ក្រុងស៊ីដនីៈ លោក Peter McNamara អតីត​តារា​វាយ​កូន​បាល់ (Tennis) និង​ជា​ម្ចាស់​ជើងឯក Wimbledon បាន​ស្លាប់​ក្នុង​អាយុ​ ៦៤ ​ឆ្នាំ​ដោយ​មាន​ការចូលរួម​បុណ្យសព​ពី​មនុស្សម្នា​ជាច្រើន​។ នេះ​បើ​យោង​តាម​មន្ត្រី​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹង​ពី​ថ្ងៃ​ចន្ទ​។

លោក McNamara ដែល​ជា​តារា​វាយ​កូន​បាល់​ដ៏ល្បី​ឈ្មោះ​ទាំង​ផ្នែក​នារី​ និង​បុរស​នេះ​ត្រូវ​បាន​រាយការណ៍​ថា គាត់​បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​ពងស្វាស​។

ក្លិប Tennis Australia បាន​និយាយ​ថា​៖ «​យើង​ទាំងអស់​គ្នា​មាន​ការក្រៀមក្រំ​ចិត្ត​យ៉ាងខ្លាំង​នៅពេល​បានឮ​ដំណឹង​មរណភាព​របស់​លោក Peter McNamara ដែលជា​សមាជិក​គួរ​ឲ្យ​ស្រឡាញ់​ និង​គោរព​របស់​ក្រុមគ្រួសារ​វាយ​កូន​បាល់​របស់​យើង​»​។

ក្លិប​នេះ​បាន​បន្ថែម​ថា​៖ «​ការរួមចំណែក​របស់​លោក​ចំពោះ​វិស័យ​កីឡា​ទាំង​ក្នុង​នាម​ជា​កីឡាករ ជា​គ្រូបង្វឹក និង​ជា​អ្នក​ណែនាំ​នោះ​នឹង​ធ្វើឲ្យ​យើង​មិន​អាច​បំភ្លេច​បាន​ឡើយ​។ ចិត្តគំនិត​របស់​យើង​គឺ​ស្ថិត​នៅ​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់​លោក​»​។

លោក McNamara បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ ៧ ​ក្នុង​ពិភពលោក​នៅក្នុង​អាជីព​កីឡា​វាយ​កូន​បាល់​របស់​គាត់​ដោយ​ឈ្នះ​បាន​ពាន​ចំនួន​ ៥ ​ដូច​គ្នា​នឹង​អតីត​កីឡាករ​វាយ​កូន​បាល់​អូស្ត្រាលី Paul MaNamee ផងដែរ​។

កីឡាករ​ទាំង​ ២ ​រូប​នេះ​បាន​ឈ្នះ​ពាន Wimbledon នៅ​ឆ្នាំ​ ១៩៨០ និង​ឆ្នាំ​ ១៩៨២ ​ព្រម​ទាំង​ពាន Australian Open នៅក្នុង​ឆ្នាំ​ ១៩៧៩ ផង​ដែរ​។

លោក McNamee បាន​និយាយ​តាម​ប្រព័ន្ធ Tweeter ថា​៖ «​គេ​ពិបាក​នឹង​ជឿថា ក្រោយ​មិត្តភាព​រយៈពេល ៥០ ឆ្នាំ​មក​ពេល​នេះ​កីឡាករ McNamara បាន​ទៅ​ចោល​ខ្ញុំ​ទាល់តែ​សោះ​»​។

លោក McNamee បាន​បន្ថែម​ទៀត​ថា​៖ «​អ្នក​បាន​រស់នៅ​ក្នុង​ជីវិត​ពោរពេញ​ដោយ​មិត្តភាព​ដែល​ធ្វើឲ្យ​យើង​គ្រប់គ្នា​នឹង​មាន​ការ​នឹករឭក​អ្នក និង​នឹកឃើញ​ដល់​គ្រា​ដ៏អស្ចារ្យ​របស់​យើង​»​។

ក្រោយពី​ចូលនិវត្តន៍​ពី​ការលេង​កីឡា​នេះ​ហើយ​លោក McNamara បាន​ធ្វើ​ជា​គ្រូបង្វឹក និង​ណែនាំ​កីឡាករ Mark Philippoussis និង​កីឡាករ Grigor Dimitrov មុន​ពេល​ធ្វើការ​ជាមួយ​ក្លិប Wang Qiang នៅ​ប្រទេស​ចិន​។

គ្រូបង្វឹក Patrick Mouratoglou បាន​ហៅ​គាត់​ថា​ជា​កីឡាករ​ដែល​មាន​ទម្រង់​លេង​ល្អ​បំផុត​គួបផ្សំ​នឹង​ឆន្ទៈ​ដ៏មុតស្រួច​របស់​គាត់​ផងដែរ​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ថា​៖ «​គាត់​បាន​ធ្វើ​ការងារ​ដ៏អស្ចារ្យ​ដោយ​មាន​លោក Grigor Dimitrov ជួយ​ជ្រោមជ្រែង​រូបគាត់​»​។

លោក Boris Becker អតីត​កីឡាករ​វាយ​កូន​បាល់​បាន​និយាយ​ថា​៖ «​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​លោក Peter McNamara ទៅកាន់​សុគតិភព​។ គាត់​ជា​កីឡាករ​ល្អ​ម្នាក់​ក្នុង​វិស័យ​កីឡា​វាយ​កូន​បាល់​» ចំណែក​អតីត​គ្រូបង្វឹក​របស់​កីឡាករ Simona Haley លោក Darren Cahill បាន​ចាត់ទុក​គាត់​ថា ជា​កីឡាករ​ដ៏អស្ចារ្យ និង​គ្រូបង្វឹក​អស្ចារ្យ ១ ​រូប​ដែល​បាន​ជួយ​បណ្ដុះបណ្ដាល​សមត្ថភាព​គ្រប់​កីឡាករ​ដែល​គាត់​បាន​ធ្វើការ​ជាមួយ​»៕ SN