ក្រុង​វែលីងតោន៖ អតីត​គ្រូ​បង្វឹក​នូវែលសេឡង់​លោក Steve Hansen បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ​ថា គាត់​នឹង​ទទួល​យក​តួនាទី​ជាមួយ​ក្លិប​បាល់បោះ​ Toyota Verblitz ដែល​លេង​នៅ​ក្នុង​លីក​កំពូល​របស់​ប្រទេស ​ជប៉ុន​។​​​

អាណត្តិ​របស់​លោក Hansen ជាមួយ​ក្លិប All Blacks បាន​បញ្ចប់​ក្រោយ​ពី​ពួក​គេ​បាន​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​ទី ​៣ ​ក្នុង​​ព្រឹត្តិការណ៍​ Rugby World Cup នៅ​ប្រទេស ​ជប៉ុន ​ជា​ទី​ដែល​ពួក​គេ​បាន​ប្រកួត​ឈ្នះ​ក្រុម Wales ៤០-១៧​ ក្នុង​ការ​ប្រកួត​យក​មេដាយ​សំរឹទ្ធ​។​

ក្នុង​សេចក្ដី​ថ្លែងការណ៍​តាម​វីដេអូ​ លោក Hansen បាន​និយាយ​ថា តួនាទី​របស់​គាត់​នៅ​ក្លិប​ Toyota Verblitz នេះ​នឹង​ផ្ដោត​លើ​ការ​ប្រឹក្សា​យោបល់​ច្រើន​ជាង​ធ្វើ​ជា​គ្រូ​បង្វឹក​។​

លោក Hansen បាន​និយាយ​ទៀត​ថា៖ «​ខ្ញុំ​មាន​ការងារ​ថ្មី​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្ហាត់​បង្ហាញ​​ ប្រឹក្សា​យោបល់​ និង​ដំបូន្មាន​នៅ​ក្លិប​ជប៉ុន​ Toyota Verblitz»​។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​វា​មិន​មែន​ជា​គ្រូ​បង្វឹក​ទេ ​ប៉ុន្តែ​វា​ជា​អ្នក​ប្រឹក្សា​យោបល់​ អ្នក​ណែនាំ​ហើយ​វា​តម្រូវ​ឱ្យ​ខ្ញុំ​ទៅ​ទី​នោះ​រយៈពេល​ ​៥ ទៅ​ ១៧ ​សប្តាហ៍​ក្នុង ​១ ​​ឆ្នាំ​»​។

នេះ​គឺ​ជា​ការ​ចុះ​កុងត្រា​​ធំ​បំផុត​ទី ២ របស់​ក្លិប All Blacks សម្រាប់​ក្លិប​ Verblitz បន្ទាប់​​ពី​លោក​ Kieran ​Read​ ​ដែល​បាន​បញ្ចប់​អាជីព​ជា​អន្ដរជាតិ​ចំនួន​ ​១២៧ ​របស់​គាត់​ក្រោយ​​ពី​ការ​ប្រកួត​បាល់​ឱប​ពិភព​លោក​នេះ ​បាន​ប្រកាស​កាល​ពី​ដើម​ឆ្នាំ​នេះ​ថា​ គាត់​ក៏​នឹង​​ផ្លាស់​ទៅ​ទី​នោះ​ផង​ដែរ​។

លោក Hansen ដែល​បាន​ធ្វើ​ជា​គ្រូ​បង្វឹក​ក្លិប​ All Blacks នៅ​ពេល​ពួក​គេ​បាន​ឈ្នះ​ពាន​រង្វាន់​​ World Cup ២០១៥​​ និង​ជា​ជំនួយ​ការ​គ្រូ​​នៅ​ពេល​ពួក​គេ​បាន​ឈ្នះ​ពាន​រង្វាន់​នៅ​ឆ្នាំ ​២០១១ ​នោះ​នឹង​ធ្វើ​ការ​ជាមួយ​លោក Simon Cron អតីត​ជំនួយ​ការ​គ្រូ​នៅ​ក្លិប New South Wales Waratahs ដែល​បច្ចុប្បន្ន​គាត់​ជា​គ្រូ​បង្វឹក​ក្លិប Verblitz ផង​ដែរ​។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ថា៖ «​ឱកាស​នេះ​ជួយ​ឲ្យ​ខ្ញុំ​មាន​ការ​រីក​ចម្រើន​ និង​ជា​អ្វី​ម្យ៉ាង​ដែល​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ចិត្ត​មែន​ទែន​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​នៅ​ពេល​យើង​ចង់​ចូលរួម​នឹង​​ក្រុម​ Toyota Verblitz ដ៏​ជោគជ័យ​មួយ​នេះ​ យើង​ក៏​ចង់​បាន​បរិយា​កាស​មួយ​នៅ​ក្លិប​នេះ​​ដែល​មនុស្ស​អាច​មាន​មោទន​ភាពជា​មួយ​​ ​ហើយ​នោះ​​ក៏​ដូច​​ជា​គ្រួសារ​មួយ​ និង​ក៏​ដូច​​ជា​ប្រភេទ​នៃ​អ្វី​មួយ​​ដែល​យើង​មាន​នៅ​ក្នុង​ក្លិប​ All Blacks ​ផង​ដែរ​»។​

លោក Hansen បាន​បន្ត​ថា៖ «​បើ​ទោះ​ជា​​វា​មិន​មែន​ជា​តួនាទី​គ្រូ​បង្វឹក​ពេញ​ម៉ោង​ពិត​មែន​ ​​ប៉ុន្តែ​វា​ជា​តួនាទី​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​តែ​ពាក់ព័ន្ធ​កីឡា​នេះ​ដដែល»៕ AFP/SN