ក្រុងប៉េកាំង៖ ក្រុមជម្រើសជាតិបាល់បោះអេស្ប៉ាញបានទទួលជ័យជម្នះទៅលើក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងលទ្ធផល ៩៥-៧៥ ក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup កាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុងប៉េកាំង ប្រទេស ចិន។
ក្រុមអេស្ប៉ាញមានកីឡាករ Ricky Rubio ដែលលេងនៅក្រុមបាល់បោះ Phoenix Suns នោះគឺជាកីឡាករជើងចាស់មានបទពិសោធច្រើនក្នុងការបង្ហាញខ្លួនអន្តរជាតិ និងក្នុងលីកផងដែរ ហើយកីឡាករនេះបានចាត់ទុកជម្រើសជាតិអេស្ប៉ាញថាជា «គ្រួសារមួយ»។
លោក Sergio Scariolo ជាគ្រូបង្វឹកអេស្ប៉ាញ និងជាជំនួយការរបស់ម្ចាស់ជើងឯកពានរង្វន់សមាគមបាល់បោះជាតិ (NBA) គឺក្រុមបាល់បោះកាណាដា Toronto Raptors នោះបាននិយាយថា៖ «យើងមិនមែនជាក្រុមដែលមានកីឡាករខ្ពស់ និងមានទេពកោសល្យពេកនោះទេ ប៉ុន្តែយើងបានប្រឹងប្រែងហ្វឹកហាត់ខ្លាំងបំផុត»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ពួកគេមិនបានបាត់បង់ជំនឿចិត្តក្នុងខ្លួននោះទេ ដូច្នេះហើយបាល់បោះនេះបានផ្ដល់រង្វាន់ដល់ពួកគេ»។
ទន្ទឹមនេះដែរ ជម្រើសជាតិអាមេរិកមិនអាចបន្តការរក្សាការគ្រងតំណែងជាម្ចាស់ជើងឯកនៃព្រឹត្តិការណ៍នេះទេ ដោយសារពួកគេបានធ្លាក់តាំងពីវគ្គ ៨ ក្រុមចុងក្រោយ ខណៈក្រុមមួយចំនួនរួមទាំងសហរដ្ឋអាមេរិកដែលមិនបានសម្រេចបំណងនៃការទទួលបានពានរង្វាន់ពិភពលោកនេះកំពុងសម្លឹងមើលការប្រកួតអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០។
ម្ចាស់មេដាយសំរឹទ្ធនៃព្រឹត្តិការណ៍ World Cup គឺជម្រើសជាតិបារាំង និងអូស្ត្រាលី ដែលស្ទើរតែមិនបានមេដាយក្នុងការប្រកួតនេះក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នៅប្រទេស ជប៉ុន នេះផងដែរ៕ AFP/SN