ភ្នំពេញ៖ អតីតអ្នកប្រដាល់ឆ្នើមលំដាប់មធ្យម លុយ វិបុល ដែលធ្លាប់ល្បីឈ្មោះក្នុងអំឡុងឆ្នាំ ១៩៩៧ និងជាសិស្សប្អូនរបស់អតីតកីឡាករ នួន ភារម្យ ពេលហ្វឹកហាត់នៅសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ក្រោមការត្រួតត្រារបស់លោក មាស សុខគ្រី នោះ បានវិលមកកាន់មុខរបរក្នុងកីឡាវិញម្តងទៀត ដោយទទួលបានឋានៈជាជំនួយការផ្គូរផ្គង និងជាពិធីករអត្ថាធិប្បាយ និងជាប្រធានវិនិច្ឆ័យប្រចាំសង្វៀន OWE ដែលមានការប្រកួតរៀងរាល់យប់ នៅផ្សាររាត្រី Miniso ក្រុងសៀមរាប ខេត្តសៀមរាប។
ជុំវិញការវិលមកចាប់មុខរបរ ក្នុងសកម្មភាពកីឡាប្រដាល់ជាថ្មីនេះ លុយ វិបុល បានអះអាងប្រាប់ភ្នំពេញប៉ុស្តិ៍ នៅក្នុងបទសម្ភាស នៅខេត្តសៀមរាបថា លោកមានការពេញចិត្តខ្លាំងណាស់ បើទោះបីជាការងារនេះ ទទួលបានកម្រៃបន្តិចបន្តួចក៏ដោយ ប៉ុន្តែវាជាចំណង់ចំណូលចិត្តរបស់លោក។
លុយ វិបុល និយាយថា៖ «បច្ចុប្បន្ន ខ្ញុំមានអាយុ ៤៥ ឆ្នាំ ហើយមានទីលំនៅភូមិថ្មី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បើរំឭកពីប្រវត្តិកាលពីខ្ញុំនៅជាកីឡាករប្រកួត គឺអាចនិយាយបានថា ខ្ញុំមានលំដាប់ជួរមុខមួយដែរ ហើយអ្វីដែលខ្ញុំចងចាំមិនភ្លេច គឺគ្រូបង្វឹកខ្ញុំផ្ទាល់ គឺសិស្សច្បង នួន ភារម្យ ដែលមើលថែខ្ញុំ ខណៈលោក មាស សុខគ្រី គ្រាន់តែជាគ្រូ និងអ្នកគ្រប់គ្រងដោយប្រយោល»។
អតីតកីឡាករ លុយ វិបុល បានចូលហ្វឹកហាត់ប្រដាល់ តាំងពីឆ្នាំ ១៩៩៦ ជាមួយ លោក សេក គឹមស៊ន នៅក្លិបសឹករងខេត្តសៀមរាប និងទទួលបានភាពល្បីល្បាញគួរសម ហើយបន្ទាប់លោកបានផ្លាស់មកភ្នំពេញ ក្នុងក្លិបលោកគ្រូ មាស សុខគ្រី ដែលមានលោកគ្រូ នួន ភារម្យ ជាអ្នកបង្វឹកផ្ទាល់ ចាប់ពីឆ្នាំ ១៩៩៧ ទៅ។
ជុំវិញនឹងប្រវត្តិប្រកួត លុយ វិបុល បានអះអាងថា ធ្លាប់ប្រកួតបាន ៤៣៨ ដង ឈ្នះ ៤៣០ និងចាញ់តែ ៨ ដងប៉ុណ្ណោះ ក្នុងនោះក៏ធ្លាប់ប្រកួតប្រជែងបានត្រឹមលំដាប់លេខ ២ ដែរ ប៉ុន្តែការរួមរស់ជាច្រើនឆ្នាំ ក្នុងសមាគមប្រដាល់ក្រសួងមហាផ្ទៃ របស់លោក មាស សុខគ្រី នោះ គឺ លុយ វិបុល មិនទទួលបានក្របខ័ណ្ឌជាមន្ត្រីនគរបាលអ្វីឡើយ។
លោក លុយ វិបុល បានបន្តថា៖ «ជំនាន់នោះ ផ្លូវពីខេត្តសៀមរាប ទៅភ្នំពេញលំបាកណាស់! ខ្ញុំនៅចាំថា ការធ្វើដំណើរទៅប្រកួតភ្នំពេញ ចំណាយពេលច្រើនថ្ងៃ មានជិះកាណូតផង និងជិះរទេះសេះផង ហើយប្រាក់តម្លៃខ្លួនប្រកួតបានតិចតួចទេ ប៉ុន្តែគុណភាពសមត្ថភាពអ្នកប្រដាល់ជំនាន់នោះ ពិតជាឆ្នើមៗ និងប្រកួតអស់ពីកម្លាំងកាយចិត្ត ដោយគ្មានភាពមិនប្រក្រតីណាមួយកើតឡើងនោះឡើយ»។
លោក វិបុល បញ្ជាក់ថា៖ «ក្រោយមក ខ្ញុំបានចូលប្រឡូកក្នុងវិស័យសិល្បចម្រៀងវិញ ហើយចូលប្រឡង ដោយទទួលបានចំណាត់ថ្នាក់លេខ ១។ បន្ទាប់មកនៅក្នុងអំឡុងឆ្នាំ ២០១២ និងឆ្នាំ ២០១៣ ខ្ញុំត្រូវបានលោក ម៉ា សេរី អតីតប្រធានគ្រប់គ្រងកីឡានៅ CTN ផ្តល់ឲ្យមកបង្វឹកកីឡាករក្នុងក្លិបខ្លារខិនមានរិទ្ធ ជាមួយលោកគ្រូ សុខ វិជ័យ និងអ្នកគ្រូ ឡុង រ៉ាវី»។
ក្រោយមក លោក លុយ វិបុល បានវិលមកស្រុកកំណើត ក្នុងមុខរបរធ្វើស្រែចម្ការ ព្រមទាំងទទួលរៀបចំប្រដាល់ តាមបុណ្យ តាមវត្ត ឬចូលឆ្នាំ នៅតាមខេត្តមួយចំនួន។ សកម្មភាពនេះ បង្ហាញឲ្យឃើញថា ទោះជាលោកបានបាត់មុខពីសង្វៀនប្រដាល់នៅភ្នំពេញ ប៉ុន្តែការងារប្រដាល់នេះ លោក វិបុល នៅតែផ្សារភ្ជាប់ខ្លួនជាប់រហូត។
បន្ថែមលើនេះ នៅឆ្នាំ ២០១៧ លោក លុយ វិបុល បានសម្រេចចិត្តសុំច្បាប់ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បើកក្លិបប្រដាល់យ៉ាងកម្សត់មួយឈ្មោះថា «ទន្លេសាបវិបុលគុនខ្មែរ» ដែលបច្ចុប្បន្នបានផ្លាស់ទៅនៅភូមិស្វាយធំ សង្កាត់សណ្តែក ស្រុកបាគង ខេត្តសៀមរាប ដើម្បីប្រមូលសិស្ស។ ជាមួយគ្នានេះ លោកត្រូវបានសង្វៀន OWE ប្រគល់តួនាទីជាពិធីករអត្ថាធិប្បាយផង ជាប្រធានវិនិច្ឆ័យផង និងជាជំនួយការ ផ្គូរផ្គងកីឡាករផង។
ទោះបីជាយ៉ាងណា លោក លុយ វិបុល បានបញ្ជាក់ថា៖ «នៅខេត្ត មិនដូចភ្នំពេញទេ ប្រភពពីចំណូល គឺតិចណាស់ ប៉ុន្តែមុខរបរនេះជាភារកិច្ច ដែលខ្ញុំចូលចិត្តបំផុត។ ខ្ញុំមានក្លិបតែខ្វះសម្ភារហ្វឹកហាត់ គឺកម្សត់ណាស់ ព្រោះប្រាក់កម្រៃបានមកពីការងារនេះ ១ ពេលបានត្រឹម ៥ ដុល្លារប៉ុណ្ណោះ៕