ក្រុងប៉ូតូៈ ក្រុមជម្រើសជាតិកាតាបានធ្លាក់វគ្គដំបូងនៅព្រឹត្តិការណ៍ Copa America ក៏ពិតមែន ប៉ុន្តែប្រទេសដែលទទួលរៀបចំបាល់ទាត់ពិភពលោក (World Cup) ឆ្នាំ ២០២២ មួយនេះទទួលបានបទពិសោធគ្រប់គ្រាន់នៅឯប្រទេសប្រេស៊ីលដែលបង្ហាញថា ក្រុមជម្រើសជាតិកាតានឹងមានអនាគតភ្លឺថ្លា។
ពួកគេបានធ្វើដំណើរទៅលេងនៅ Copa America ទាំងមិនសូវមានគេស្គាល់ពីក្រុម និងសមត្ថភាពរបស់ពួកគេប៉ុន្មានទេ ហើយបើទោះជាបានចាញ់ ២ ប្រកួតក្នុងចំណោម ៣ ប្រកួតក៏ពិតមែន ប៉ុន្តែប្រទេសកាតាបានបង្ហាញពីការប្រកួតប្រជែងគ្រប់គ្រាន់ដើម្បីធានាថា ពួកគេនឹងមិនមែនជាក្រុមគួរឱ្យភ្ញាក់ផ្អើលនៅឆ្នាំក្រោយនោះទេនៅពេលបង្ហាញខ្លួនជាលើកទី ២ នៅ Copa America នេះ។
លោក Felix Sanchez គ្រូបង្វឹកជម្រើសជាតិកាតាសញ្ជាតិអេស្ប៉ាញបាននិយាយថា៖ «យើងត្រូវការពេលវេលាច្រើនទៀត ដើម្បីឲ្យយើងលេងបានល្អ ហើយយើងត្រូវតែខិតខំបន្តថែមទៀត»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «វាជាក្រុមយុវជនដែលសម្លឹងឃើញអនាគតល្អនៅរយៈពេល ៣ ឆ្នាំទៀត ហើយយើងត្រូវពង្រឹងសមត្ថភាពដើម្បីឲ្យក្លាយជាអ្នកខ្លាំងនៅពេលយើងនៅទីនោះ»។
ប្រទេសកាតាមិនដែលបានលេងនៅព្រឹត្តិការណ៍ World Cup ឡើយ ប៉ុន្តែនឹងបានលេងជាលើកដំបូងនៅពេលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២២។
បើទោះជាមានប្រវត្តិសាស្ត្រមិនសូវល្អ និងមានប្រជាពលរដ្ឋតិចក៏ដោយ ប៉ុន្តែប្រទេសសម្បូរឧស្ម័នមួយនេះមានមហិច្ឆតាខ្លាំងក្នុងការបង្កើនជំហានដ៏សំខាន់នៅឆ្នាំនេះ។
កាលពីខែកុម្ភៈនៅប្រទេសអារ៉ាប់រួម ពួកគេបានពុះពារហ្វូងមហាជនដែលជាសត្រូវនឹងពួកគេដោយសារជម្លោះនយោបាយនៅតំបន់ឈូងសមុទ្រពែក្សដើម្បីឈ្នះពាន Asian Cup ជាលើកដំបូងដែលកាលពីមុនមិនដែលឆ្លងផុតវគ្គ ៨ ក្រុមចុងក្រោយនោះទេ។
ហើយការចូលរួមរបស់ពួកគេនៅក្នុងការប្រកួត Copa America នេះបានធ្វើឲ្យប្រទេសកាតាឆ្លងកាត់បទពិសោធប្រកួតនៅកម្រិតកាន់តែខ្ពស់ឡើងដែលពួកគេមិនធ្លាប់ឆ្លងកាត់ពីមុនមក។
ទោះជាការប្រកួតបើកឆាកដំបូងទទួលបានលទ្ធផលវិជ្ជមានក្រោយពីបានតាមស្មើនឹងក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ ២-២ វិញក៏ពិតមែន ប៉ុន្តែសមត្ថភាពកាតានៅមានភាពខ្វះចន្លោះច្រើននៅឡើយក្រោយពីបានចាញ់ជម្រើសជាតិកូឡុំប៊ី ១-០ និងបន្តចាញ់អាហ្សង់ទីន ២-០ ថែមទៀត។
ប៉ុន្តែគ្រូបង្វឹកជម្រើសជាតិកូឡុំប៊ីសញ្ជាតិព័រទុយហ្គាល់ លោក Carlos Queiroz ដែលមានបទពិសោធច្រើនក្នុងការប្រកួតជាមួយកាតានៅពេលដែលគាត់ធ្វើជាគ្រូបង្វឹកនៅជម្រើសជាតិអ៊ីរ៉ង់រយៈពេល ៨ ឆ្នាំនោះមានអារម្មណ៍ថា មានរឿងច្រើនទៀតនឹងកើតឡើង។
លោក Queiroz បាននិយាយមុនពេលក្រុមរបស់គាត់ប្រកួតនឹងក្រុមកាតាថា៖ «វត្តមានកាតានៅទីនេះគឺចង់បង្ហាញថា ពួកគេគឺជាតំណាងឲ្យបាល់ទាត់នៅតំបន់អាស៊ី ហើយប្រសិនបើអ្នកមិនគោរពលក្ខណៈរបស់ពួកគេ និងការងារជាក្រុមរបស់ពួកគេទេ សូមក្រឡេកមើលអ្វីដែលបានកើតឡើងជាមួយនឹងប៉ារ៉ាហ្គាយដោយមានលទ្ធផល ២-២ ហើយកាតាអាចនឹងឈ្នះនៅពេលនោះ»។
ទោះជាកូឡុំប៊ីបានគ្រប់គ្រងបាល់ភាគច្រើនពិតមែន ប៉ុន្តែកាតាអាចទប់ទល់នឹងការគ្រប់គ្រងបាល់របស់ពួកគេបានរយៈពេល ៨៦ នាទី និងបានបង្កើតឱកាសវាយបកវិញលឿនៗជាច្រើនលើកទៅលើក្រុមកូឡុំប៊ីមុនពេលកីឡាករកូឡុំប៊ី Zapata តែតបញ្ចូលទីនៅនាទីទី ៨៦ ដោយជោគជ័យ។
ខ្សែបម្រើកូឡុំប៊ី Gustavo Cuellar បាននិយាយក្រោយពីការប្រកួតនេះថា៖ «វាជាការប្រកួតដ៏លំបាកបំផុតមួយ ហើយវាសំខាន់ណាស់ដែលត្រូវអត់ធ្មត់ ប៉ុន្តែយើងអាចទប់ទល់នឹងការគំរាមកំហែងរបស់ពួកគេដែលជាការបញ្ជូនបាល់ភ្លាមៗពីខ្សែការពារដើម្បីវាយប្រហារពួកយើង»៕ SN