ក្រុងម៉ា្រឌីដ៖ លោក Lorenzo Sanz ដែលជាអតីតប្រធានក្លិបអធិរាជស Real Madrid នៅប្រទេស អេស្ប៉ាញ បានស្លាប់ហើយ ក្នុងវ័យ ៧៦ ឆ្នាំ ដោយសារការព្យាបាលមិនទទួលបានជោគជ័យ ក្រោយឆ្លងវីរុសកូរ៉ូណា។ នេះបើតាមការប្រកាសឲ្យដឹងពីកូនប្រុសរបស់គាត់។
លោក Sanz ធ្លាប់បានគ្រប់គ្រងក្រុមយក្សនៅអេស្ប៉ាញនេះ ចន្លោះពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០០០ ដែលពេលនោះ ក្រុមរបស់លោកបានឈ្នះពានលំដាប់កំពូលរបស់ទ្វីបអឺរ៉ុប Champions League ចំនួន ២ ដង។
កូនប្រុសនៃសព គឺលោក Lorenzo Sanz Jr បានសរសេរក្នុងបណ្ដាញសង្គម Twitter របស់ខ្លួនថា៖ «លោកឪពុករបស់ខ្ញុំ បានលាចាកលោកនេះហើយ។ គាត់មិនសមចាកចេញដោយបែបនេះឡើយ»។
កាលពី ៣ ថ្ងៃមុន លោក Sanz Jr ដែលធ្លាប់ជាអតីតកីឡាករបាល់បោះអាជីពមួយរូបបានឲ្យដឹងថា ឪពុករបស់គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងក្រុងម៉ាឌ្រីដ ក្រោយពីមានអាការមិនស្រួលខ្លួន ដោយសារវីរុសកូរ៉ូណា ដែលជាជំងឺមួយបានផ្ដាច់ជីវិតមនុស្សជាង ១ ៣២០ នាក់ហើយ នៅប្រទេស អេស្ប៉ាញ។
លោក Sanz បានចូលមកកាន់តំណែងជាប្រធានក្លិប Real Madrid ក្នុងឆ្នាំ ១៩៩៥ ដោយជំនួសប្រធានចាស់ លោក Ramon Mendoza ហើយពេលនោះ គ្រូបង្វឹករបស់ក្រុម គឺលោក Jupp Heynckes ខណៈកីឡាករសំខាន់មានដូចជា Roberto Carlos, Clarence Seedorf, Fernando Hierro និង Raul ជាដើម។
ក្រោមការទទួលខុសត្រូវរបស់លោក Sanz ក្រុមយក្សរបស់អេស្ប៉ាញមួយនេះ ក្នុងឆ្នាំ ១៩៩៨ បានឈ្នះពានរបស់អឺរ៉ុបជាលើកទី ៧ របស់ខ្លួន តែជាលើកទី ១ ក្នុងរយៈពេល ៣២ ឆ្នាំ ដោយកាលនោះ ប្រកួតឈ្នះ Juventus ក្រុមកំពូលរបស់ប្រទេស អ៊ីតាលី ក្នុងវគ្គផ្ដាច់ព្រ័ត្រ ហើយ ២ ឆ្នាំ បន្ទាប់ ពោលគឺក្នុងឆ្នាំ ២០០០ នាទីក្រុងប៉ារីសក៏បានលើកពាននេះម្ដងទៀត ដោយការយកឈ្នះក្រុមរួមលីក Valencia។
ក្រោយដឹងពីការស្លាប់របស់អតីតលោកប្រធានរូបនេះ ខ្សែការពារ Sergio Ramos បច្ចុប្បន្នជាប្រធានក្រុមនៃក្លិបអធិរាជស និងក្រុមជម្រើសជាតិគោជល់អេស្ប៉ាញ ដែលពេលនេះកំពុងដាក់នៅដាច់ពីគេជាមួយនឹងក្រុមរបស់ខ្លួនដែរនោះ បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង។
Sergio Ramos បានសរសេរបង្ហាញតាមបណ្ដាញសង្គម Twitter របស់ខ្លួនថា៖ «វាជាថ្ងៃដែលសោកសៅបំផុតសម្រាប់ក្លិប Real Madrid។ ការស្លាប់របស់គាត់ ពិតជាធ្វើឲ្យពួកយើងក្រៀមក្រំមែនទែន ជាពិសេសក្នុងពេលវេលាដ៏លំបាក ដែលគ្រប់គ្នាកំពុងការពារខ្លួនឯង។ ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារ និងញាតិមិត្តនៃសពផង។ សូមឲ្យវិញ្ញាណក្ខន្ធរបស់លោកទៅកាន់សុគតិភព»៕