អៀរ​ឡង់: អតីត​ម្ចាស់​ជើងឯក​អាល្លឺម៉ង់ និង​ហូ​ឡង់ នឹងត្រូវ​ជួប​គ្នា​ម្តង​ទៀត​ក្នុង​ការ​ប្រកួត​ជម្រុះ​សម្រាប់​ព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ ក្រោយ​ពី​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​ពូល​តែ ១ ក្នុង​ការ​ចាប់​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ ក្នុង​ទីក្រុង Dublin ប៉ុន្តែ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស ដែល​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ World Cup មិន​មាន​ហេតុផល​ច្រើន​ក្នុង​ការ​ត្អូញ​ត្អែរ​ឡើយ។

អាល្លឺម៉ង់ គឺជា​ក្រុម​ដែល​ផ្តល់នូវ​គ្រោះថ្នាក់​បំផុត ក្នុង​ក្រុម​កម្រិត​ទី ២ នៃ​ចំណាត់​ថ្នាក់ ក្រោយ​ពី​ធ្លាក់​ចេញ​ពី​លីក​កំពូល​របស់ Nations League ក្រោយ​ពី​ចាញ់​ក្រុម​ជម្រើស​ជាតិ​ហូឡង់ ក្នុង​លទ្ធផល ៣-០ កាល​ពី​ខែ​តុលា។

អាល្លឺម៉ង់ នឹង​បើក​យុទ្ធនាការ​របស់​ពួកគេ​តាមរយៈ​ការធ្វើដំណើរ​ទៅកាន់​ទឹកដី​ក្រុម​ហូឡង់ នៅ​ថ្ងៃ​ទី ២៤ ខែ​មីនា នៅ​មុន​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រទេស​ជិត​ខាង​របស់​ពួកគេ នៅ​ថ្ងៃ​ទី ៦ ខែ​កញ្ញា។

ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង អេ​ស្តូ​នី និង​បេឡា​រុស គឺជា​ក្រុម​ដែលមាន​កាតព្វកិច្ច​ត្រូវ​បង្កើត​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ក្នុង​ពូល C។

ប៉ុន្តែ ទោះបីជា​យ៉ាងណា ស្រប​ពេលដែល​ក្រុម​ឈរ​លេខ ១ និង​លេខ ២ ក្នុង​ពូល​ជម្រុះ​នីមួយៗ នឹង​ឈ្នះ​កៅអី​ជា​ស្វ័យ​ប្រវត្តិ​សម្រាប់​យុទ្ធនាការ​មាន ២៤ ក្រុម ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​ក្នុង​ប្រទេស​ម្ចាស់​ផ្ទះ ១២ ជា​លើក​ទី ១ មាន​ការ​រំពឹង​ទុក​តិច​តួច​ណាស់​ដែល​ក្រុម​ខ្លាំងៗ​អវត្តមាន​នោះ។ កៅអី​ចំនួន ៤ ផ្សេង​ទៀត នឹង​ត្រូវ​ផ្តល់​ឲ្យ​តាមរយៈ​ការ​ប្រកួត Playoff ក្នុង​យុទ្ធនាការ Nations League។

គ្រូបង្វឹក​នៃ​ក្រុម​អាល្លឺម៉ង់ លោក Joachim Loew ដែល​កំពុងតែ​ស្ថិតក្រោម​សម្ពាធ​ក្នុង​ការ​ស្តារ​មុខ​មាត់​វិញ ក្រោយ​ពី​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូល​នៃ​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី​នោះ បាន​ឲ្យ​ដឹង​ថា៖ «ពូល​នេះ ពិត​ជា​ប្រជុំ​ដោយ​ក្រុម​ខ្លាំង។ ហូឡង់ និង​អាល្លឺម៉ង់ គឺជា​ក្រុម​មាន​ក្តី​សង្ឃឹម​ច្រើន​ជាង​គេ ប៉ុន្តែ ក្រុម​ទាំង ២ គួរ​តែ​អាច​មាន​សមត្ថភាព​ទៅ​វគ្គ​បន្ត»។

ក្រុម​ហូ​ឡង់​ដែល​ប្រជុំ​ដោយ​កីឡាករ​វ័យក្មេង កំពុងតែ​វិល​ទៅរក​ភាពខ្លាំង ក្រោម​ការ​ដឹកនាំ​របស់​លោក Ronald Koeman ក្រោយ​ពី​ខក​ខាន​ក្នុង​ការ​ឈ្នះ​កៅអី​ទាំង​ក្នុង​យុទ្ធនាការ Euro ឆ្នាំ ២០១៦ និង World Cup កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​នេះ។

ស្របពេល Amsterdam ជាទី​ក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ម្ចាស់ផ្ទះ​ទាំង​អស់ លោក Koeman ការ​ឈ្នះ​កៅអី​ទៅ​វគ្គ​បន្ត គឺជា​អាទិភាព​ជាង​ការ​យក​ឈ្នះ​មួយ​ផ្សេង​ទៀត​លើ​អាល្លឺម៉ង់។

លោក Koeman ដែល​បាន​ដឹកនាំ​ឲ្យ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ទៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​នៃ​យុទ្ធនាការ Nations League បាន​ឲ្យ​ដឹង​ថា៖ «ប្រសិន​បើ​អ្នក​សម្លឹង​មើល​ត្រឡប់​ទៅ​កាល​ពី ១ ឆ្នាំ​មុន និង​ការ​គិត​របស់​អ្នក​គាំទ្រ​លើ​ក្រុម​ជម្រើស​ជាតិ​នេះ វា​ពិត​ជា​មាន​ភាព​ខុស​គ្នា​ទាំង​ស្រុង​ក្នុង​ដំណាក់​កាល​នេះ»។

វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ នឹងត្រូវ​រៀបចំឡើង​នៅ​កីឡដ្ឋាន Wembley ដែល​នឹង​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ទទួល​បាន​នូវ​ការ​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​ក្នុង​ការ​ឈ្នះ​ពាន Euro ជា​លើក​ទី ១ ក្រោយ​ពី​ការ​ឈាន​ទៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​ក្នុង World Cup នៅ​ឆ្នាំ​នេះ។

ក្រុម​របស់លោក Gareth Southgate គួរតែមាន​ការបារម្ភ​តិចតួច​ណាស់​ក្នុង​ពូល A ក្រោយ​ពី​ត្រូវ​លេង​ការ​ប្រកួត​បើក​ឆាក​របស់​ខ្លួន​លើ​ទឹកដី​ខ្លួន​ឯង​ជាមួយ​នឹង​សាធា​រណរដ្ឋ​ឆែក នា​ថ្ងៃ​ទី ២២ ខែ​មីនា នោះ​អង់គ្លេស ក៏ត្រូវ​ប៉ះ​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​បេឡារុស ម៉ុងតេណេហ្រ្គោ និង​កូសូវ៉ូ ផង​ដែរ៕