាត់​ ទាត់ បុក​ជង្គង់ និង​វាយ​កែង​ចូល​ពេញៗ​យ៉ាង​គ្រាំគ្រា និង​មាន​ស្នាម​បែក​នៅ​លើ​ចិញ្ចើម​ផង​ដែរ ហើយ​នៅ​ពេល បញ្ញា កំពុង​​វិលវល់​នោះ ចិត្ត្រា បាន​​វាយ​កែង​ឆ្វេង​ចូល​ថ្គាម រួច​​បុក​ជង្គង់​ចូល​ពោះ​ ​និង​បន្ថែម​ដោយ​​កែង​ឆ្វេង​ទៀត បណ្តាល​ឲ្យ​កីឡាករ លន បញ្ញា ដួល​ដេក ជាមួយ​ការ​ក្អួត​ចេញ​មក​ក្រៅ ក្នុង​ពេល​អាជ្ញា​កណ្តាល​រាប់​ដ៏​គួរ​ឲ្យ​សង្វេគ។

ជុំវិញ​ការ​សម្រេច​ផ្តួល លន បញ្ញា ត្រឹម​ទឹក​ទី ​២​ ដោយ​គ្មាន​ការ​អាណិត​អាសូរ​នេះ ឡៅ ចិត្ត្រា បាន​​បញ្ជាក់​​ថា៖ ​«ដំបូង​ខ្ញុំ​យល់​ថា លន បញ្ញា ​តាំង​ចិត្ត​មក​វាយ ដូច្នេះ​ខ្ញុំ​គិត​ថា យ៉ាង​ហោច​ណាស់​ក៏​បាន ​៤ ​ទៅ ​៥ ​ទឹក​ដែរ ប៉ុន្តែ​ក្រោយ​គាត់​ចូល ​២-៣ ជង្គង់​នៅ​ទឹក​ទី ​១ កម្លាំង​គាត់​ហាក់​ធ្លាក់​ចុះ ហើយ​ពេល​នោះ​ខ្ញុំ​គិត​ថា មិន​បាន ​៣ ​ទឹក​ទេ​។ បន្ទាប់​ពី​ឃើញ​គាត់​រាង​ទ្រុឌ​ទ្រោម ខ្ញុំ​ក៏​វាយ​ផ្តាច់​តែ​ម្តង​ទៅ»។

ចំណែក លន បញ្ញា ដែល​ទទួល​បាន​ប្រាក់​រង្វាន់ ​៨ លាន​រៀល សម្រាប់​ចំណាត់​ថ្នាក់​លេខ ​២ ​នេះ បាន​និយាយ​ថា៖​«នេះ​ជា​ការ​ចាញ់​ធ្ងន់ធ្ងរ​ជាង​គេ ក្នុង​អាជីព​ប្រដាល់​របស់​ខ្ញុំ ប៉ុន្តែ​វា​ដូច​អត់​មាន​អ្វី​ប្លែក​ទេ ព្រោះ​គាត់​ល្អ​គ្រប់​ស្នៀត និង​ចាញ់​លឿន​គាត់។ មុន​ការ​ប្រកួត​ខ្ញុំ​គិត​ថា អាច​ទប់​គាត់​បាន​ច្រើន​ទឹក តែ​មិន​នឹក​ស្មាន​ដល់​បែប​នេះ ព្រោះ​​គាត់​លឿន​ពេក គឺ​នៅ​ពេល​ចូល​ជង្គង់ ខ្ញុំ​គាំង​វាយ​លែង​ចេញ​តែ​ម្តង»។

សម្រាប់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ មាន​អ្នក​ទស្សនា​ផ្ទាល់​ជាង ​២ ​ពាន់​នាក់ និង​មាន​អ្នក​ទស្សនា​តាម​ការ​ផ្សាយ​ផ្ទាល់​រាប់​ម៉ឺន​នាក់​ទៀត។ ​បើតាម​ការ​ប្រកាស​នាពេល​​នោះ គឺ​ក្រុមហ៊ុន ISI Palm និង​បន្ត​ឧបត្ថម្ភ​ដល់​ PNN ដើម្បី​រៀបចំ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មាស ​រដូវកាល​ទី ​២ ជា​បន្ត​ទៀត ហើយ​​លោក ស្រ៊ឺ ស្រេង អ្នក​គ្រប់គ្រង​​កម្មវិធី​កីឡា នៅ PNN បាន​​ប្រាប់​​ថា រដូវកាល​ទី ​២ នឹង​ធ្វើ​ក្នុង​ទម្ងន់ ​៥៧ ​គីឡូក្រាម​វិញ​ម្តង៕