ភ្នំពេញ៖ ​អតីត​អ្នក​ប្រដាល់​ឆ្នើម​កម្រិត​មធ្យម ​លោក ​ស្វាយ ​ឫទ្ធី​ ដែល​បច្ចុប្បន្ន​បាន​វិវឌ្ឍ​ខ្លួន​មក​ធ្វើ​​ជា​ចៅ​ក្រម​អាជ្ញា​កណ្តាល​​របស់​​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ​ដោយ​ប្រចាំ​ការ​ នៅ​សង្វៀន​ប្រដាល់ ​PNN និង​សង្វៀន​ One​ TV នោះ បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ ​កាល​ពី​រសៀល​ថ្ងៃទី ​៣០ ​ខែ ​កញ្ញា​ ឆ្នាំ ​២០១៩​ ខណៈ​លោក​វិល​ត្រឡប់​ពី​ស្រុក​កំណើត​ នា​ភូមិ​បាណង់​ ឃុំ​ស្តៅ​ ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​វិញ។

លោក ស្វាយ ឬទ្វី ដែល​មាន​ការងារ​ស្នូល​ជា​វរសេនីយ៍ទោ​ទ័ព​ជើង​គោក​ផង​នោះ ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តាម​ផ្លូវ​នៃ​​ទឹក​ដី​ខេត្ត​ពោធិ៍សាត់​។​ អ្នកស្រី ​ស៊ឹម ​សាវ៉ាន់ ​ជា​ភរិយា​ដែល​ធ្វើ​ដំណើរ​ជាមួយ​បាន​និយាយ​ថា​៖ ​«ក្រោយ​បុណ្យ​ភ្ជុំ​ ខ្ញុំ​នឹង​គាត់​បាន​ជិះ​ រថយន្ត​ឈ្នួល​ពណ៌​លឿង​ឆ្ពោះ​មក ​រាជធានី​ភ្នំពេញ ​ប៉ុន្តែ​មក​ដល់​ចំណុច​កើត​ហេតុ​រថយន្ត​បាន​បុក​គ្នា​ក្រឡាប់​​បណ្តាល​ឲ្យ​គាត់​មាន​របួស​ក្បាល​ធ្ងន់ ហើយ​​ស្លាប់​ភ្លាម​តែ​ម្តង»​។​

អ្នកស្រី​ ស៊ឹម​ សាវ៉ាន់ បាន​​បន្ត​ថា៖ ​«​ហេតុការណ៍​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​រន្ធត់ ​គឺ​វង្វេង​វង្វាន់​អស់​ហើយ​ក៏​សម្រេច​ចិត្ត​ថា​ ​ដឹក​សព​ប្តី​ខ្ញុំ​ត្រឡប់​ទៅ​ធ្វើ​បុណ្យ​នៅ​ផ្ទះ​ឪពុក​ម្តាយ​ក្មេក​វិញ​តែ​ម្តង ​នៅ​ឯ​ភូមិ​បាណង់​ ឃុំ​ស្តៅ​ ស្រុក​រតនមណ្ឌល​ ខេត្ត​បាត់ដំបង​ ​ព្រោះ​ខ្ញុំ​គ្មាន​ទីពឹង ​គ្មាន​ផ្ទះ​សំបែង​ផ្ទាល់​ខ្លួន​នោះ​ឡើយ​»។​

អ្នកស្រី​បាន​បន្ថែម​ថា​៖ ​«មុន​ពេល​ស្លាប់ ​ប្តី​ខ្ញុំ​ធ្វើ​ការ​នៅ​ទ័ព​ជើង​គោក​ និង​ជា​ចៅ​ក្រម​អាជ្ញា​កណ្តាល​របស់​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ​បន្ថែម​ក្រៅ​ម៉ោង​ នៅ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​​អាទិត្យ​ ហើយ​ដោយ​គ្មាន​ផ្ទះ​សំបែង​ អង្គភាព​ទ័ព​ជើង​គោក ​បាន​ផ្តល់​កន្លែង​ឲ្យ​ស្នាក់នៅ​បណ្តោះ​អាសន្ន​ ប៉ុន្តែ​ពេល​​ជួប​ហេតុការណ៍​បែប​នេះ​ ខ្ញុំ​ពិត​ជា​អស់​ទីពឹង​ហើយ»​។

ទោះ​ជា​យ៉ាង​ណា​ សម្រាប់​បុណ្យ​សព​របស់​ប្តី​​ត្រូវ​​បាន​​អ្នកស្រី​អះអាង​ថា​ មាន​បង​ប្អូន​ជិត​ឆ្ងាយ​ចូលរួម​ច្រើន និង​បាន​​សម្តែង​ការ​អាណិត​អាសូរ​ខ្លាំង ក្នុង​នោះ​មាន​លោក​អ៊ំ ​តែម ​ម៉ឺន​ប្រធាន​សហព័ន្ធ​កីឡា​​ប្រដាល់​គុន​ខ្មែរ និង​មេៗ​នៅ​ទ័ព​ជើង​គោក​​អាណិត​ចូលរួម​ជួយ​រំលែក​ទុក្ខ​ផង​ដែរ​។​

លោក ​វ៉ែន ​សុផល ​គ្រូ​បង្វឹក​ក្រុម​​ជម្រើស​ជាតិ​​ធ្លាប់​ជា​គ្រូ​បង្វឹក​របស់ ​ស្វាយ​ ឫទ្ធី​ បាន​ប្រាប់​ថា​ ​ស្វាយ​ ឫទ្ធី​ កាល​នៅ​ជា​កីឡាករ​ មាន​ចរិត​ស្លូត​បូត ​គោរព​វិន័យ​ល្អ។ ​​​គេ​ជា​កីឡាករ​ល្អ​លំដាប់​មធ្យម ​អាច​លេង​បាន​ទាំង​ប្រដាល់​សកល​ និង​គុន​ខ្មែរ​ ហើយ​ធ្លាប់​ឈ្នះ​​បាន​​ខ្សែ​ក្រវាត់​​ក្នុង​ទម្ងន់ ​៥១ ​គីឡូក្រាម​ នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៣ ​ ឆ្នាំ ​២០០២​។​

ស្វាយ ​ឫទ្ធី ​ជា​កីឡាករ​ឆ្នើម​ជំនាន់​កីឡាករ ​ជា ​តក់​, បឺត ​ខាំ​, ​អូត​ ភូថង​, ជា​ តុន​, ជា​ រក្សថុន​, សេន​ ប៊ុនថេន​, ឡុង ​វ៉ាន់ថន​, ​ជា ​ពន្លឺ​, ពេជ្រ​ អារុណ​ និង​ ពេជ្រ ​ប៊ុនធឿន ​ជា​ដើម​។​ លោក​ វ៉ែន​សុផល​ បាន​បន្ថែម​ថា​៖ ​«ស្វាយ ​ឫទ្ធី ​មិន​ធ្លាប់​ជាប់​ជម្រើស​ជាតិ​ទេ​ តែ​ប្អូន​ប្រុស​ចំនួន ​២ ​នាក់​របស់​គេ ​មាន ​ស្វាយ​ ចាន់ថន ​និង ​ស្វាយ​ រដ្ឋា​ ធ្លាប់​ជា​ជម្រើស​ជាតិ​ប្រដាល់​សកល»​។​

លោក ​តែម​ ម៉ឺន​ កាល​ពី​ថ្ងៃ​អង្គារ​​ម្សិលមិញ​ បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​រំលែក​ទុក្ខ​បុណ្យ​សព​ផ្ទាល់​នៅ​ឯ​ខេត្ត​បាត់ដំបង ​ដើម្បី​ជួយ​ឧបត្ថម្ភ​ និង​លើក​ទឹក​ចិត្ត​ភរិយា​ និង​ក្រុម​គ្រួសារ​។ ​លោក ​តែម ​ម៉ឺន​ បាន​ប្រាប់​​ថា​ លោក​​​មាន​ការ​សោកស្តាយ​ណាស់​ ចំពោះ​គ្រោះថ្នាក់​នេះ​។ ​

លោក​បាន​ប្រាប់​ថា​ ​លោក ​ស្វាយ ​ឫទ្ធី​ មាន​អាយុ​ ៣៩ ​ឆ្នាំ​ ពាក់ស័ក្តិ​ ៤ ​បម្រើ​ការ​នៅ​ទ័ព​ជើង​គោក ​ហើយ​ក្រោយ​ពី​ប្រកួត​លែង​កើត ​លោក​បាន​មក​ធ្វើ​ជា​ចៅក្រម​អាជ្ញា​កណ្តាល​របស់​សហព័ន្ធ ​បម្រើ​​ការងារ​ល្អ​ មិន​ដែល​មាន​ការ​ខុស​ឆ្គង​ ឬ​ជាប់​ពិន័យ​នោះ​ឡើយ​៕