ប្រ៊ីសប៊េនៈ អតីតខ្សែប្រយុទ្ធក្រុម Liverpool គឺលោក Robbie Fowler បានបំបាត់មន្ទិលសង្ស័យថា គាត់ខ្វះបទពិសោធ ក្រោយពីលោកត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្រុម Brisbane Roar ដែលកំពុងលេងក្នុងក្របខ័ណ្ឌអូស្ត្រាលី A-League កាលពីថ្ងៃអង្គារ។
អតីតខ្សែប្រយុទ្ធអង់គ្លេសវ័យ ៤៤ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំក្នុងការងារដ៏សំខាន់ដំបូងរបស់គាត់ចាប់តាំងពីសម្រាកពីអាជីពរបស់ខ្លួន។
លោក Fowler បាននិយាយក្នុងរបាយការណ៍ថា៖ «ខ្ញុំពិតជាកំពុងទន្ទឹងរង់ចាំទទួលយកការងារដ៏ប្រឈមមួយនេះ ហើយខ្ញុំប្ដេជ្ញាចិត្តថានឹងនាំភាពជោគជ័យមកឲ្យក្លិបដែលមានប្រវត្តិល្អមួយនៅក្នុងក្របខ័ណ្ឌ A-League។ ខ្ញុំពិតជាអន្ទះសាចង់ចាប់ផ្ដើមការងារនេះខ្លាំងណាស់ និងចង់ធ្វើការកែប្រែឲ្យបានល្អ»។
លោក Fowler ធ្លាប់ធ្វើជាគ្រូបង្វឹកកីឡាករនៅក្លិបរបស់ថៃ Muangthong United និងធ្លាប់ធ្វើការងារនៅសាលារបស់ក្រុម Liverpool ផងដែរប៉ុន្តែគាត់មិនធ្លាប់ធ្វើជាគ្រូបង្វឹកជាន់ខ្ពស់នោះទេ។
ប្រព័ន្ធផ្សព្វផ្សាយ Fox Sports បានឲ្យដឹងថា លោក Fowler ត្រូវបានជ្រើសរើសចេញពីក្នុងចំណោមបេក្ខជនដែលមានអាជីពប្រហែល ១០០ នាក់ដើម្បីបំពេញកន្លែងទំនេរមួយនេះនៅពេលអតីតខ្សែប្រយុទ្ធក្រុម Socceroos លោក John Aloisi បានលាឈប់កាលពីចុងខែធ្នូ។
លោក Fowler បានប្រាប់កាសែត Brisbane Courier-Mail ថា៖ «ខ្ញុំដឹងថា គេនឹងនិយាយពីបទពិសោធ ប៉ុន្តែខ្ញុំដឹងអ្នកមានបទពិសោធចំពោះការងារនេះ»។
លោកបានបន្តថា៖ «ប្រសិនបើអ្នកណាមួយត្រូវឡើងមកកាន់ការងារជាអ្នកគ្រប់គ្រងថ្មីមួយ ទោះជាមាន ឬគ្មានបទពិសោធក៏ដោយ ក៏មិនមែនមានន័យថាអ្នកនោះនឹងធ្វើការងារបានល្អនោះដែរ។
Fowler បន្ថែមថា៖ «អ្វីដែលខ្ញុំដឹងគឺថាខ្ញុំជាជម្រើសល្អ គួរឲ្យទុកចិត្ត និងមានសុវត្ថិភាព ហើយខ្ញុំនឹងធ្វើអ្វីៗដែលត្រូវធ្វើឲ្យចំគោលដៅតែម្ដង»។
ប្រធានប្រតិបត្តិក្រុម Brisbane លោក David Pourre បាននិយាយថា គាត់សប្បាយចិត្តដែលពួកគេមានគ្រូបង្វឹកល្អបែបនេះ។
លោកបានបញ្ជាក់ថា៖ «ក្លិបបាល់ទាត់ Brisbane Roar មានទំនុកចិត្តថា យើងជ្រើសរើសបានមនុស្សល្អម្នាក់ដែលជាអ្នកស្រេកឃ្លានចង់បានភាពជោគជ័យ»។
លោកបានបន្តថា៖ «ខ្ញុំដឹងថា សមាជិកយើង អ្នកគាំទ្រយើង និងម្ចាស់ជំនួយរបស់យើងនឹងមានការរំភើបចិត្តជាមិនខានចំពោះរដូវកាលឆ្នាំ ២០១៩-២០២០»។
រហូតមកដល់ពេលនេះ ក្រុម Brisbane កំពុងស្ថិតនៅផ្លូវឆ្ពោះទៅរកការបញ្ចប់រដូវកាលដ៏អាក្រក់បំផុត មិនធ្លាប់មានដោយបានឈ្នះតែ ៤ ប្រកួតប៉ុណ្ណោះនៅក្នុងចំណោម ២៦ ប្រកួត ហើយតាំងពីលោក Aloisi បានដើរចេញពីក្រុមនេះទៅលោក Darren Davies ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្ន ហើយគេរំពឹងថាគាត់នឹងធ្វើជាជំនួយការរបស់លោក Fowler។
ចំណែកប្រវត្តិនៃការប្រកួតរបស់លោក Fowler វិញ គឺគាត់ធ្លាប់បានរកគ្រាប់បាល់ចំនួន ១៦៣ គ្រាប់នៅក្នុងការបង្ហាញខ្លួន ៣៧៩ លើកនៅក្នុងក្របខ័ណ្ឌ Premier League ដែលភាគច្រើនគឺលេងឲ្យក្លិបដែលស្ថិតនៅតំបន់ Merseyside នៅប្រទេសអង់គ្លេស។
លោក Fowler បានស្គាល់ច្បាស់ពីក្របខ័ណ្ឌអូស្ត្រាលី A-League ក្រោយពីគាត់ធ្លាប់បានប៉ះជាមួយក្រុម North Queensland Fury និងក្រុម Perth Glory នៅរយៈពេលចុងក្រោយនៃអាជីពបាល់ទាត់របស់គាត់៕ SN