ភ្នំពេញ៖ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លោក​ វ៉ាត់​ ចំរើន​ បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​​ពី​ចុង​សប្តាហ៍​ថា​ ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង​នៅ​អង្គរវត្ត​លើកទី ​២៤ ​នឹង​ធ្វើ​នៅ​​ថ្ងៃ​អាទិត្យ​ ទី ​៨​ ខែ ធ្នូ​ ឆ្នាំ ​២០១៩ ​​លើ​ទឹក​ដី​នៃ​ខេត្ត​សៀមរាប​។​

ជាមួយ​គ្នា​នេះ​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ដើរ​ផ្សង​ព្រេង ​ឬ​ការ​​កម្សាន្ត ​និង​អ្នក​រត់​ប្រណាំង​​រាប់​ពាន់​​នាក់​មក​ពី​ជុំវិញ​ពិភព​លោក​នឹង​មក​កាន់​ទឹក​ដី​បុរាណ ​គឺ​ទឹក​ដី​អង្គរ​ដែល​ជា​សម្បត្តិ​របស់​មនុស្ស​ជាតិ​អង្គការ​ UNESCO​​។

លោក​ វ៉ាត់ ​ចំរើន ​បន្ថែម​ថា​ បើ​គិត​​មក​ដល់​ឆ្នាំ ​២០១៩ ​នេះ​ ទិវា​​នេះ​​អន្តរ​ជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង​​នៅ​អង្គរវត្ត ​គឺ​ជា​លើក​ទី ​២៤ ​ដែល​​មាន​រយៈពេល ​២៣ ​ឆ្នាំ​កន្លង​មក ​ហើយ​មាន​ការ​គាំទ្រ​ពី​​គ្រប់​មជ្ឈដ្ឋាន​។​

លោក​ ​ចំរើន​ ​មាន​ប្រសាសន៍​ថា​៖ ​«ការ​រត់​ប្រណាំង​នេះ​មាន​គោលបំណង​លើក​កម្ពស់​សុខភាព​​ និង​សុខុមាលភាព​ព្រម​ទាំង​រៃ​អង្គៀស​ថវិកា​ពី​អ្នក​ចូលរួម ​ដើម្បី​គាំទ្រ​ដល់​អង្គការ​ដែល​ជួយ​ដល់​កុមារ​ក្រីក្រ​ និង​ជនរង​គ្រោះ​ដោយសារ​គ្រាប់​មីន​នៅ​កម្ពុជា​ អ្នក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បាន​ចំណាយ​ពេល​វេលា​ និង​ថវិកា​ផ្ទាល់​ខ្លួន ​ដើម្បី​ជា​សប្បុរស ​និង​ជួយ​សង្គម​ខ្មែរ​»​។​

កន្លង​មក​ថវិកា​​បាន​ពី​ទិវា​កីឡា​មហាជន​​នេះ​ ​បាន​យក​ទៅ​​ជួយ​​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា​ មន្ទីរពេទ្យ​កុមារ​​អង្គរ ​កាកបាទ​ក្រហម​កម្ពុជា និង​អង្គការ​សប្បុរសធម៌​ដទៃ​ទៀត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​ ចំរើន​ ​រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍​​បាន​មាន​ប្រសាសន៍​ថា កីឡា​ប្រភេទ​នេះ​គេ​ហៅ​ថា ​កីឡា​ និង​ទេសចរណ៍​ដែល​ផ្តល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ព្រោះ​ផលិតផល​របស់​កីឡា ​គឺ​ភ្ញៀវ​ទេសចរ​ដោយ​អះអាង​​ថា៖ ​​«​ខ្ញុំ​មាន​ក្តី​សោមនស្ស​រីករាយ​ក្រៃលែង ដែល​បាន​ឃើញ​កំណើន​អ្នក​រត់​ប្រណាំង​ជា​រៀងរាល់​ឆ្នាំ​ក្នុង​ព្រឹត្តិការណ៍​នេះ ជា​ពិសេស​ពេល​ដែល​បាន​កើន​ឡើង​ជានិច្ច​។

លោក​បាន​រំឭក​ថា៖ «​​កាល​ពី​ឆ្នាំ​​មុន​ ​មាន​អ្នក​រត់​ប្រណាំង​ជាង ​១ ​ម៉ឺន​នាក់ ​​មក​​ពី​ជិត ​៨០ ​ប្រទេស​ ហើយ​ជនជាតិ​ខ្មែរ​មាន​ចំនួន​ច្រើន​ជាង ៥០ ភាគរយ​ ​និង​ទទួល​បាន​ថវិកា​ជាង ១០ ម៉ឺន​ដុល្លារ​ ហើយ​ឆ្នាំ​នេះ​បាន​កើន​ឡើង ​២០ ​ភាគរយ​ទៀត​»​។​

គួរ​រំឭក​ថា អ្នក​រត់​ប្រណាំង​ប្រមាណ ៥០០ ​នាក់ បាន​ចូលរួម​ទិវារត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​នៅ​អង្គរវត្ត​ជា​លើក​ដំបូង​នៅ​​ឆ្នាំ ១៩៩៦ ហើយ​ព្រឹត្តិការណ៍​នេះ​​កាន់​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើងៗ​រហូត​​​មាន​អ្នក​ចូលរួម​ជាង ​១ ម៉ឺន​នាក់​។

ដោយ​ឡែក​ ការ​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង​នៅ​អង្គរវត្ត​លើក​ទី ២៤ ​សម្រាប់​ឆ្នាំ ​២០១៩ ​នេះ ​គឺ​មាន​អ្នក​ទៅ​​ចុះ​ឈ្មោះ​ដើម្បី​​ចូលរួម​​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​​រហូត​ដល់​ចំនួន ​៣ ៧០០ ​​ដោយ​រួម​មាន​ទាំង​​ជនជាតិ​ខ្មែរ ​និង​ជន​បរទេស​ផង​ដែរ​​៕​