ភ្នំពេញ: កីឡាករ​ប្រដាល់​ចិត្តធំ អេ រដ្ឋា មកពី​ក្លិប​អេភូថង បាន​ឱកាស​ឡើង​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ឈ្នះ​កីឡាករ​ថៃ Meung Phich ដោយ​ប្រើ​ស្នៀត​ទាត់​ជើង​ក្រោម និង​ចេញ​ស្នៀត​កណ្តាប់​ដៃ ដើម្បី​បង្ខំ​ឲ្យ​អាជ្ញា​កណ្តាល​រាប់​ទៅ​លើ​ដៃគូ​ចំនួន ៣ លើក មុន​នឹង​ឈាន​ទៅ​បញ្ឈប់​ត្រឹម​ទឹក​ទី ៣ តែ​ម្តង។

ឯ​កីឡាករ​លាភ រដ្ឋា មកពី​ក្លិប​ដីឡូត៍​មាន​រិ​ទ្ធ​ខេត្ត​បន្ទាយ​មានជ័យ បាន​ចាញ់​ពិន្ទុ​កីឡាករ​ជើង​ខ្លាំង​ថៃ Phat Ngeng Thong ដោយ​ពិន្ទុ​ដាច់ ក្រោយ​ការ​ប្រកួត ៥ ទឹក​ពេញ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍។ តាម​កំណត់​សម្គាល់ កីឡាករ​អេ រដ្ឋា ពី​មុន​ប្រើ​ឈ្មោះ​ម៉ន រដ្ឋា និង​បាន​ឡើង​ប្រកួត​ក្នុង​ទម្ងន់ ៥៤ ទៅ ៥៧ គីឡូក្រាម​នៅ​ក្លិប​ព្រែក​ឯង​កីឡា ប៉ុន្តែ ដោយ​សារ​តែ​មាន​សមត្ថភាព​ខ្ពស់​លំបាក​រក​គូ​ប្រកួត​បាន រូបគេ​បាន​ប្តូរ​ឈ្មោះ​ជា ថៃ រដ្ឋា និង​ផ្លាស់​ទៅ​នៅ​ក្លិប​បន្ទាយ​មានជ័យ​ជាមួយ​លោក​ថៃ អ៊ូ ដើម្បី​ស្វែងរក​ការ​ប្រកួត​ជាមួយ​កីឡាករ​បរទេស។

ក្រោយមក គោលបំណង​នេះ​ត្រូវ​បរាជ័យ​ដោយសារ​ចាប់​គូប្រកួត​មិនបាន រូបគេ​ក៏បាន​ប្តូរ​ទៅ​នៅ​ក្លិប​អេ ភូថង ដោយ​ប្រើ​ឈ្មោះ អេ រដ្ឋា ដើម្បី​ងាយ​ស្វែង​រក​ការ​ប្រកួត​អន្តរជាតិ។

កាលពី​ថ្ងៃអាទិត្យ អេ រដ្ឋា បានបង្ហាញ​នូវ​សមត្ថ​ភាពល្អ​ដោយ​ចំណាយពេល​តែ ៣ ទឹក ដើម្បី​យក​ឈ្នះ​ជើង​ខ្លាំង​ថៃ Meung Phich ដែល​ធ្លាប់​ទប់​ទល់​ជាមួយ ពេជ្រ ម្ទេស​ខ្មាំង របស់​កម្ពុជា​បាន ៤ ទឹក​ដែរ។

លោក​ម៉ាង ម៉ន ដែលជា​គ្រូដើម និង​ជា​ឱ​ពុក​របស់​អេ រដ្ឋា បាន​ទទួលស្គាល់​ថា៖ «កាល​នៅ​ជាមួយ​ខ្ញុំ មិន​ងាយ​ចាប់​គូ​បាន​ប្រកួត​ទេ គឺ​លំបាក តែ​ពេល​នេះ​វា​ទៅ​នៅ​ក្លិប​គេ ស្រួល​បន្តិច​អាច​មាន​ឱកាស​ឡើង​ប្រកួត​ច្រើន»។

ចំណែក​កីឡាករ​លាភ រដ្ឋា មកពី​ក្លិប​ដីឡូត៍​មាន​រិ​ទ្ធ​ខេត្ត​បន្ទាយមានជ័យ ជា​ជើង​ខ្លាំង​ម្នាក់​ដែរ​ក្នុង​ទម្ងន់ ៥៧ គីឡូក្រាម ដោយ​ធ្លាប់​ឈ្នះ​ជើង​ឯក​ពី​សង្វៀន​ប៉ុស្តិ៍​លេខ ៥ ក្នុង​ពាន​ទីហ្វី​កន្លង​មក ប៉ុន្តែ ត្រូវ​បាន​ជើង​ខ្លាំង​របស់​ថៃ Phat Ngeng Thong វាយ​ឡើង​ទ្រោម​ខ្លួន។

តាម​សមត្ថភាព​របស់​កីឡាករ​ថៃ Phat Ngeng Thong មានតែ​ម៉ន សា​មេ​ត,ពេជ្រ ម្ទេស​ខ្លាំង ឬ​សែន រ៉ាឌី ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​ទប់​ទល់ និង​មាន​ចាញ់​មាន​ឈ្នះ​ខ្លះ ប៉ុន្តែ​ក្រៅ​ពី​នេះ​គឺ​មិន​មែន​ដៃគូ​របស់​គេ ដែល​មាន​កម្រិត​ក្បាច់​គុន​ប្រហាក់​ប្រហែល​គ្នា​នោះ​ឡើយ។

ស្ថានភាព​ប្រកួត​ចំនួន ៥ ទឹក លាភ រដ្ឋា បាន​ប្រឹង​អស់ពី​សមត្ថភាព​ដោយ​ចេញ​កណ្តាប់​ដៃ​ច្រើន ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព​ឲ្យ Phat Ngeng Thong ទ្រុឌ​ទ្រោម​កម្លាំង​ឡើយ ពីព្រោះ​ក្បាច់​ជង្គង់​របស់​កីឡាករ​ថៃ រូប​នេះ​ល្អ ដោយ​បាន​បោះ​ចូល គោល​ដៅ​ចំ​ល្អ​ជាង។

ទោះបីជា​យ៉ាងណា សម្រាប់​ការប្រកួត៥ទឹក​ពេញ លាភ រដ្ឋា ត្រូវបាន​អាជ្ញាកណ្តាល​រាប់ ៨ ចំនួន ២ លើក មុន​នឹង​ចាញ់​យ៉ាង​គ្រាំគ្រា​ខ្លួន។

លទ្ធផល​គូ​ជក់ចិត្ត​ទម្ងន់ ៦៩ គីឡូក្រាម ១ គូ​ទៀត កីឡា​ករចៅ ក្របី ដែល​មកពី​ក្លិប​ព្រែក​ឯង​កីឡា ដែល​បាន​បាត់​មុខ​យូរ​ពី​សង្វៀន ត្រូវ​ទទួល​រង​ក្បាច់​ជង្គង់​ពី​កីឡាករ​ជើង​ចាស់​ធី តុង​ហ៊ី មក​ពី​វិបុល​ពោធិ៍​សែន​ជ័យ។ កីឡាករ​ចៅ ក្របី បន្ទាប់​ពី​ទទួល​រង​ក្បាច់​ជង្គង់​ធ្ងន់ៗ​ជាច្រើន ក៏បាន​សុំ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី ៤ ហើយ​ជ័យ​ជម្នះ​បាន​ទៅ​កីឡាករ​ធី តុង​ហ៊ី តែ​ម្តង៕