ក្រុង Madrid: ក្លិប Sevilla បាន​និយាយ​ពី​ថ្ងៃ​អង្គារ​ថា ពួកគេ​បាន​ចុះ​កុងត្រា​ជាមួយ​លោក Julen Lopetegui ដែល​ត្រូវ​បាន​បណ្ដេញចេញ​ពី​តំណែង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​នៅ​រយៈពេល​មួយ​ថ្ងៃ​មុន​ការរៀបចំ​ប្រកួត World Cup ២០១៨ ឲ្យ​ធ្វើ​ជា​អ្នក​ចាត់ការ​ក្លិប​នេះ​សម្រាប់​រយៈពេល​ ៣ ​រដូវកាល​។

គ្រូបង្វឹក​វ័យ​ ៥២ ​ឆ្នាំ​ដែល​បាន​សម្រាក​ពី​ការងារ​តាំងពី​ក្លិប Real Madrid បាន​បណ្ដេញ​គាត់​ចេញ​នៅ​ចុង​ខែ​តុលា​ដោយសារ​រដូវកាល​ដ៏លំបាក​នោះ​បាន​ចូល​កាន់​តំណែង​ជា​គ្រូបង្វឹក​នៅ​ក្លិប Sevilla ពី​ថ្ងៃ​ពុធ​ជំនួស​លោក Joaquin Caparros​។

លោក Caparros ដែល​ត្រូវ​បាន​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​ឈាមស​រ៉ាំរ៉ៃ​នោះ​បាន​ប្រកាស​នៅ​ចុង​រដូវកាល​នេះ​ថា គាត់​នឹង​ចុះ​ចេញ​ពី​តំណែង​ជា​គ្រូបង្វឹក​។

ក្រុម Sevilla បាន​ជាប់​ចំណាត់ថ្នាក់​ទី​ ៦ ​ក្នុង​ក្របខ័ណ្ឌ​អេស្ប៉ាញ La Liga ក្រោយពី​ចាញ់​ ៦ ​ប្រកួត​ចុងក្រោយ​ធ្វើឲ្យ​ក្រុម​នេះ​បាត់​ឱកាស​លេង​នៅ​ក្របខ័ណ្ឌ Champions League រដូវកាល​ក្រោយ​។

ក្លិប Sevilla បាន​ធ្លាក់​នៅ​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Europa League នៅ​រដូវកាល​នេះ​ក្រោយពី​ក្រុម Slavia Prague របស់​សាធារណរដ្ឋ​ឆែក ៦-៥​។

ខ្សែការពារ Sergio Escudero បាន​ប្រាប់​ស្ថានីយ​វិទ្យុ​របស់​ក្លិប Sevilla ថា​៖ «​ខ្ញុំ​គិតថា​លោក Julen ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ការងារ​ជាមួយ​ពួកយើង​។ គាត់​គឺជា​អ្នក​កីឡា​ម្នាក់​ដែល​មាន​ទំនាក់ទំនង​នឹង​ក្រុម​នេះ ក្លិប​នេះ និង​អ្វីៗ​ផ្សេង​ទៀត​»​។

ខ្សែការពារ​រូប​នេះ​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​គិត​ថា​យើង​នឹង​រៀន​សូត្រ​បាន​ច្រើន​ក្នុង​ពេល​ដែល​គាត់​នៅ​ទី​នេះ​។ ខ្ញុំ​ជឿថា គាត់​នឹង​រក​វិធី​ពង្រឹង​សមត្ថភាព​ក្រុម ខិតខំ​ធ្វើការ និង​ជួយ​ឲ្យ​យើង​ឈរ​នៅ​ចំណាត់ថ្នាក់​ខ្ពស់​នៅ​លើ​តារាង​»​។

ការដឹកនាំ​ក្រុម Real Madrid របស់​លោក Julen បាន​បញ្ចប់​ទាំង​ភាពអាម៉ាស់​នៅពេល​ពួកគេ​បាន​បណ្ដេញ​គាត់​ចេញ​ពី​ក្លិប​នេះ​ក្រោយពី​ចាញ់​គូប្រជែង​ស៊ីសាច់​ហុតឈាម​របស់​ខ្លួន​គឺ​ក្លិប Barcelona ក្នុង​លទ្ធផល ៥-១​។

ពេលវេលា​របស់​គាត់​នៅ​កីឡដ្ឋាន Santiago Bernabeu របស់​ក្រុម Real Madrid មាន​រយៈពេល​តែ​ ១៣៩ ​ថ្ងៃ​ជាមួយ​ការសម្រេចចិត្ត​ចូលរួម​ក្លិប​នេះ​បន្ទាប់ពី​គាត់​បាន​ធ្វើ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​សម្រាប់​ព្រឹត្តិការណ៍ World Cup ឆ្នាំ​ ២០១៨ នៅ​ប្រទេស​រុស្ស៊ី​។

សមាគម​បាល់ទាត់​អេស្ប៉ាញ​បាន​បណ្ដេញ​លោក Julen នៅ​ខែ​មិថុនា​ឆ្នាំ​ ២០១៨ ​គឺ​នៅ​រយៈពេល​ ២ ​ថ្ងៃ​មុន​ពេល​បើក​ឆាក​ប្រកួត​រវាង​ប្រទេស​អេស្ប៉ាញ និង​ព័រទុយហ្គាល់​ក្រោយពី​មាន​ការលេចឮ​ព័ត៌មាន​ថា គាត់​បាន​លួចលាក់​ទៅ​ចុះ​កុងត្រា​ជាមួយ​ក្រុម Real​។

អតីត​អ្នក​ចាំ​ក្រុម Real រូប​នេះ​ក៏​ធ្លាប់​បាន​ដឹកនាំ​ក្លិប Rayo Vallecano និង​ក្លិប Porto ផង​ដែរ​៕ SN