ភ្នំពេញ៖ អ្នកប្រដាល់ជើងថ្មី អេលីត ភក្តី និង ឡុង បេនលឿន បានឈ្នះដៃគូឡើងទៅកាន់វគ្គ ២ នៃព្រឹត្តិការណ៍ TV5 Boxing Knock Out Serie កាលពីយប់ថ្ងៃសៅរ៍ ចំណែកគូឯកអន្តរជាតិ ឡុង សំណាង និងជើងខ្លាំងរបស់ថៃ Yuk Phith ត្រូវបានដូរចេញដាក់ជំនួសដោយកីឡាករថៃម្នាក់ទៀតគឺ Rong Napha ប៉ុន្តែលទ្ធផលប្រកួតស្វិតស្វាញចំនួន ៥ ទឹកពេញ ឡុង សំណាង ត្រូវបានប្រកាសឲ្យស្មើ ទំនងដូចជាចាញ់ប្រៀបថៃបន្តិចបន្តួចផង។
សិស្សគណក្លិបប៉ែនកាក់គុនខ្មែរ អេលីត ភក្ដី បានយកឈ្នះអ្នកប្រដាល់ ភិន សុចន្ទី មកពីក្លិបនាគរាជចតុមុខដោយពិន្ទុ ខណៈកីឡាកររូបនេះ ឡើងប្រកួតជំនួសកីឡាករ យ៉ុន ដារ័ត្ន ដែលអវត្តមាន។ ទោះជាយ៉ាងណា ភិន សុចន្ទី ជាអ្នកលេងជើងថ្មី ប៉ុន្តែគេទប់ទល់ និងវាយចេញបានល្អ មានកលល្បិចវ៉ៃមិនអន់ឡើយ ធ្វើឲ្យជើងខ្លាំង អេលីត ភក្តី បែបចង់យ៉ាប់ម្តងៗផងដែរ។
ភិន សុចន្ទី ជាកីឡាករចិត្តធំ ហ៊ានប្រកាសមុនឡើងសង្វៀនថា ចង់ប៉ះជាមួយជើងខ្លាំងទើបមានបទបិសោធល្អសម្រាប់ថ្ងៃអនាគត។ ទោះបីជាយ៉ាងណាក្រោយពេលប្រកួត ភិន សុចន្ទី និយាយថា ចាញ់មិនអស់ចិត្តហើយសប្បាយរីករាយ ដែលបានជួបប្រកួតជាមួយអ្នកប្រដាល់ដែលចាប់ផ្តើមមានឈ្មោះល្បីដូច អេលីត ភក្ដី នេះ។
តាមទិដ្ឋភាពប្រកួតជាក់ស្តែង ក្នុងការប្រកួតចំនួន ៣ ទឹកនោះ ភក្ដី ពិតជាធ្វើបានល្អជាងមែន ទោះបីពេលខ្លះគេទទួលរងការគាបសង្កត់ពី ភិន សុចន្ទី ដោយវាយសម្រុកដោយក្បាច់ចម្រុះក៏ដោយ។ អេលីត ភក្ដី ប្រជែងបានកៅអីសម្រាប់វគ្គជម្រុះជុំទី ២ ក្នុងខណៈដែលអ្នកប្រដាល់ ភិន សុចន្ទី ត្រូវខ្ទាតចេញពីការប្រកួតត្រឹមជុំទី ១។
ស្រដៀងគ្នានេះដែរ អ្នកប្រដាល់ ឡុង បេនលឿន ក្លិបសាលវ័ន្ដកីឡាបានឈ្នះ សឿន ឆ្នើម កក់កៅអីសម្រាប់ជុំទី ២ ដែរ។ សឿន ឆ្នើម វ៉ៃបានល្អនៅ ២ ទឹកដំបូង ហើយបន្ទាប់មកដល់ទឹកទី ៣ ទៅ កម្លាំងរបស់គេស្រុតចុះតែម្ដង ជាមូលហេតុនាំឲ្យចាញ់យ៉ាងច្បាស់ ព្រោះ សឿន ឆ្នើម ត្រូវអាជ្ញាកណ្ដាលរាប់ចំនួន ៨ មុននឹងប្រកាសឲ្យចាញ់។
ចំពោះគូមិត្តភាពលក្ខណៈអន្តរជាតិវិញ អ្នកប្រដាល់កម្ពុជា ឡុង សំណាង ក្លិបសាលវ័ន្ដកីឡាបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃ Rong Napha បន្ទាប់ពីប្រកួតគ្នា ៥ ទឹកពេញយ៉ាងស្វិតស្វាញនោះ។ ពីដំបូងការផ្គូផ្គង គឺ ឡុង សំណាង ប៉ះជើងខ្លាំងរបស់ថៃ Yuk Phith ប៉ុន្តែដល់ពេលប្រកួតជាក់ស្តែង ចេញមុខជើងខ្លាំងថៃ Rong Napha នេះតែម្តង។ ទោះយ៉ាងណា គ្មានប្រភព ឬមន្ត្រីណាទម្លាយរឿងការផ្លាស់ប្តូរគូនេះឡើយ ហើយនេះក៏ជាទម្លាប់នឹងអាចក្លាយជាប្រពៃណីទៅហើយ។
ក្នុងជំនួបប្រកួតចំនួន ៥ ទឹក ពួកគេប្រកួតគ្នាដោយគ្មានទុកពេលស្ទាបស្ទង់ពីសមត្ថភាពគ្នាទៅវិញទៅមកនោះឡើយ ខណៈដែល ឡុង សំណាង បោះជង្គង់ចូលចំគោលដៅបានល្អចំណែក Rong Napha បោះជង្គង់ចាក់ចូលភ្លៅ ព្រមទាំងកាច់ផ្តួល ធ្វើឲ្យ ឡុង សំណាង ដួលឥតល្ហែ ក្នុងមួយទឹកៗ។ តាមភ្នែកអ្នកទស្សនាផ្ទាល់ភាគច្រើន គេមើលឃើញពី Rong Napha របស់ថៃមានប្រៀបជាង ប៉ុន្តែក្នុងនាមម្ចាស់ផ្ទះ និងជាគូមិត្តភាពផងនោះ ត្រូវបានកាត់សេចក្តីឲ្យឡុង សំណាង ស្មើ ដោយគ្មានភាគីណាតវ៉ានោះឡើយ។
លោក ចាន់ សុទ្ធ ស្នងការប្រកួតបានប្រាប់ថា៖ «គូនេះឲ្យស្មើសមណាស់ ព្រោះដើមទឹក ឡុង សំណាង មានប្រៀប ប៉ុន្តែនៅចុងទឹកកីឡាករថៃ Rong Napha មានប្រៀបវិញ។ ឡុង សំណាង ខាងកម្ពុជាយើងវ៉ៃបានពិន្ទុល្អជាង គ្រាន់តែគេមានចំណុចខ្សោយ គឺដួលញឹកញាប់ពេកដោយក្បាច់កាច់ផ្តួលរបស់កីឡាករថៃ ហើយជាធម្មតាទេ ម្ចាស់ផ្ទះអាចនឹងមានប្រៀបជាងខ្លះផងដែរ ហេតុនេះការឲ្យស្មើគ្នា គឺជារឿងល្អ»៕