ក្រុងព្យុងឆាង: អត្តពលិកចោលដុំថ្មម្នាក់របស់រុស្ស៊ី ដែលបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង មុននឹងចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុង Pyeongchang នោះ ត្រូវបានរកឃើញថា មានសារធាតុញៀន កាលពីថ្ងៃចន្ទ ដែលនាំឲ្យមានសំណួរជាច្រើនជុំវិញកម្មវិធីនៃការធ្វើតេស្ត និងការសម្រេចចិត្តក្នុងការអនុញ្ញាតឲ្យអត្តពលិករុស្ស៊ីរូបនេះ ចូលរួមប្រកួត បើទោះបីទាក់ទងនឹងករណីប្រើប្រាស់សារធាតុហាមឃាត់។
កីឡាករ Alexander Krush-elnitsky ដែលបានឈ្នះមេដាយសំរឹទ្ធក្នុងវិញ្ញាសាចោលដុំថ្មលើទឹកកកជាគូចម្រុះ ជាមួយនឹងភរិយារបស់គេគឺកីឡាការិនី Anastasia Bryzgalova នោះ បានក្លាយជាប្រធានបទនៃដំណើរនៃការស៊ើបអង្កេតថ្មីមួយនៃអង្គភាពប្រឆាំងសារធាតុហាមឃាត់របស់តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS)។
ករណីនេះ អាចនឹងជះឥទ្ធិពលកាន់តែធំ ខណៈដែលមន្ត្រីអូឡាំពិក នឹងសម្រេចចិត្តនៅសប្តាហ៍នេះ ក្នុងការដាក់ពិន័យព្យួរមួយទៅលើរុស្ស៊ី និងអនុញ្ញាតឲ្យពួកគេដើរជាក្បួនដោយគ្មានទុកជាតិ ក្នុងពេលបិទកម្មវិធីប្រកួតនៅថ្ងៃអាទិត្យ ខាងមុខ។
Krushelnitsky គឺជាអត្តពលិកម្នាក់ក្នុងចំណោមអត្តពលិកចំនួន ១៦៨ នាក់ ដែលត្រូវបានចាត់ទុកថា «ស្អាតស្អំ» និងត្រូវបានអនុញ្ញាតឲ្យប្រកួតក្នុងនាមជាអត្តពលិកមិនតំណាងឲ្យប្រទេសណាទាំងអស់ ក្រោយពីកម្មវិធីធ្វើតេស្តមួយបានចំណាយពេលអស់រយៈពេលជាច្រើនខែ។
ប៉ុន្តែ មានព័ត៌មានផ្ទុះថា កីឡាកររូបនេះ ត្រូវបានពិនិត្យឃើញជាវិជ្ជមានទៅលើគំរូ A និង B របស់គេ ហើយ CAS បច្ចុប្បន្ន នឹងសម្រេចចិត្តថា វានឹងមានការដាក់ទណ្ឌកម្មផ្សេងៗ ឬក៏ការប្រព្រឹត្តល្មើសមួយ ឬយ៉ាងណា។ ប្រភពជិតដិតនឹងបញ្ហានេះ បានបញ្ជាក់ថា ករណីនេះ ទាក់ទងនឹងសារធាតុម្យ៉ាង (Modonium) ដេលជួយបង្កើននូវភាពអំណត់ និងជួយធ្វើឲ្យឆាប់មានកម្លាំង។
កីឡាការិនីវាយកូនបាល់ Maria Sharapova បានជាប់ពិន័យរយៈពេល ១៥ ខែ សម្រាប់ការផ្ទុកសារធាតុដូចគ្នានេះ កាលពីឆ្នាំ ២០១៦៕