រដ្ឋ​ស៊ីកា​ហ្គោ: ខ្សែការពារ DeAndre Yedlin របស់​ក្រុម Newcastle នឹង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​សហរដ្ឋ​អាមេរិក​ប្រជុំ​ដោយ​កីឡាករ​វ័យ​ក្មេង ដែល​ត្រូវ​បាន​ជ្រើស​រើស​កាល​ពី​ថ្ងៃ​អាទិត្យ សម្រាប់​ការ​ប្រកួត​មិត្តភាព​ជាមួយ​នឹង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល និង​ម៉ិកស៊ិក ខណៈ​ដែល​ពួកគេ​មាន​តែ​កីឡាករ ៤ នាក់​ប៉ុណ្ណោះ​ដែល​បាន​បង្ហាញ​ខ្លួន​ជា​អន្តរជាតិ ២០ លើក ឬ​ច្រើន​ជាង​នេះ។

ក្រុម​ជម្រើសជាតិ​អាមេរិក នឹងត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើស​ជាតិ​ប្រេ​ស៊ី​ល នៅ​ថ្ងៃ​សុក្រ​នេះ នៅ​ទីក្រុង East Rutherford រដ្ឋ New Jersey មុន​នឹង​ជួប​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ម៉ិកស៊ិក ក្នុង​ទីក្រុង Nashville រដ្ឋ Tennessee នៅ​ថ្ងៃ​ទី ១១ ខែ​កញ្ញា។

Yedlin គឺជា​កីឡាករ​មាន​បទពិសោធ​ច្រើនជាងគេ​ជាមួយ​នឹង​ការបង្ហាញ​ខ្លួន​ជា​អន្តរជាតិ ៥២ លើក ខណៈ​ដែល​ខ្សែ​ការពារ John Brooks (៣៣ លើក) របស់​ក្លិប Wolfsburg និង​ខ្សែ​ប្រយុទ្ធ Bobby Wood (៣៩ លើក) របស់​ក្លិប Hannover 96 និង Gyasi Zardes (៣៧ លើក) របស់​ក្លិប Columbus Crew គឺជា​ កីឡាករ​មាន​បទ​ពិសោធ​ច្រើន​ផ្សេង​ទៀត​ក្នុង​ក្រុម​មួយ ដែល​មាន​អាយុ​ជា​មធ្យម ២៣ ឆ្នាំ និង ២៤១ ថ្ងៃ។

លោក Dave Sarachan ដែលជា​គ្រូបង្វឹក​នៃ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ថា៖ «សម្រាប់​ការ​ប្រកួត​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល និង​ក្រុម​ម៉ិកស៊ិក គោល​បំណង​គឺ​នៅ​ដដែល ខណៈ​យើង​នឹង​ប្រើប្រាស់​ឱកាស​នៅ​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម​ខ្លាំង​ទាំង​នេះ ដើម្បី​បន្ត​ការ​កសាង​មូល​ដ្ឋាន​គ្រឹះ ដែល​យើង​បាន​ព្យាយាម​បង្កើត»។

លោក​បាន​ប្រាប់​បន្ថែម​ឲ្យ​ដឹង​ទៀតថា៖ «យើង​មាន​អារម្មណ៍​ថា វា​ជា​រឿង​ដ៏​ត្រឹមត្រូវ​ក្នុងការ​បន្ត​ការ​អនុញ្ញាត​ឲ្យ​ក្រុម​នេះ​ទទួល​បាន​បទពិសោធ​ដ៏​មាន​តម្លៃ​សម្រាប់​គោល​ដៅ​ដ៏​ធំ ដែល​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ប្រកួត​នានា​ទៅ​ថ្ងៃ​អនាគត ដូចជា​ការ​ប្រកួត​ជម្រុះ​ក្នុង​យុទ្ធនាការ Gold Cup អូឡាំពិក និង World Cup»។

ខ្សែបម្រើ Tim Weah វ័យ ១៨ ឆ្នាំ​របស់​ក្លិប Paris Saint-Germain គឺជា​កីឡាករ​វ័យក្មេង​ជាង​គេ​បំផុត​ដែល​ទទួល​បាន​ការ​កោះ​ហៅ។

រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី ១ គ្រាប់​ក្នុងពេល​ក្រុម PSG បាន​យកឈ្នះ​លើ​ក្រុម Caen ក្នុង​លទ្ធផល ៣-០ ក្នុង​ការ​ប្រកួត​បើក​រដូវកាល​នៃ​ក្របខ័ណ្ឌ Ligue កាល​ពី​ខែ​មុន។

Brooks ទើបតែ​បាន​រក​គ្រាប់​បាល់​ទី ១ របស់គេ​សម្រាប់​ក្រុម​អាល្លឺម៉ង់ Wolfsburg ក្នុង​ពេល​យក​ឈ្នះ​លើ​ក្រុម Schalke ២-១ កាល​ពី​ខែ​មុន។

ខ្សែប្រយុទ្ធ Andrija Novakovich ដែល​មកពី​ក្លិប​ហូ​ឡង់ Fortuna Sittard នឹង​ចូលរួម​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ ស្រប​ពេល​ដែល​ខ្សែ​បម្រើ Julian Green របស់​ក្លិប​អាល្លឺម៉ង់ Greuther Furth នឹង​ស្ថិត​ក្នុង​ចំណោម​ខ្សែ​បម្រើ​ផ្សេង​ទៀត​ក្នុង​ក្រុម​នេះ។

កីឡាករ​ផ្សេងទៀត​ដែល​ទទួលបានការ​កោះហៅ​មកពី​ក្លិប​នៅ​អឺរ៉ុប រួមមាន​អ្នក​ចាំទី Ethan Horvath របស់​ក្លិប​បែលហ្ស៊ិក Brugge និង​ខ្សែ​ការពារ Matt Miazga របស់​ក្លិប​បារាំង Nantes, Eric Lichaj របស់​ក្លិប អង់គ្លេស Hull, Cameron Carter-Vickers របស់​ក្លិប​អង់គ្លេស Swansea, Shaq Moore របស់​ក្លិប​អេស្ប៉ាញ Reus Deportivo និង Antonee Robinson របស់​ក្លិប Wigan៕