ក្រុងប៉ារីស៖ ក្រុមជម្រើសជាតិអង់គ្លេសបានបាត់បង់ពិន្ទុក្នុងការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ ពីថ្ងៃសុក្រនៅពេលពួកគេបានចាញ់ជម្រើសជាតិឆែក ២-១ ខណៈកីឡាករ Cristiano Ronaldo រកបានគ្រាប់បាល់ទី ៦៩៩ ក្នុងការប្រកួតដែលជម្រើសជាតិព័រទុយហ្គាល់ឈ្នះជម្រើសជាតិលុចសំបួ។
ប្រធានក្រុមអង់គ្លេស Harry Kane រកបាន ១ គ្រាប់ បើកឆាកក្នុងនាទីទី ៥ ក្នុងទីក្រុង Prague នៅសាធារណរដ្ឋឆែក ប៉ុន្តែនៅក្នុងនាទីទី ៩ កីឡាករ Jakub Brabec រកបាន ១ គ្រាប់វិញ ឲ្យក្រុមឆែកនៅមុនពេលកីឡាករ Zdenek Ondrasek បន្ថែម ១ គ្រាប់ទៀត ក្នុងនាទីទី ៨៥ ធ្វើឲ្យក្រុមឆែកឈ្នះក្រុមអង់គ្លេស ២-១ ក្នុងវគ្គជម្រុះ Euro 2020។
អ្នកចាត់ការក្រុមអង់គ្លេសលោក Gareth Southgate បានប្រាប់ទូរទស្សន៍ ITV ថា៖ «ខ្ញុំគិតថា យើងទទួលបានក្រេឌីតជាច្រើនក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ ប៉ុន្តែរាត្រីនេះ យើងធ្វើមិនបានល្អគ្រប់គ្រាន់ទេ»។
លោក Southgate បានបន្ថែមថា៖ «ទម្រង់លេងរបស់យើងមិនទាន់ល្អគ្រប់គ្រាន់នៅឡើយទេ គឺមានលក្ខណៈដូចធម្មតា ហើយគ្រាប់បាល់ដែលយើងបានធ្វើឲ្យរបូតទាំងនោះ គឺជាឱកាសដែលយើងបានធ្វើឲ្យខ្ជះខ្ជាយ»។
ទោះជាយ៉ាងណា ក្រុមរបស់លោក Southgate នៅតែឈរនៅលើកំពូលតារាងមាន ១២ ពិន្ទុ ជាមួយក្រុមឆែកដែលបានលេងលើសក្រុមអង់គ្លេស ១ ប្រកួត។
ទន្ទឹមនេះដែរ ជម្រើសជាតិបារាំងជាម្ចាស់ជើងឯក World Cup បានទទួលជ័យជម្នះក្រៅទឹកដី ១-០ ទៅលើជម្រើសជាតិអ៊ីស្លង់ ខណៈកីឡាករ Olivier Giroud រកបានតែ ១ គ្រាប់គត់ ឲ្យក្រុមបារាំងដោយការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ នៅនាទីទី ៦៦ ក្នុងទីក្រុង Reykjavik ប្រទេស អ៊ីស្លង់ កាលពីថ្ងៃអាទិត្យ។
ឥឡូវនេះ ក្រុមបារាំងបានឈរនៅលើកំពូលតារាងនៃពូល H បន្ទាប់ពីក្រុមតួកគី ដែលមាន ១៨ ពិន្ទុដូចគ្នា។
កីឡាករ Antoine Griezmann របស់ក្រុមបារាំងបាននិយាយថា៖ «វាពិតជាការប្រកួតដ៏លំបាកបំផុតមួយ ប៉ុន្តែយើងទទួលបាន ៣ ពិន្ទុថែមទៀត»។
តារាប្រចាំក្លឹប Juventus គឺកីឡាករ Ronaldo រកបានគ្រាប់បាល់ទី ៩៤ ក្នុងកម្រិតអន្តរជាតិក្នុងជ័យជម្នះរបស់ជម្រើសជាតិព័រទុយហ្គាល់ទៅលើក្រុមលុចសំបួក្នុងទឹកដីខ្លួនឯង ហើយនេះជាគ្រាប់បាល់លើកទី ៦៩៩ របស់រូបគេក្នុងការប្រកួតទាំងអស់ផងដែរ។
គ្រូបង្វឹកព័រទុយហ្គាល់លោក Fernando Santos បាននិយាយថា៖ «យើងគិតរួចហើយពីការប្រកួតដ៏ពិសេសជាមួយក្រុមអ៊ុយក្រែនគឺថា យើងនឹងធ្វើឲ្យបានល្អដូចដែលយើងបានធ្វើសម្រាប់ក្រុមនេះដែរ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «យើងនៅសល់ ៤ ប្រកួតចុងក្រោយ ហើយមួយនេះគឺចប់ហើយ ហើយយើងចង់ឈរនៅលើកំពូលតារាងនៃពូល H»៕ AFP/SN