ភ្នំពេញៈ អតីតកីឡាករជើងខ្លាំងគ្មានគូប្រៀប អេ ភូថង ដែលបច្ចុប្បន្នជាគ្រូបង្វឹកជម្រើសជាតិកីឡាគុនខ្មែរ បានចូលសម្រាកក្នុងមន្ទីរពេទ្យកាល់ម៉ែតក្នុងសភាពធ្ងន់ធ្ងរ ហើយអ្នកស្រី សាំង សុម៉ាលី ជាភរិយាបានប្រាប់កាលពីព្រឹកថ្ងៃអង្គារថា ស្វាមីរបស់អ្នកស្រី កំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ មិនទាន់ប្រាប់ថា យ៉ាងណានៅឡើយ ដោយឲ្យរង់ចាំលទ្ធផលពិនិត្យសិន ប៉ុន្តែគ្រូពេទ្យម្នាក់បានបង្ហើបប្រាប់ថា អេ ភូថង នឹងបញ្ជូនចេញពីសង្គ្រោះបន្ទាន់ ទៅផ្នែកប្រព័ន្ធប្រសាទ។
យ៉ាងណាក្តីមតិពីមហាជនភាគច្រើនដែលដឹងរឿង អេ ភូថង នាំគ្នាអាណិត និងមានអ្នកខ្លះនិយាយថា ជំងឺរបស់ អេ ភូថង អាចផ្តើមចេញពីការពិបាកចិត្ត និងបាក់ទឹកចិត្ត ក្រោយមានការចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញរឿងបាត់លុយជំនួយសប្បុរសជន ជួយដល់កូនសិស្ស គឺកីឡាករ អេ រដ្ឋា ដែលរងគ្រោះថ្នាក់ចរាចរណ៍កន្លងមក។
អ្នកស្រី សាំង សុម៉ាលី ដែលជានិច្ចកាលនៅជិតលោក អេ ភូថង សឹងតែគ្រប់ពេលវេលាទាំងជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ និងក្នុងសកម្មភាពកីឡានោះ បានបង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ថាប្តីរបស់អ្នកស្រី បានចូលពេទ្យភ្លាមៗផ្នែកសង្គ្រោះបន្ទាន់ តាំងពីថ្ងៃទី ១៩ ខែ សីហា ដោយអាការៈពីដំបូងអស់កម្លាំង ស្ងួតបំពង់ក ទន់ដៃជើង និងបិទភ្នែកដេកតែម្តង។
អ្នកស្រី សុម៉ាលី និយាយបន្ថែមដោយអួលដើមកផងដែរថា៖ «ខាងមន្ទីរពេទ្យមិនយកប្រាក់ថ្លៃព្យាបាលទេ ហើយសភាពជំងឺរបស់ប្តីខ្ញុំ គិតត្រឹមថ្ងៃត្រង់នេះ (ថ្ងៃអង្គារ) មិនទាន់បានធូរស្បើយហើយកំពុងស្ថិតនៅកន្លែងសង្គ្រោះបន្ទាន់នៅឡើយ ដោយរង់ចាំលទ្ធផលពីគ្រូពេទ្យជំនាញ។ ខ្ញុំមិនចង់រំខានដល់បងប្អូនប្រិយមិត្ត ដែលស្រឡាញ់រាប់អានគាត់នោះទេ ព្រោះសព្វថ្ងៃគាត់ឈឺ ខ្ញុំលំបាកចិត្តខ្លាំងណាស់»។
ចំណែក លោក ជឹម ផល្លា គ្រូពេទ្យកីឡាប្រចាំក្រុមកីឡាជម្រើសជាតិ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ថា៖ «ខ្ញុំកំពុងតែតាមដានមើលដែរពីជំងឺរបស់លោក អេ ភូថង។ ការតាមដានជំងឺរបស់គាត់ ពីដំបូងខ្សោយកម្លាំង ឡើងអាស៊ីត លើសខ្លាញ់ និងបេះដូងដើរញាប់ខុសធម្មតា ហើយបញ្ហាសំខាន់របស់ អេ ភូថង គឺមានបញ្ហាគិតច្រើន លំបាកផ្លូវចិត្ត ព្រោះថាជំងឺមួយចំនួន មិនមែនបណ្តាលពីរាងកាយតែមួយផ្នែកនោះទេ ប៉ុន្តែបញ្ហាផ្លូវចិត្ត គឺជាមូលហេតុសំខាន់មួយ ដែលបណ្តាលឲ្យសភាពជំងឺទៅជាធ្ងន់ទៅៗបានផងដែរ»។
គ្រូពេទ្យ នៅមន្ទីរពេទ្យកាល់ម៉ែត បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ដោយសុំមិនបញ្ចេញឈ្មោះ កាលពីថ្ងៃអង្គារថា៖ «ល្ងាចនេះ អេ ភូថង នឹងបញ្ជូនចេញពីសង្គ្រោះបន្ទាន់ ទៅផ្នែកប្រព័ន្ធប្រសាទ ដើម្បីបន្តព្យាបាល ហើយប្រភេទជំងឺរបស់គាត់ គឺទាក់ទងច្រើនទៅលើផ្លូវចិត្ត និងគិតច្រើន ហើយបញ្ហាប៉ះទង្គិចធ្ងន់ធ្ងរ ដែលលោកធ្លាប់នៅជាកីឡាករច្រើនឆ្នាំកន្លងមកក៏ជាមូលហេតុដែលត្រូវតាមដានផងដែរ»។
ចំណែកលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ថ្លែងថា៖ «ខ្ញុំកំពុងយកចិត្តទុកដាក់ឲ្យភាគី អេ ភូថង និងភាគី អេ រដ្ឋា ឈប់ចោទគ្នា និងប្រកែកគ្នា គឺសម្របសម្រួលគ្នាទៅ ហើយបើ អេ ភូថង សប្បាយចិត្តធម្មតាវិញ គឺជំងឺក៏អាចធូរស្បើយបានដែរ»។
គួររំឭកថា អេ ភូថង បានរងការចោទប្រកាន់ពីសិស្សរបស់ខ្លួន គឺ អេ រដ្ឋា លើរឿងបាត់លុយជំនួសរបស់សប្បុរសជន និងលុយសំណងពីម្ចាស់ឡាន ដែលបុកគ្នាក្នុងគ្រោះថ្នាក់ចរាចណ៍ កាលឆ្នាំមុន បណ្តាលឲ្យ អេ រដ្ឋា ធ្លាក់ខ្លួនពិការ ហើយបានទាមទារលុយពី អេ ភូថង និងចោទថា អេ ភូថង បានបន្លំលុយនោះមួយចំនួន។
តាមប្រភពច្បាស់ពីភាគី អេ រដ្ឋា បានទម្លាយពីវិវាទនេះ កាលពីសប្តាហ៍មុនថា មានការសម្របសម្រួលសុំឲ្យបញ្ចប់ជម្លោះ ដោយខាងភាគី អេ ភូថង សុំសងប្រាក់ ៥ ០០០ ដុល្លារ តែភាគីចោទទាមទារប្រាក់ ២០ ០០០ ដុល្លារ។
បន្ទាប់មកបានស្ងាត់ ហើយក្រោយមកទៀត អេ ភូថង បានធ្លាក់ខ្លួនឈឺធ្ងន់តែម្តង ដែលមនុស្សមួយចំនួននាំគ្នាគិតថា ជំងឺផ្លូវចិត្ត និងគិតច្រើនក៏ជាផ្នែកធំបណ្តាលឲ្យ អេ ភូថង ធ្លាក់ខ្លួនឈឺផងដែរ៕